ក្រោយពីសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ទាក់ទងនឹងអ្វីដែល JETRO កំពុងតែអនុវត្ត ជាពិសេសការសម្របសម្រួល និងជំរុញការវិនិយោគ ដោយក្រុមហ៊ុនជប៉ុននៅកម្ពុជា លោក Kono បានឲ្យដឹងថា នៅសប្ដាហ៍ក្រោយអង្គការ JETRO នឹងដឹកនាំក្រុមហ៊ុនជប៉ុនមួយក្រុម មកទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីវិស័យសេវាកម្មនៅកម្ពុជា រួមមាន ភោជនីយដ្ឋាន បដិសណ្ឋារកិច្ច និងទេសចរណ៍ជាដើម។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ បានលើកឡើងដែរថា កម្ពុជាស្វាគមន៍ជានិច្ចដល់ក្រុមហ៊ុនជប៉ុន ដែលតែងតែនាំមកនូវស្ដង់ដារល្អៗមកកម្ពុជា ហើយឯកឧត្តមបានកត់សម្គាល់ឃើញថា ការរីកដុះដាលរបស់ភោជនីយដ្ឋានជប៉ុននៅកម្ពុជា ក៏ជាចូលរួមចំណែកក្នុងការលើកកំពស់សុវត្ថិភាពចំណីអាហារនៅកម្ពុជាផងដែរ។
ក្រៅពីវិស័យភោជនីយដ្ឋាន ជប៉ុនក៏មានវិនិយោគក្នុងវិស័យជាច្រើនផ្សេងទៀតផងដែរ ដូចជា វិស័យសុខាភិបាល អប់រំ និងផ្សារទំនើប និងសណ្ឋាគារជាដើម។ លើសពីនេះ ជប៉ុន ក៏ជាប្រទេសម្ចាស់ជំនួយធំមួយរបស់កម្ពុជាផងដែរ តួយ៉ាង ការសាងសង់សាលារៀន ស្ពាន ផ្លូវ និងមន្ទីរពេទ្យជាដើម។ល។
តាមទិន្នន័យពាណិជ្ជកម្មពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុននៅឆ្នាំ២០១៧ សម្រេចបានជាង ១,៦ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០១៦ សម្រេចបានជាង ១,៥ ពាន់លានដុល្លារ៕ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅជប៉ុន មានតម្លៃជាទឹកប្រាក់ជាង ១,២ ពាន់លានដុល្លារ កើនឡើងជាង ៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលសំខាន់ៗ ដែលកម្ពុជាបាននំាចេញទៅជប៉ុនមានដូចជា ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គុំម៉ាស៊ីន និងអគ្គិសនី ហើយកម្ពុជាក៏បាននាំចូលពីជប៉ុនមកវិញមានដូចជា គ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្រ រថយន្ត កប៉ាល់ និងទូកជាដើម។
ទំហំទឹកប្រាក់សរុបនៃការនាំចេញរបស់កម្ពុជានៅ ឆ្នាំ២០១៧ ជាអត្រាមួយទាបស្ថិតនៅលេខរៀងទី៨ បើប្រៀបធៀបនឹងទំហំទឹកប្រាក់នៃការនាំចេញរបស់ប្រទេសសមាជិកក្នុងតំបន់អាស៊ាន ដែលបាននាំចេញទៅទីផ្សារប្រទេសជប៉ុន។ តួយ៉ាងនៅ ២០១៧ ប្រទេសថៃ ត្រូវបានកត់សម្គាល់ឃើញថា ជាប្រទេសមួយបាននាំចេញទៅជប៉ុនច្រើនជាងគេ ពោលគឺមានជាទឹកប្រាក់សរុបជាង ២២ពាន់លានដុល្លារ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី មានទឹកប្រាក់សរុបជិតប្រហាក់ប្រហែលគ្នា ជាង ១៩ ពាន់លានដុល្លារ វៀតណាមមានជាង ១៨ ពាន់លានដុល្លារ ហ្វីលីពីនមាន ៩ ពាន់លានដុល្លារ និងសិង្ហបុរី មានជាង ៨ ពាន់លានដុល្លារ៕