លោក Honda បានប្រាប់កាសែត Nikkei Asia ក្នុងកំឡុងពេលទៅលេងរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូនេស៊ីថ្មីៗនេះថា លោកគិតថាតំបន់អាស៊ីអាគ្នេយ៍ គឺជាកន្លែងបណ្ដុះគ្រាប់ពូជពាក់ព័ន្ធនឹងការចាប់ផ្តើមអាជីវកម្ម។ គំនិតរបស់លោក ហុងដា នេះគឺចង់សំដៅលើដំណើរការហិរញ្ញប្បទាន ដែលបង្កើនដើមទុនដំបូង ដើម្បីចាប់ផ្តើមអាជីវកម្ម ហើយលោកបាននិយាយទៀតថា ចំនួនប្រជាជន និងយុវជនដ៏ច្រើននៅក្នុងតំបន់នេះ គឺគ្រប់គ្រាន់ដែលអាចធ្វើឱ្យការវិនិយោគសម្រេចបានជោគជ័យ។
លោក ហុងដា គឺជាតារាបាល់ទាត់ដែលធ្លាប់លេងជាខ្សែបម្រើនៅក្លឹបបាល់ទាត់អ៊ីតាលី AC Milan និងធ្លាប់លេងនៅក្លឹប CSKA Moscow ទៅក្រុងម៉ូស្គូ និងនៅក្លឹប Melbourne Victory របស់អូស្ត្រាលី។ លោក ហុងដា ក៏ធ្លាប់លេងជាក្រុមជម្រើសជាតិជប៉ុនក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួន ៣ លើក និងបានធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាផងដែរ។
លោក ហុងដា បានបង្កើតមូលនិធិ KSK Angel នៅក្នុងឆ្នាំ២០១៦ដោយបណ្តាក់ទុនទៅលើការចាប់ផ្តើមអាជីវកម្មដែលភាគច្រើននៅសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។ ភាគហ៊ុនរបស់មូលនិធិនេះរួមមានក្រុមហ៊ុនអភិវឌ្ឍន៍រ៉ុក្កែតជប៉ុន Interstellar និងក្រុមហ៊ុន Terra Motors ដែលជាក្រុមហ៊ុនផលិត និងលក់រថយន្តអគ្គិសនីរបស់ជប៉ុនផ្តោតលើទីផ្សារប្រទេសឥណ្ឌា។
ទំហំនៃមូលនិធិនេះមិនត្រូវបានបង្ហាញទេ ប៉ុន្តែមូលនិធិនេះបានធ្វើការបណ្តាក់ទុនលើការចាប់ផ្តើមអាជីវកម្មប្រហែល ១៨០ កន្លែង ហើយតម្លៃនៃការវិនិយោគនីមួយៗអាចមានជាអប្បបរមា ១៨ ០០០ ដុល្លារ ដូច្នេះហើយគេជឿថា មូលនិធិនេះបានបណ្ដាក់ទុនសរុបប្រហែលជារាប់លានដុល្លារ។
លោក ហុងដា សង្ឃឹមថា នឹងធ្វើការវិនិយោគលើអាជីវកម្មបង្កើតថ្មីប្រហែល ១០ អាជីវកម្ម ក្នុងមួយឆ្នាំនៅប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលលោកបានចាត់ទុកថា សម្បូរអ្នកមានគំនិតរកស៊ីច្រើន។ ហើយលោករំពឹងថា ការវិនិយោគដំបូងរបស់លោកនៅប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍នេះ គឺនៅអាជីវកម្មទាក់ទងនឹងខ្សែចង្វាក់ផ្គង់ផ្គង់ត្រីក្លាសេទោះបីជាលោកមិនបាននិយាយចំឈ្មោះក្រុមហ៊ុន ឬទំហំនៃការវិនិយោគក៏ដោយ។
ទន្ទឹមនេះដែរលោក ហុងដា ក៏កំពុងសម្លឹងឃើញការចាប់ផ្ដើមអាជីវកម្មនៅប្រទេសវៀតណាមផងដែរ ដោយលោកបានចាត់ទុកប្រជាពលរដ្ឋនៅវៀតណាមថា ជា«មនុស្សព្យាយាម» ហើយថែមទាំងបានចាត់ទុកពលរដ្ឋវៀតណាមថាជា«មនុស្សខំធ្វើការ និងដូចជាពលរដ្ឋជប៉ុន»។
លោក ហុងដា បានបញ្ជាក់ថា លោកបានចាប់អារម្មណ៍ចំពោះការវិនិយោគទៅលើអាជីវកម្មទំនិញប្រើប្រាស់ និងផ្នែកកម្សាន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយផ្នែកបច្ចេកវិទ្យាធនធានមនុស្សនៅក្នុងប្រទេសវៀតណាម៕
អត្ថបទ ៖ សុខ ជា