![អ្នកជំនាញធនាគារនិង ហិរញ្ញវត្ថុព្រួយបារម្ភចំពោះសុខភាពវិស័យធនាគារនិងហិរញ្ញវត្ថុក្រោយផ្ទុះការរាលដាលឆ្លងខ្លាំងក្នុងសហគមន៍](https://cdn.cambonomist.com/media/images/1_Hgy9kDY.2e16d0ba.fill-960x540.jpg)
ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថា «សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំគាំទ្រពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងផ្សេងៗរបស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការលើកទឹកចិត្តឲ្យមានការប្រើប្រាស់លុយរៀលឲ្យបានកាន់តែច្រើនជាងមុន»។
ឯកឧត្តមបានបន្តថា «ខ្ញុំមើលទៅឃើញថា យើងបាត់បង់ឱកាសច្រើនណាស់ យើងបាត់បង់ប្រយោជន៍ច្រើនណាស់ដោយសារតែយើងប្រើប្រាស់លុយដុល្លារច្រើនពេក បាត់បង់ប្រយោជន៍ច្រើនមែនទែនតែម្តង សម្រាប់សេដ្ឋកិច្ច សម្រាប់ប្រទេសជាតិ សម្រាប់រដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច ដោយសារតែយើងប្រើប្រាស់ដុល្លារច្រើនពេក»។
បើតាមឯកឧត្តម ហុង សុហួរ បញ្ជាក់ថា ការប្រើប្រាក់រៀលជំនួសប្រាក់ដុល្លារ ធ្វើឱ្យកម្ពុជាចំណេញច្រើនណាស់។
ទី១ យើងយក មាស ឬក៏ទំនិញ ឬក៏សេវានានា ទៅលក់នៅបរទេស ដើម្បីទទួលបានក្រដាសប្រាក់ដុល្លារ ដែលមានតម្លៃផលិតត្រឹមតែប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយសន្លឹក។ ដូច្នេះ បើយើងប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារកាន់តែតិច គឺកម្ពុជាខាតកាន់តែតិច។
ទី២នៅកម្ពុជា មានសាច់ប្រាក់ដុល្លារ ចរាចរច្រើនលើសលប់ ដែលសាច់ប្រាក់នេះ អត់បានផ្ដល់ជាការប្រាក់ ឬប្រាក់ចំណេញ ដល់កម្ពុជាទេ។
ឯកឧត្តម បញ្ជាក់ថា បើយើងប្រើប្រាស់ប្រាក់រៀលទាំងស្រុងវិញនោះ យើងនឹងនៅសល់ប្រាក់ដុល្លាររាប់ពាន់លានដុល្លារអាមេរិក សម្រាប់សន្សំយកការប្រាក់ ឬវិនិយោគ ឬប្រើប្រាស់ឲ្យមានប្រយោជន៍ជាងប្រើជាមធ្យោបាយទូទាត់។
ទី៣ ការប្រើប្រាក់រៀលជាទូទៅ អនុញ្ញាតឲ្យធនាគារកណ្ដាល (ធនាគារជាតិនៃកម្ពុជា) អាចប្រើប្រាស់ នយោបាយរូបិយវត្ថុ ដើម្បីជះឥទ្ធិពលលើអត្រាការប្រាក់នៅលើទីផ្សារ និងជំរុញ ឬគ្រប់គ្រងសេដ្ឋកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម ហុង ហួរ បានលើកជាឧទាហរណ៍ថា បើរដ្ឋាភិបាលតែចង់បន្ទាបអត្រាការប្រាក់ទីផ្សារ ឬបង្កើនបរិមាណសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច នៅពេលចង់ជំរុញសេដ្ឋកិច្ច។
ទី៤ ប្រាក់រៀល មានស្ថិរភាពជាង រូបិយប័ណ្ណភាគច្រើន នៅលើពិភពលោក ពីព្រោះ អត្រាប្ដូរប្រាក់ជាមធ្យម គឺ ៤០៥០៛ ក្នុង១ដុល្លារ ហើយប្រែប្រួលមិនដល់ ២% ផង រៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយ។ ដូច្នេះ ប្រាក់រៀល អាចធានាបាននូវអំណាចទិញ និងមិនបង្កនូវចំណាយប្ដូរប្រាក់ បើយើងប្រើប្រាស់ប្រាក់រៀលជាទូទៅនោះ។
និង ទី៥ ការដែលមានរូបិយប័ណ្ណជាតិ ដែលត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ គឺជាមោទកភាពជាតិមួយ សម្រាប់រដ្ឋាភិបាល និង ប្រជាពលរដ្ឋកម្ពុជា។
ចំពោះទីផ្សារមូលបត្រកម្ពុជាវិញ ឯកឧត្តម ហុង សុហួរ គូសបញ្ជាក់ថា បានយកប្រាក់រៀលធ្វើជាគោលហើយ បើទោះបីជាមានភាគីឯកជនខ្លះ មានការព្រមព្រៀងឯកភាពគ្នាលើការទូទាត់ជាដុល្លារក៏ពិតមែន ប៉ុន្តែមានតិចតួចស្តួចស្តែងបំផុត៕