ជាក់ស្តែងនៅក្នុងឆ្នាំ២០២០ GDP សរុបរបស់ជប៉ុនគិតជាទឹកប្រាក់មានប្រមាណជាង ៥៣០ ទ្រីលានយេន ឬស្មើនឹង ៥ទ្រីលានដុល្លារអាមេរិក ធ្លាក់ចុះ ៤,៨% បើធៀបនឹងឆ្នាំ២០១៩ ធ្លាប់មានទឹកប្រាក់ប្រមាណ ៥៥០ទ្រីលានយេន ឬស្មើនឹង៥,២ ទ្រីលានដុល្លារអាមេរិក។ ជប៉ុនបានស្គាល់នូវអស្ថិរភាពសេដ្ឋកិច្ចនៅពេញមួយឆ្នាំ២០២០ ពោលគឺម្តងឡើងម្តងចុះ ម្តងល្អម្តងអាក្រក់ ក៏ដោយសារតែរលកបោកបក់នៃកូវីដ១៩នៅក្នុងប្រទេស។ ជាក់ស្តែងនៅដើមឆ្នាំ២០២០ ជាពិសេសអំឡុងខែមេសា ដល់មិថុនា សេដ្ឋកិច្ចជប៉ុនបានដាំក្បាលចុះរហូតដល់ទៅ ៨,៣%ឯណោះ។
យ៉ាងណាមិញ ចាប់ពីចុងខែមិថុនាមក ជប៉ុនអាចទទួលបានកំណើនខ្លះៗមកវិញ ដោយសារភាពធូរស្រាលនៃជំងឺកូវីដ-១៩ក្នុងផ្ទៃប្រទេស និងដោយសារតែការនាំចេញរបស់ជប៉ុនមានការកើនឡើង ហើយចំណាយរបស់ពលរដ្ឋក៏មានសន្ទុះគួរឲ្យកត់សម្គាល់ផងដែរ។
សូមបញ្ជាក់ដែរថា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ សេដ្ឋកិច្ចក្នុងឆ្នាំ២០២១ របស់ប្រទេសយក្សសេដ្ឋកិច្ចលំដាប់ទី៣ក្នុងលោកមួយនេះ ថានឹងមានកំណើនវិជ្ជមានឡើងវិញក្នុងរង្វង់៣,១%។ ប៉ុន្តែការរំពឹងទុកនេះ គឺអាស្រ័យលើស្ថានភាពវិវត្តនៃជំងឺកូវីដ-១៩នៅក្នុងប្រទេស ដោយសារតែផលប៉ះពាល់កន្លងមកនេះ កើតឡើងដោយសារតែ វិធានការបិទខ្ទប់ប្រទេសរបស់រដ្ឋាភិបាលជប៉ុន ក្នុងការទប់ស្កាត់កូវីដ១៩៕