ជាលទ្ធផលក្រោយធ្លាយដំណឹងគណៈកម្មការអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងទិញលក់នេះ ភាគហ៊ុនរបស់ក្រុមហ៊ុនដែកថែបអាម៉េរិក US Steel ដែលមានវ័យចំណាស់១២២ឆ្នាំ បានហក់ឡើងប្រមាណ២%។ គួររំលឹកថា ការទិញយកក្រុមហ៊ុនដែកថែបអាម៉េរិក US Steel ពីសំណាក់ក្រុមហ៊ុនដែកថែបជប៉ុន Nippon Steel ត្រូវបានជំទាស់ដោយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ដែលចង់ឱ្យក្រុមហ៊ុន US Steel នៅតែជាកម្មសិទ្ធិក្នុងស្រុក។
សមាជិកសភាអាម៉េរិកមួយចំនួន ក៏បានចេញមុខប្រឆាំងនឹងកិច្ចព្រមព្រៀងនេះដែរ ដោយពួកគេបានលើកឡើងពីកង្វល់ផ្នែកសន្តិសុខជាតិ។ ប៉ុន្តែភាគច្រើនលើសលប់នៃភាគទុនិករបស់ក្រុមហ៊ុន US Steel បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងទិញលក់នេះ កាលពីខែមេសា កន្លងទៅថ្មីៗនេះ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន US Steel បាននិយាយថា ក្រសួងយុត្តិធម៌អាម៉េរិក បានស្វែងរកព័ត៌មានលម្អិតបន្ថែមទាក់ទិននឹងការទិញយក និងគម្រោងប្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន US Steel និងក្រុមហ៊ុន Nippon Steel នេះជាផ្នែកមួយនៃវិធានការទប់ស្កាត់សិទ្ធិផ្ដាច់មុខ។ ការទិញយកក្រុមហ៊ុនដែកថែបអាម៉េរិក US Steel នឹងជួយឱ្យក្រុមហ៊ុនជប៉ុន Nippon Steel ដែលបច្ចុប្បន្នជាក្រុមហ៊ុនផលិតដែកថែបធំបំផុតទី៤ របស់ពិភពលោកមានសមត្ថភាពផលិតដែកថែបបានរហូតដល់ទៅ១០០លានតោនក្នុងមួយឆ្នាំនៅទូទាំងពិភពលោក៕
ដោយ: តែម សុខុម