ក្រុមហ៊ុន Restar ដែលជាក្រុមហ៊ុនចែកចាយបន្ទះឈីបដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុន គ្រោងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងភស្តុភារកម្មរបស់ក្រុមហ៊ុនតៃវ៉ាន់ WPG Holdings នៅការិយាល័យលក់របស់ខ្លួនក្នុងប្រទេសសិង្ហបុរី នៅដើមឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យខ្លួនអាចតាមដានសមត្ថភាពនៃការផ្គត់ផ្គង់របស់បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបទូទាំងពិភពលោកក្នុងរយៈពេលជាក់ស្តែង។
WPG គឺជាក្រុមហ៊ុនចែកចាយបន្ទះឈីបឈានមុខគេមួយក្នុងពិភពលោក រួមជាមួយក្រុមហ៊ុនអាម៉េរិកចំនួន២ទៀត គឺក្រុមហុន Arrow Electronics និងក្រុមហ៊ុន Avnet ហើយក្រុមហ៊ុន WPG មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយបណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន។
លោក ម៉ាសាហ៊ីរ៉ុ ស៊ីបាតា (Masahiro Shibata) នាយកប្រតិបត្តិក្រុមហ៊ុន Restar បានលើកឡើងថា បន្ទាប់ពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិកជាផ្លូវការនៅខែមករា ដើមឆ្នាំ២០២៥ ខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបនឹងកាន់តែប្រឈមភាពមិនប្រាកដប្រជាខ្លាំងឡើង។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនឹងធ្វើការជាមួយក្រុមហ៊ុនតៃវ៉ាន់ WPG Holdings ដើម្បីពង្រឹងបណ្តាញផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន។
កាលពីអំឡុងឆ្នាំ២០២៣ ក្រុមហ៊ុន Restar បានទិញយកបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនជប៉ុន WPG ដោយដាក់ឈ្មោះថា Restar WPG ។ ក្រុមហ៊ុនទាំងពីរបានកសាងទំនាក់ទំនងល្អជាមួយគ្នា និងកំពុងស្វែងរកកិច្ចសហការក្នុងអាជីវកម្មជាច្រើនទៀត។
ក្រុមហ៊ុនបន្ទះឈីបជប៉ុនមួយទៀតឈ្មោះ Ryosan ក៏មានការបណ្តាក់ទុនរួមគ្នានៅក្រុងឈឹងទូ (Chengdu) ប្រទេសចិនផងដែរ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍រថយន្តអគ្គិសនីរបស់ចិន IAT Automobile Technology។
សរុបមក គឺបណ្ដាក្រុមហ៊ុនចែកចាយបន្ទះឈីបរបស់ជប៉ុន កំពុងត្រៀមលក្ខណៈ ឬប្រុងជើងការរួចជាស្រេចសម្រាប់ការរអាក់រអួលបន្ថែមទៀតដែលអាចកើតមានឡើងនៅពេលខាងមុខនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប៕
ដោយ: តែម សុខុម