គម្រោងបង្កើតរោងចក្រទី២ របស់ក្រុមមីនីបៀ មានទំហំវិនិយោគសរុបជាង ៦៥០លានដុល្លារ ដែលស្ថិតនៅខេត្តពោធិ៍សាត់ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋជាង ៨ពាន់កន្លែង។ នេះបើតាមការអះអាងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន អំឡុងពេល ចុះត្រួតពិនិត្យអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូបញ្ជាក់ថា ក្រុមហ៊ុន មីនីបៀ ដែលកំពុងមានការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ បានសម្រេចចិត្តបង្កើតរោងចក្រទី២ របស់ខ្លួនក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ថែមមួយកម្រិតទៀត។
គម្រោងនេះ មានទំហំទុនវិនិយោគប្រមាណ ៦៥០លានដុល្លារ គ្របបណ្ដប់លើផ្ទៃដីប្រមាណ ៥០ហិកតា ស្ថិតក្នុងខេត្តពោធិ៍សាត់ និងអាចបង្កើតការងារជូនពលរដ្ឋជាង ៨ពាន់កន្លែង។ បើតាមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល កត្តាដែលធ្វើឲ្យក្រុមហ៊ុនមីនីបៀ សម្រេចបង្កើតរោងចក្រទី២ របស់ខ្លួននៅក្នុងខេត្តពោធិ៍សាត់ ព្រោះតែបច្ចុប្បន្ន ខេត្តពោធិ៍សាត់ មានហេដ្ឋារចនាសម្ព័ន្ធ និងប្រភពថាមពលគ្រប់គ្រាន់ ដែលអាចបង្កភាពងាយស្រួលក្នុងការដំណើរការខ្សែច្រវាក់ផលិតកម្ម។
បើតាមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដ្បិតថា បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបជាង៤០កន្លែង ខណៈតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦កន្លែង ក៏ប៉ុន្តែ ជាគំនិតផ្តួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ភាគីជប៉ុន ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចកម្ពុជា-ជប៉ុនបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អះអាងថា គោលបំណងដែលកម្ពុជាជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចជាមួយប្រទេសដទៃបន្តបន្ទាប់ គឺដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគិន បង្កើនទំនាក់ទំនងទ្វេភាគី និងបង្កើតបណ្ដុំអាជីវកម្មទៅតាមវិស័យ ជាដើម។ បន្ថែមលើនេះ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់បណ្ដាក្រុមហ៊ុនវិនិយោគបរទេស ដែលកំពុងមានប្រតិបត្តិការវិនិយោគក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជាកាន់តែច្រើន ជាពិសេសជួយកាត់បន្ថយការធ្វើចំណាកស្រុក តែម្ដង។
សូមបញ្ជាក់ថា ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មដ៏ធំលំដាប់ទី៥ របស់កម្ពុជា នៅក្នុងឆ្នាំ២០២៣ កន្លងមក បន្ទាប់ពីចិន អាម៉េរិក វៀតណាម និងថៃ។ ជាក់ស្ដែង នៅរយៈពេលពេញមួយឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានក្នុងទំហំទឹកប្រាក់ជិត ១ពាន់៨រយលានដុល្លារអាម៉េរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន សម្រេចបានទំហំទឹកប្រាក់ជាង ១ពាន់១រយលានដុល្លារ និងការនាំចូលទំនិញពីជប៉ុនមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ៦០០លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕