វចនានុក្រមខ្មែរ ឆ្នាំ២០២២ ត្រូវបានដាក់ឲ្យប្រើប្រាស់.

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការប្រកាសឲ្យប្រើប្រាស់វចនានុក្រមខ្មែរ ឆ្នាំ២០២២ ជាផ្លូវការ


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វចនានុក្រមខ្មែរ ឆ្នាំ២០២២ ទាំងក្នុងទម្រង់បោះពុម្ពជាសៀវភៅ និងឌីជីថល ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងភ្ញៀវកិត្តិយសជាច្រើនទៀត។
វចនានុក្រមខ្មែរ ឆ្នាំ២០២២ ត្រូវបានដាក់ឲ្យប្រើប្រាស់.
ដោយ

នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់វចនានុក្រមខ្មែរ ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្ស៊ី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ ជាមួយនឹងមូលវិចារខ្ពស់បំផុត ចំពោះរាជបណ្ឌិត្យសភាកម្ពុជា និយាយជារួម និងនិយាយដោយឡែក ចំពោះក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាពិសេស ចំពោះគណៈកម្មការរៀបចំវចនានុក្រម ទាំង ៦៥ អង្គ-នាក់ និងតួអង្គពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមចំណែកដោយផ្ទាល់ និងប្រយោល ញុំាងធ្វើឱ្យស្នាដៃវណ្ណកម្មភាសានិងអក្សរសាស្ត្រខ្មែរ ដែលមានតម្លៃជាប្រវត្តិសាស្ត្រនេះអាចលេចចេញជារូបរាងឡើងជាស្ថាពរ ក្នុងរយៈពេល ៥ ឆ្នាំ ទោះបីជាត្រូវប្រឈមនឹងបញ្ហាមួយចំនួនក្តី។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងទៀតថា វចនានុក្រុមខ្មែរ ឆ្នាំ២០២២ ដែលមានពាក្យសរុបចំនួន ៤៤ ៦៩៧ និងមេពាក្យ ៣១ ០៧៣ នេះ គឺជាសមិទ្ធផលលេចធ្លោ និងជាបង្គោលចរ (milestone) មួយដ៏សំខាន់ក្នុងប្រវត្តិអក្សរសាស្ត្រខ្មែរ ដែលជាការធ្វើបច្ចុប្បន្នកម្មលើវចនានុក្រមចាស់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ក្នុងអំឡុងឆ្នាំ១៩៦៧-១៩៦៨ ដើម្បីឱ្យស្របតាមការវិវត្តរបស់សង្គម សេដ្ឋកិច្ចនិងបច្ចេកវិទ្យា ព្រមទាំងដើម្បីធ្វើសុខដុមនីយកម្ម និងស្តង់ដានីយកម្មក្នុងការប្រើប្រាស់ភាសាខ្មែរឱ្យមានការឯកភាពគ្នា។ វចនានុក្រមខ្មែរ ឆ្នាំ២០២២ គឺជាកម្លាំងពង្រឹងអត្តសញ្ញាណជាតិកម្ពុជា ហើយក៏ជាប្រភពមួយដ៏ចំបាច់សម្រាប់ទ្រទ្រង់ដល់ការអប់រំ, ការសិក្សា ស្រាវជ្រាវ, កិច្ចការងាររដ្ឋបាល និងទំនាក់ទំនង ក្នុងគ្រប់ស្ថាប័នទាំងវិស័យសាធារណៈ និងវិស័យឯកជន ឱ្យកាន់តែមានភាពងាយស្រួល, ប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាពខ្ពស់។ បន្ថែមពីលើនេះ ការរៀបចំវចនានុក្រមខ្មែរជាទម្រង់ឌីជីថល (ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទដៃ និង កុំព្យូទ័រ) នឹងផ្ដល់ជាមធ្យោបាយងាយស្រួលសម្រាប់សាធារណជន ក្នុងការស្វែងរកពាក្យពេចន៍និងផ្ទៀងផ្ទាត់ អក្ខរាវិរុទ្ធ សម្រាប់ប្រើប្រាស់គ្រប់ពេលវេលានិងគ្រប់ទីកន្លែង បានយ៉ាងឆាប់រហ័ស។ ដូច្នេះ វចនានុក្រមខ្មែរឆ្នាំ២០២២នេះគឺជា សមិទ្ធផលថ្មីដ៏ធំធេងមួយទៀតនៃភាសា និងអក្សរសាស្ត្រខ្មែរបន្ទាប់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧-៦៨។

បើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វចនានុក្រមខ្មែរ ឆ្នាំ២០២២នេះ ជាសមិទ្ធផលដែលកើតឡើងក្នុង អាណត្តិរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងត្រូវបានប្រកាសឱ្យប្រើនៅពេលេនេះ ក្នុងអាណត្តិរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្ដការពារ ថែរក្សា និងអភិវឌ្ឍភាសាខ្មែរ។ វចនានុក្រមខ្មែរ នេះ គឺជាឃ្លាំងស្តុកមេពាក្យ វាក្យសព្ទ និងក្បួនខ្នាតវេយ្យាករណ៍សម្រាប់ប្រើប្រាស់ ដើម្បីធានាបាននូវសង្គតិភាព និងស្ដង់ដារលើការប្រើប្រាស់អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ វចនានុក្រមខ្មែរ ក៏មានតួនាទីសំខាន់ក្នុងការរក្សានូវវប្បធម៌ អត្ដសញ្ញាណ និងព្រលឹងជាតិ។ ក្នុងន័យនេះ ការចងក្រងនិងការធ្វើទំនើបកម្ម វចនានុក្រមខ្មែរពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ វប្បធម៌ និងអក្សរសាស្ត្រខ្មែរ ដែលជាឧត្ដមប្រយោជន៍ជាតិយើងស្របតាម ពាក្យស្លោករបស់ខ្មែរ ដែលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន»។

ជាមួយគ្នានោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចផងដែរ អំពីប្រវត្តិនៃភាសា និងអក្សរសាស្ត្ររបស់ខ្មែរ ដែលធ្លាប់ជាប្រជាជាតិមួយ ដែលមានអារ្យធម៌រុងរឿងនៅចុងបូព៌ា ពិសេសនាសម័យអង្គរ។ ប៉ុន្ដែ ភាសា និងអក្សរខ្មែរបានធ្លាក់ចុះខ្លាំងនាសម័យអណានិគមបារាំង និងសម័យរបរប្រល័យពូជសាសន៍ប៉ុលពត។ ជាភព្វសំណាង ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ភាសា និងអក្សរសាស្ត្រខ្មែរ ចាប់ផ្ដើមវិវត្ត និងរីកចម្រើនឡើងវិញ ហើយត្រូវបានចារិកក្នុងរដ្ឋធម្មនុញថា ជាភាសា និងអក្សរដែលប្រើជាផ្លូវការ ហើយកថាខណ្ឌទី២ នៃមាត្រ៦៩ នៃរដ្ឋធម្មនុញ្ញ ក៏បានកំណត់ដែរ រដ្ឋមានកាតព្វកិច្ចការពារនិងពង្រីកភាសាខ្មែរឱ្យសមស្របនឹងសេចក្ដីត្រូវការ។

លើសពីនេះទៀត ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យមានការគិតគូរផងដែរ អំពីការប្រើប្រាស់ពាក្យកម្ចីពីបរទេស ជាពិសេសពាក្យបច្ចេកទេសសំខាន់ៗ ដើម្បីធានាសង្គតិភាពនៃខ្លឹមសារដើមនៃពាក្យទាំងនោះឱ្យសមស្របទៅតាមបរិបទ និងការវិវត្តនៃ
ស្ថានភាពសង្គម សេដ្ឋកិច្ចសកលបានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តម បានអនុញ្ញាតចែករំលែកនូវមតិយោបល់គន្លឹះមួយចំនួន ដើម្បីលើកកម្ពស់ការអភិរក្សនិងអភិវឌ្ឍន៍ភាសាខ្មែរ ដូចខាងក្រោម៖

ទី១. ក្រុមប្រឹក្សាជាតិភាសាខ្មែរ និង គណៈកម្មាធិការជំនាញរបស់ខ្លួនទាំង១៧ ជាសេនាធិការ ត្រូវបន្ដចងក្រងនិងអភិវឌ្ឍវចនានុក្រមខ្មែរជាប្រចាំ តាមរយៈការធ្វើបច្ចុប្បន្នកម្មសូរ, សំណេរនិងវាក្យសព្ទឱ្យកាន់តែសម្បូរបែប, គ្រប់ជ្រុងជ្រោយនិងឆ្លើយតបនឹងការវិវត្ដនៃសង្គម, សេដ្ឋកិច្ច, បច្ចេកវិទ្យា, ឌីជីថលនិងសកលភាវូបនីយកម្ម។

ទី២. គ្រឹះស្ថានអប់រំទាំងអស់ ត្រូវលើកកម្ពស់ការបន្ដប្រើប្រាស់នូវវចនានុក្រមខ្មែរជាសម្ភារសិក្សា តាមរយៈការបណ្ដុះផ្នត់គំនិត ស្រលាញ់ភាសាខ្មែរ និងប្រើវចនានុក្រមខ្មែរ ដល់គ្រប់សិស្ស និស្សិតគ្រប់កម្រិត ដើម្បីធានាថា សិស្ស និស្សិតទាំងអស់ ពិតជាអាចសរសេរអក្ខរាវិវុទ្ធ និងវេយ្យាករណ៍ខ្មែរបានត្រឹមត្រូវល្អប្រសើរ។ ក្នុងន័យនេះ, ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមានការគិតគូរចែកចាយវចនានុក្រមខ្មែរ ឆ្នាំ២០២២នេះ ឱ្យបានគ្រប់គ្រឹះស្ថានអប់រំទូទៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទី៣. ជំរុញ និងផ្សព្វផ្សាយជូនដល់សាធារណជន ពិសេសក្រសួង ស្ថាប័ននានាក្នុងរាជរដ្ឋាភិបាល ឱ្យចូលរួមប្រើប្រាស់វចនានុក្រមខ្មែរ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាមូលដ្ឋាន ក្នុងការផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ, សំណេរ, អំណាន និងនិយមន័យ សំដៅចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍភាសា និងអក្សរសាស្រ្តខ្មែរយើងជាបន្តទៅទៀត។

ទី៤. អំពាវនាវឱ្យដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងគ្រប់តួងអង្គពាក់ព័ន្ធ ចូលរួមផ្ដល់ការគាំទ្រ ទាំងស្មារតីទាំងសម្ភារ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការបន្ដអភិវឌ្ឍវចនានុក្រមខ្មែរ ជាពិសេស ការគាំទ្រលើការធ្វើទំនើបកម្មឌីជីថល និងឃ្លាំងទិន្នន័យភាសាខ្មែរ។ ជាមួយគ្នានេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីឌីជីថលសម្រាប់
សន្ទានុក្រមនានា ដែលត្រូវបានរៀបចំឡើងកន្លងមកនេះ សម្រាប់ជាប្រយោជន៍ដល់អ្នកជំនាញបច្ចេកទេសពីគ្រប់វិស័យ។

ទី៥. លើកទឹកចិត្តបញ្ញវន្ដ និងអ្នកសិក្សាគ្រប់ៗរូបឱ្យមានមនសិការស្រលាញ់ភាសាខ្មែរ និងចូលរួមផ្ដល់មតិស្ថាបនានិងធាតុចូលជាប្រចាំ ដើម្បីធ្វើឱ្យវចនានុក្រមខ្មែរថ្មីនេះ កាន់តែមានសុក្រឹត្យភាព, ច្បាស់លាស់ និងមានភាពកាន់តែល្អប្រសើរសម្រាប់ការប្រើប្រាស់ ក៏ដូចជាសម្រាប់ការបោះពុម្ពផ្សាយលើកក្រោយៗទៀត។

ជាចុងក្រោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានឆ្លៀតឱកាសនោះ ដើម្បី ឧទ្ទិសស្នាដៃជាមហាកុសលជូនដល់ដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងវិញ្ញាណក្ខន្ធអ្នកប្រាជ្ញភាសា និងអ្នកអក្សរសាស្ត្រជាតិគ្រប់រូប ដែលបានបូជា លះបង់ ផ្តល់វិភាគទាន និងខិតខំគ្រប់បែបយ៉ាង ដើម្បីអភិរក្សនិងអភិវឌ្ឍភាសា និងអក្សរសាស្ត្រជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្ស និងមានការរីកចម្រើនជាភិយ្យោភាពមកដល់បច្ចុប្បន្ន៕




អត្ថបទបន្ទាប់


ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រតាន់៖ ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងរឹតតែប្រសើរឡើង កាលណាមានប្រយោជន៍រួមគ្នា

ព័ត៌មាន
ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ទំនាក់ទំន…

ហ្វីលីពីនចោទចិនថាបានយាយីអ្នកនេសាទខ្លួន និងបានពង្រាយរបាំងបណ្តែតក្នុងដែនទឹកជម្លោះសមុទ្រចិនខាងត្បូង

ព័ត៌មាន
ភាពតានតឹងនៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង រវាងចិន និងហ្វីលីពីនកើតឡើងជាថ្មីម្តងទៀត។ ហ្វីលីពីនកាលពីថ្ងៃអាទិត្យបានចោទប្រកាន់ឆ្មាំឆ្នេរសម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ