ក្រុមហ៊ុនធំៗរបស់ជប៉ុនរួមមាន Sony, Toyota, NTT, NEC និង SoftBank ជាដើម គឺស្ថិតក្នុងចំណោម៨ក្រុមហ៊ុន ដែលបានវិនិយោគរួមគ្នាលើគម្រោងអភិវឌ្ឍន៍ឈីបឈានមុខ ក្រោមឈ្មោះក្រុមហ៊ុនថ្មី Rapidus ក្នុងក្តីសង្ឃឹមថា នឹងទទួលបានជោគជ័យ ក្រោយគម្រោងដែលធ្វើឡើងទាំងប៉ុន្មានកាលពីប៉ុន្មានឆ្នាំមុនសុទ្ធតែបានបរាជ័យ។
ជប៉ុន បានមើលឃើញថាការផលិតបន្ទះឈីបក្នុងស្រុក គឺមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសដោយសារតែការពឹងផ្អែកលើការផ្គត់ផ្គង់ឈីបរបស់តៃវ៉ាន់បច្ចុប្បន្ន កំពុងប្រឈមមុខនឹងហានិភ័យភូមិសាស្រ្តនយោបាយ។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយស្តារមុខមាត់ឡើងវិញ បន្ទាប់ពីជប៉ុនបានខកខានផ្តោតការវិនិយោគលើវិស័យនេះជាង ១០ឆ្នាំមកហើយ។
លោក Atsuyoshi Koike ប្រធានក្រុមហ៊ុន Rapidus បាននិយាយថា នេះគឺជាឱកាសចុងក្រោយហើយ ក្នុងការធ្វើឱ្យឧស្សាហកម្មផលិតឈីបរបស់ជប៉ុនត្រឡប់មកវិញ។
ក្រុមហ៊ុន Rapidus គ្រោងដើមទុនជាទឹកប្រាក់ប្រមាណ ៣៦ពាន់លានដុល្លារ និងការវិនិយោគផ្សេងៗទៀតក្នុងរយៈពេលជាង ១ទសវត្សរ៍។ ក្នុងនោះ ក្រុមហ៊ុននេះ នឹងវិនិយោគទឹកប្រាក់សរុបជាង ៥២លានដុល្លារ ជាមួយនឹងការឧបត្ថម្ភធនពីរដ្ឋាភិបាលជាង ៥០០លានដុល្លារ។
ក្រុមហ៊ុននេះ នឹងផ្តោតទៅលើការផលិតបន្ទះឈីប សម្រាប់រថយន្តបើកបរស្វ័យប្រវត្តិ និងសម្រាប់បច្ចេកវិទ្យា AI។
Rapidus មានគោលដៅផលិតឈីបទំហំ ២ណាណូម៉ែត្រ ក្នុងប្រទេសជប៉ុន នាឆ្នាំ២០២៧ ខណៈក្រុមហ៊ុនបន្ទះសៀគ្វីតៃវ៉ាន់ និងក្រុមហ៊ុនSamsung របស់កូរ៉េខាងត្បូង គ្រោងផលិតឈីបទំហំគ្នានេះដែរនៅឆ្នាំ២០២៥។
មែនទែនទៅ ឧស្សាហកម្មឈីបជប៉ុនបានរះត្រដែតឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក ហើយរហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមហ៊ុនជប៉ុនបានគ្របដណ្តប់ទីផ្សារសាកលបានពាក់កណ្តាល។ ប៉ុន្តែក្រោយមក ក្រុមហ៊ុនជប៉ុនបានទទួលរងគ្រោះ ក្រោមការដាក់កំហិតការនាំចេញ និងបានកាត់បន្ថយសមត្ថភាពផលិត។ ក្នុងពេលនោះ ក្រុមហ៊ុនកូរ៉េខាងត្បូង និងតៃវ៉ាន់ មានសន្ទុះផលិតឈីបយ៉ាងលឿន វ៉ាដាច់ជប៉ុនមកទល់នឹងពេលនេះ។
ចូលមកដល់ទសវត្សរ៍ឆ្នាំ២០០០ និង ២០១០ ក្រុមហ៊ុនធំៗជប៉ុនមានគម្រោងអភិវឌ្ឍផលិតបន្ទះឈីបជាបន្តបន្ទាប់ដែរ ប៉ុន្តែសុទ្ធតែបញ្ចប់ទៅវិញដោយគ្មានផ្លែផ្កា បើទោះបីជាមានការគាំទ្រពីរដ្ឋយ៉ាងណាក៏ដោយ។
ការងើបឈរវាយដណ្តើមយកទីផ្សារឈីបឡើងវិញរបស់ជប៉ុននេះ គឺធ្វើឡើងចំពេលមានភាពតានតឹងរវាងអាមេរិក និងចិន លើការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីប និងការគំរាមកំហែងរបស់ចិនមកលើកោះតៃវ៉ាន់ជាដើម។
កាលពីខែឧសភា ឆ្នាំ២០២១ គណបក្សកាន់អំណាចជប៉ុន បានបង្កើតក្រុមមួយនៅសភា ដើម្បីសិក្សាពីយុទ្ធសាស្រ្តបន្ទះសៀគ្វី ដែលមានការចូលរួមពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម។ សមិទ្ធផលដែលសម្រេចបាននាពេលនោះ គឺបានទាក់ទាញក្រុមហ៊ុនឈីបយក្សរបស់តៃវ៉ាន់ TSMC មកសង់រោងចក្រក្នុងប្រទេសជប៉ុន៕
អត្ថបទ៖ នៅ សំភី