រូបិយប័ណ្ណយ៉េនរបស់ជប៉ុន បានកើនឡើងជិត១% គឺឡើងដល់កម្រិតខ្ពស់រហូតដល់ជាង១៤៨យ៉េន ក្នុងមួយដុល្លារ ហើយបើធៀបនឹងប្រាក់អឺរ៉ូ ក៏មានការកើនឡើងផងដែរ ដោយក្នុងមួយអឺរ៉ូប្ដូរបានជិត១៦២យ៉េន។ សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារកណ្ដាលជប៉ុន លោក ជុនកូ ណាកាហ្កាវ៉ា (Junko Nakagawa) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ជប៉ុនកំពុងផ្លាស់ប្តូរជាលំដាប់ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអតិផរណា២% តាមការកំណត់របស់ធនាគារកណ្តាលនេះ ខណៈដែលសមាជិកក្រុមប្រឹក្សាយ៉ាងតិចមួយក្នុងចំណោមប្រាំបួនរបស់ធនាគារកណ្តាលនេះទំនងជានិយាយថា ការដកចេញអត្រាការប្រាក់អវិជ្ជមាននឹងសមហេតុផលនៅក្នុងកិច្ចប្រជុំគោលនយោបាយនៅក្នុងខែនេះ។
ផ្ទុយទៅវិញតម្លៃប្រាក់ដុល្លារអាម៉េរិក កំពុងតែធ្លាក់ចុះនៅក្នុងទីផ្សារកាន់តែទូលំទូលាយ ខណៈដែលក្រុមពាណិជ្ជករបាត់បង់ក្ដីរំពឹងទុកថា អត្រាការប្រាក់របស់សហរដ្ឋអាម៉េរិកទំនងជានឹងធ្លាក់ចុះនៅឆ្នាំនេះ បើទោះជាមានការភ្ញាក់ផ្អើលខ្លះៗចំពោះអតិផរណាធ្លាក់ចុះក៏ដោយ។
ប្រធានធនាគារកណ្ដាលអាម៉េរិក (Fed) លោក ជេរ៉ូម ផៅវែល (Jerome Powell) បាននិយាយកាលពីថ្ងៃពុធថា ការកាត់បន្ថយអត្រាការប្រាក់នឹង«ទំនងជាសមរម្យ»នៅចុងឆ្នាំនេះ ប្រសិនបើសេដ្ឋកិច្ចមានការវិវឌ្ឍយ៉ាងទូលំទូលាយដូចការរំពឹងទុក និងនៅពេលដែលមន្រ្តីទទួលបានទំនុកចិត្តបន្ថែមទៀតចំពោះការធ្លាក់ចុះថេរនៃកម្រិតអតិផរណា៕
អត្ថបទ៖ សុខ ជា