គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ្វ៊ូមីអូ គីស្ស៊ីដា (Fumio Kishida) និងគណបក្សដៃគូ គឺគណបក្ស កូម៉ីតុ (Komeito) បាននិយាយថា គុណសម្បត្តិនិងគុណវិបត្តិនៃការនាំចេញបរិក្ខារការពារជាតិ ដែលបំពាក់ដោយគ្រឿងប្រល័យមនុស្ស ត្រូវការការពិភាក្សាបន្ថែមទៀត។
សូមបញ្ជាក់ថា ពីពេលនេះ ដល់ឆ្នាំ ២០៣៥ ប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី កំពុងរួមគ្នាបង្កើតយន្តហោះចម្បាំងជំនាន់ក្រោយ។
រហូតមកដល់ពេលនេះ ប្រទេសជប៉ុនបានរក្សាជំហររបស់ខ្លួនជាផ្លូវការថា គោលការណ៍ទាំងបីរបស់ជប៉ុនស្តីពីការផ្ទេរបរិក្ខារការពារជាតិនិងបច្ចេកវិទ្យាទៅក្រៅប្រទេស បានហាមឃាត់ការនាំចេញអាវុធ លើកលែងតែផលិតផលដែលបានមកពីការអភិវឌ្ឍរួមគ្នា ឬផលិតជាមួយប្រទេសមួយផ្សេងទៀត។
ប្រភពបាននិយាយថា ប្រទេសជប៉ុនអាចនាំចេញបរិក្ខារការពារជាតិដែលបំពាក់ដោយគ្រឿងប្រល័យមនុស្ស ទៅកាន់ប្រទេសដែលខ្លួនសហការលើបញ្ហាសន្តិសុខ ក្នុងគោលបំណងសម្រាប់ការជួយសង្គ្រោះ ការដឹកជញ្ជូន ការត្រៀមខ្លួន ការឃ្លាំមើល ឬការបោសសម្អាតមីន។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ុ ហាម៉ាដា (Yasukazu Hamada) បាននិយាយថា រដ្ឋាភិបាលនឹងសម្រេចថាតើគ្រឿងប្រល័យមនុស្សអាចផ្ទេរចេញទៅក្រៅបាន ដោយផ្អែក"តាមករណីនីមួយៗ"ឬយ៉ាងណា ដោយសារពុំមានការលើកឡើងអំពីបញ្ហាជាក់លាក់នៅក្នុងគោលការណ៍ណែនាំសម្រាប់ការអនុវត្តគោលការណ៍ទាំងបីរបស់ប្រទេសជប៉ុន។
នៅក្នុងខែមេសា គណបក្ស LDP និងគណបក្ស Komeito បានចាប់ផ្តើមកិច្ចពិភាក្សាដែលមានគោលបំណងកែសម្រួលការរឹតត្បិតការនាំចេញអាវុធ អស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២។
ខណៈពេលដែល គណបក្ស LDP បានខ្នះខ្នែងបន្ធូរបន្ថយច្បាប់ដើម្បីជំរុញការគាំទ្រប្រទេសអ៊ុយក្រែន, គណបក្ស Komeito មានការស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរបទប្បញ្ញត្តិទាំងនោះ ដោយសម្តែងក្ដីបារម្ភថា ការលក់អាវុធទៅឱ្យប្រទេសផ្សេងទៀត អាចធ្វើឱ្យជម្លោះប្រដាប់អាវុធកាន់តែធ្ងន់ធ្ងរ និងអាចផ្ទុយនឹងរដ្ឋធម្មនុញ្ញសន្តិភាពនិយមនៅសម័យក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។
សូមបញ្ជាក់ថា ចំពោះមុខបទប្បញ្ញត្តិហាមឃាត់ការនាំចេញអាវុធ ប្រទេសជប៉ុនបានផ្តល់ផលិតផលការពារខ្លួនឱ្យប្រទេសអ៊ុយក្រែន ដូចជាអាវក្រោះការពារគ្រាប់កាំភ្លើង និងមួកសុវត្ថិភាពជាដើម រីឯប្រទេសលោកខាងលិច ដែលជាសម្ព័ន្ធមិត្តរបស់ជប៉ុន បានផ្គត់ផ្គង់បរិក្ខារយោធា រួមទាំងកាំជ្រួច រថក្រោះ និងយន្តហោះចម្បាំង ឱ្យប្រទេសអ៊ុយក្រែន៕