ការព្រួយបារម្ភពីខ្សែច្រវាក់ផ្គត់ផ្គង់លោហៈទីតានីញ៉ូមសកលបានកើនឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកញ្ញា បានណែនាំឱ្យមន្ត្រីខ្លួនពិចារណាលើការរឹតបន្តឹងការនាំចេញលោហៈធាតុនេះ ខណៈដែលសហរដ្ឋអាម៉េរិក ក៏បានស្នើឱ្យសមាជិកនៃក្រុមប្រទេស G7 ពិចារណាលើការដាក់ទណ្ឌកម្មលើលោហៈទីតានីញ៉ូមរបស់រុស្ស៊ី និងទំនិញផ្សេងៗទៀត។ ទីតានីញ៉ូម គឺជាលោហៈធាតុដ៏រឹងបំផុតមួយ ដែលមានសារសំខាន់សម្រាប់បម្រើក្នុងឧស្សាហកម្មនានា ដោយរួមទាំងផលិតកម្មយន្តហោះផងដែរ ព្រោះថា លោហៈធាតុនេះមានសភាពរឹង ហើយស្វិតជាងដែកថែម២ដង ហើយទម្ងន់ស្រាលជាងដែកថែមដល់ទៅ៦០%។
ស្របពេលសំណើរបស់សហរដ្ឋអាម៉េរិក នៅមិនទាន់ច្បាស់លាស់ ក្រុមហ៊ុនផលិតកម្មដែលកំពុងប្រើប្រាស់រ៉ែកម្រនេះមានការព្រួយបារម្ភពីវិសាលភាពនៃការផ្គត់ផ្គង់ផលិតផលទីតានីញ៉ូមនេះ ដោយសារពេលនេះ រុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់លោហៈទីតានីញ៉ូមលើសពី១១% នៃតម្រូវការពិភពលោក បានកាត់បន្ថយមកនៅត្រឹម៦% កាលពីឆ្នាំ២០២៣។
នៅក្នុងស្ថានភាពបែបនេះ លោក សាមូអែល វូត ( Samuel Wood ) អ្នកវិភាគនៅក្រុមហ៊ុន Argus Media បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបមួយចំនួននៅតែមានកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់លោហៈទីតានីញ៉ូមរបស់រុស្ស៊ី ហើយសហភាពអឺរ៉ុបទំនងជាមិនដាក់ទណ្ឌកម្មតាមការអំពាវនាវរបស់សហរដ្ឋអាម៉េរិកនោះទេ រហូតដល់កិច្ចសន្យាទាំងនោះផុតកំណត់។
ស្របពេលការផ្គត់ផ្គង់រ៉ែលោហៈធាតុទីតានីញ៉ូម ស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រុមហ៊ុនជប៉ុនចំនួនពីររួមមានក្រុមហ៊ុន Toho Titanium និងក្រុមហ៊ុន Osaka Titanium Technologies បានប្រកាសចេញមុខផ្គត់ផ្គង់លោហៈធាតុដ៏កម្រនេះ។ ក្រុមហ៊ុនទាំងពីរបានបង្កើនផលិតកម្មទីតានីញ៉ូមឡើងដល់២០% ដែលមានសមត្ថភាពផ្គត់ផ្គងដល់ទៅ៦ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យជប៉ុនក្លាយជាប្រទេសផលិតធំទីពីរបន្ទាប់ពីប្រទេសចិន។
ជាមួយគ្នានេះ ក្រុមហ៊ុន Osaka Titanium Technologies ក៏បានប្រកាសបង្កើនទុនដល់ទៅ ២១៨លានដុល្លារបន្ថែម ដើម្បីពង្រីកសមត្ថភាពផលិតលោហៈទីតានីញ៉ូម ដល់៥ម៉ឺនតោន នៅឆ្នាំ២០២៧ ខាងមុខ៕
ដោយៈ សរ សុជាតិ