
ក្រោយទទួលសារតាំងជាផ្លូវការពីព្រះចៅអធិរាជជប៉ុន ណារូហ៊ីតូ (Naruhito) ដើម្បីធ្វើជានាយករដ្ឋមន្ត្រីស្រ្តីដំបូងគេរបស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ លោកស្រី សាណាអេ តាកៃឈិ (Sanae Takaichi) មិនអង្អង់យូរឡើយដោយបានចាប់ផ្ដើមបង្កើតគណៈរដ្ឋមន្ត្រីរបស់លោកស្រីភ្លាមៗនៅក្នុងថ្ងៃដដែលនោះ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងការទូត ដែលជប៉ុន កំពុងពើបប្រទះ។
នាយករដ្ឋមន្ត្រីវ័យ៦៤ឆ្នាំរូបនេះ បានតែងតាំងបេក្ខជន៣នាក់ ក្នុងចំណោមបួននាក់ ដែលបានប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី ឱ្យចូលក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី។ បេក្ខជនទាំង៣រូបនោះ រួមមាន លោក ស៊ីនជីរ៉ូ ខយស៊ូមិ (Shinjiro Koizumi) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ រីឯលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង និងលោក តូស៊ីមិស៊ុ ម៉ូតេហ្គិ (Toshimitsu Motegi) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។
ក្រៅពីនេះលោកស្រី តាកៃឈិ បានជ្រើសរើសលោក រីយ៉ូសេ អាកាសាវ៉ា (Ryosei Akazawa) ជារដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ហើយអ្វីគួរឱ្យកត់សម្គាល់ទៀតនោះគឺលោកស្រី បានជ្រើសរើសលោកស្រី សាតសូគិ កាតាយ៉ាម៉ា (Satsuki Katayama) ឱ្យកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងលោកស្រី ឃីមី អូណូដា (Kimi Onoda) ឱ្យកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច។
គណៈរដ្ឋមន្ត្រីថ្មីដឹកនាំដោយលោកស្រី តាកៃឈិ នេះ ត្រូវខំប្រឹងដោះស្រាយបញ្ហាជាច្រើនរាប់ចាប់ពីអតិផរណារហូតដល់ការគ្រប់គ្រងទំនាក់ទំនងជាមួយសម្ពន្ធមិត្តសន្តិសុខរបស់អាម៉េរិក ខណៈកំពុងចរចាជារឿយៗអំពីទំនាក់ទំនងដ៏រសើបជាមួយប្រទេសជិតខាងរបស់ជប៉ុនដូចជាចិន និងកូរ៉េខាងត្បូងជាដើម។
លោកស្រី តាកៃឈិ ក៏ដូចជាលោក ខយស៊ូមិ សុទ្ធតែយល់ឃើញថា វាចាំបាច់ណាស់ក្នុងការធានាបាននូវកម្រិតជាក់លាក់ នៃការចំណាយលើវិស័យការពារជាតិ។ លោក ខយស៊ូមិ បាននិយាយថា ជប៉ុនគួរតែរក្សាគោលដៅសម្រាប់ការចំណាយនៅត្រឹម២% នៃផលិតផលក្នុងស្រុកសរុប ហើយលោកស្រី Takaichi ចង់បង្កើនការចំណាយថែមទៀត ប៉ុន្តែមិនទាន់បញ្ជាក់ពីកម្រិតដែលចង់បាននៅឡើយទេ៕
ដោយ៖ សុខ មង្គល