ដំណើរការដេញថ្លៃនៃការទិញលក់អគារសណ្ឋាគារផ្កាយ៥ Hyatt Regency Tokyo ត្រូវបានគេរំពឹងថានឹងចំណាយពេលរាប់ខែ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមូលនិធិវិនិយោគជាច្រើន។ ក្រុមហ៊ុនយក្ស Odakyu ក៏ត្រូវបានគេរំពឹងថា នឹងលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងអគារការិយាល័យដែលនៅជាប់គ្នានឹងអគារសណ្ឋាគារ Hyatt Recency Tokyoផងដែរ។ ប្រតិបត្តិការលក់នេះ សរុបមានតម្លៃប្រមាណ ៨៦៧ លានដុល្លារ។
អគារសណ្ឋាគារ និងការិយាល័យដែលក្រុមហ៊ុន Odakyu ដាក់លក់នេះ ជាកម្មសិទ្ធិរួមគ្នាជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life ហើយក្នុងនោះ អគារសណ្ឋាគារ Hyatt មានកម្ពស់ ១១៧ម៉ែត្រ ត្រូវបានសាងសង់បញ្ចប់កាលពីឆ្នាំ១៩៨០។
បន្ទាប់ពីលក់ អគារសណ្ឋាគារលំដាប់ផ្កាយ៥នេះ ក្រុមហ៊ុន Odakyu នឹងអភិវឌ្ឍឡើងវិញនូវគម្រោង នៅភាគខាងលិច នៃស្ថានីយ៍រថភ្លើង Shinjuku ដែលក្រុមហ៊ុននេះ ក៏មានសាងសង់នូវហាងលក់រាយនៅទីនោះដែរ។ ក្រុមហ៊ុននេះ គ្រោងបើកការសាងសង់អគារពាណិជ្ជកម្មបន្ថែមកម្ពស់ ៤៨ ជាន់នៅទីនោះ ចាប់ផ្តើមនៅក្នុងខែតុលាខាងមុខនេះ ជាមួយនឹងដើមទុនរាប់រយលានដុល្លារអាមេរិកផងដែរ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន