លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ថា ប្រាក់កម្ចីរបស់និស្សិតចំនួន៧ម៉ឺន៨ពាន់នាក់ មានតម្លៃជាទឹកប្រាក់ចំនួន៦ពាន់លានដុល្លារ នឹងត្រូវលុបចោល ដែលនាំឱ្យការលុបចោលបំណុលដល់និស្សិតនៅអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន ឈានដល់ជិត៤លាននាក់ ជាមួយទំហំសរុបជាង១៤៤ពាន់លានដុល្លារ។
លោក បៃដិន កាលពីឆ្នាំមុន បានសន្យាថា នឹងស្វែងរកមធ្យោបាយផ្សេងទៀតសម្រាប់ការដោះស្រាយបញ្ហាបំណុលជូនពលរដ្ឋ បន្ទាប់ពីតុលាការកំពូលកាលពីខែមិថុនា កន្លងទៅ បានរារាំងផែនការដ៏ទូលំទូលាយរបស់លោកក្នុងការលុបចោលបំណុលដល់ពលរដ្ឋ ដែលមានទឹកប្រាក់រហូតដល់ទៅ៤៣០ពាន់លានដុល្លារ។
បុគ្គលដែលរួចផុតពីបំណុលក្រោមគោលនយោបាយរបស់រដ្ឋបាលលោក បៃដិន នៅពេលនេះ ភាគច្រើន គឺជាពលរដ្ឋអាម៉េរិក ដែលកំពុងបម្រើការងារក្នុងវិស័យសេវាកម្មសាធារណៈ ដូចជា គ្រូបង្រៀន គិលានុបដ្ឋាយិកា និងអ្នកពន្លត់អគ្គីភ័យ ដែលមានលក្ខណៈគ្រប់គ្រាន់ក្រោមកម្មវិធីលើកលែងបំណុលដល់មន្រ្តីសេវាសាធារណៈ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីលើកលែងបំណុលអប់រំរបស់ពួកគេ។
លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកសេវាសាធារណៈទាំងនេះបានលះបង់អាជីពក្នុងការបម្រើសហគមន៍របស់ពួកគេ ប៉ុន្តែដោយសារតែការបរាជ័យផ្នែករដ្ឋបាលកន្លងមក ពួកគេមិនបានទទួលការសង្គ្រោះដែលពួកគេមានសិទ្ធិស្ថិតនៅក្រោមច្បាប់នោះទេ។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ កម្មវិធីកម្ចីអប់រំនៅទូទាំងសហរដ្ឋអាម៉េរិក មានអ្នកជំពាក់បំណុលសរុបជាង៤៣លាននាក់ ដោយមានទំហំទឹកប្រាក់ជិត២ទ្រីលានដុល្លារ។
ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់លោក បៃដិន នៅពេលនេះ ត្រូវបានអ្នកវិភាគលើកឡើងថា លោក បៃដិន ថ្វីត្បិតតែលោកមានវ័យចំណាស់ ប៉ុន្តែលោកមានបំណង និងកំពុងស្វែងរកការគាំទ្រពីយុវជនអាម៉េរិក សម្រាប់ការបោះឆ្នោតបន្តតំណែងរបស់លោកនៅខែវិច្ឆិកា ខាងមុខ៕
ដោយៈ សរ សុជាតិ