សេចក្តីថ្លែងការណ៍របស់លោកចូ បៃឌិន ធ្វើឡើងស្របពេលដែល លោកស្រីប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen នៅសប្ដាហ៍នេះ ក៏ទើបតែបានបង្ហាញពីសំណើដាក់បម្រាមទូទាំងសហភាពអឺរ៉ុបលើការកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ី ដែលជាប្រភពចំណូលដ៏សំខាន់មួយរបស់ទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន Reuters និង សារព័ត៌មាន Euronews។
លោក ចូ Biden បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងបើកកិច្ចពិភាក្សាជាមួយសមាជិក G7 នៅសប្តាហ៍នេះអំពីអ្វីដែលនឹងត្រូវធ្វើបន្ថែមទៀតលើបញ្ហាសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ខណៈការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបក៏ទើបតែបានស្នើដាក់ទណ្ឌកម្មដ៏តឹងតែងបំផុតរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ីជាថ្មីទៀត ដោយក្នុងនោះសហភាពអឺរ៉ុប គ្រោងនឹងឈប់នាំចូលប្រេងពីរុស្ស៊ីនៅត្រឹមដំណាច់ឆ្នាំ២០២២នេះ។ មន្ត្រីសេតវិមានអាមេរិក លោកស្រី Jen Psaki បាននិយាយថា អ្នកមានឥទ្ធិពលធំៗមួយចំនួនរបស់រុស្ស៊ី (Oligarch) នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនបានបញ្ចាក់ឈ្មោះលម្អិតនោះទេ ខណៈសហរដ្ឋអាមេរិកកំពុងបន្តពិនិត្យមើលជម្រើសរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានអះអាងថា លោកស្រីជឿជាក់ថា ទណ្ឌកម្មរបស់លោកខាងលិចបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ីយ៉ាងសម្បើម ដោយរារាំងការវិនិយោគបរទេស និង រារាំងរុស្ស៊ីពីការទទួលបានការផ្គត់ផ្គង់ទំនិញចាំបាច់ផ្សេងៗ ដើម្បីប្រកួតប្រជែងក្នុងសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលវែង។
គួរកត់សម្គាល់ថា ការដាក់ទណ្ឌកម្មហ៊ុមព័ទ្ធប្រេងរុស្ស៊ីរបស់សហភាពអឺរ៉ុបនឹងត្រូវបានរៀបចំឡើងជាបណ្តើរៗ ដោយគណកម្មការអឺរ៉ុបនឹងផ្ដល់ពេលវេលា៦ខែ ដល់សមាជិករបស់ខ្លួនដើម្បីដកចេញនូវការបញ្ជាទិញប្រេងឆៅពីរុស្ស៊ី ហើយរហូតដល់ដំណាច់ឆ្នាំ២០២២ គឺត្រូវឈប់ទិញប្រេងទាំងអស់ពីរុស្ស៊ី។
ទោះបីជាយ៉ាងណាក្តី គណៈកម្មការអឺរ៉ុប មិនរាប់បញ្ចូល ប្រទេសហុងគ្រី និង ស្លូវ៉ាគី នៅក្នុងការចូលរួមហ៊ុមព័ទ្ធហាមឃាត់លើការទិញប្រេងពីរុស្ស៊ីនោះទេ ខណៈប្រទេសហុងគ្រី និងស្លូវ៉ាគី ត្រូវបានគេដឹងថា គឺពឹងផ្អែកខ្លាំងលើប្រេងពីរុស្ស៊ី ហើយប្រទេសហុងគ្រី ក៏បានបញ្ជាក់រួចហើយពួកគេនឹងមិនចូលរួមគាំទ្រលើការដាក់ទណ្ឌកម្មលើរុស្ស៊ី ពាក់ព័ន្ធនឹងវិស័យថាមពលនោះឡើយ។
គួរឭកថា ទណ្ឌកម្មទី ៦ ថ្មី ដែលបានប្រកាសដោយសហភាពអឺរ៉ុបរួមមាន ការដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគារកំពូលរបស់រុស្ស៊ី និង ការហាមប្រាមបណ្តាញផ្សព្វផ្សាយរុស្ស៊ីពីព័ត៌មានមិនពិត ក៏ដូចជាការកាត់ផ្តាច់ ការទិញប្រេងឆៅពីប្រទេសនេះផងដែរ។ ក្នុងនោះ ប្រទេសអាឡឺម៉ង់ គឺជាកត្តាសម្រេចចិត្តសំខាន់នៅពីក្រោយដំណើរការធ្វើសេចក្តីសម្រេចចិត្តដាក់ចេញនៅទណ្ឌកម្មទី៦នេះ បន្ទាប់ពីប្រទេសសេដ្ឋកិច្ចធំបំផុតនៅសហភាពអឺរ៉ុបមួយនេះ បានគ្រប់គ្រងស្ដុកប្រេងរបស់ខ្លួនបានល្អ កាត់បន្ថយការពឹងផ្អែកខ្លាំងពីរុស្ស៊ី ពោលគឺ កាលពីមុនសង្គ្រាមនៅអ៊ុយក្រែនកើតឡើង អាល្លឺម៉ង់ បានពឹងផ្អែកលើប្រេងនាំចូលពីរុស្ស៊ីដល់ទៅ ៣៥% ប៉ុន្ដែ គិតនៅក្នុងខែឧសភានេះ បានធ្លាក់មកនៅត្រឹម១២%ប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយថា ការជំរុញរបស់សហភាពអឺរ៉ុបឱ្យកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ីនៅឆ្នាំនេះ អាចជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ ហើយបាននិយាយថា លោកស្រីត្រូវពិនិត្យមើលពីដំណោះស្រាយទៅលើបញ្ហាទាំងអស់នេះ។
លោស្រី អូសូឡា វ័នឌ័រ លីយិន ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយចំពោះមុខសភាអឺរ៉ុបនៅព្រឹកថ្ងៃទី៤ឧសភាថា ការដាក់ចេញនៅទណ្ឌកម្មទី ៦ នេះវាមិនមែនជារឿងងាយស្រួលនោះទេ ខណៈប្រទេសជាសមាជិកមួយចំនួនពឹងផ្អែកលើប្រេងរបស់រុស្ស៊ីយ៉ាងខ្លាំង ប៉ុន្តែសហភាពអឺរ៉ុបត្រូវតែធ្វើជាចាំបាច់ ដើម្បីជាផ្នែកមួយនៃ ការហ៊ុមព័ទ្ធប្រេងរុស្ស៊ី តំណាងឱ្យការដាក់ទណ្ឌកម្មដ៏មានឥទ្ធិពលបំផុត ដែលប្លុកនេះត្រូវធ្វើទៅលើប្រទេសរុស្ស៊ី ដើម្បីកាត់ផ្តាច់សក្តានុពលប្រភពចំណូលពីវិមានក្រឹមឡាំង។
គួរជម្រាបថា សហភាពអឺរ៉ុបគឺជាអ្នកទិញប្រេងកំពូលមួយរបស់រុស្ស៊ី ដោយបានទិញប្រេងឆៅ និងផលិតផលប្រេងចម្រាញ់រួចប្រហែលជាង ៣,៥ លានបារ៉ែលជារៀងរាល់ថ្ងៃ ខណៈកាលពីឆ្នាំមុន ប្លុកនេះបានចំណាយប្រាក់ច្រើនជាង ៧៣ ពាន់លានដុល្លារលើប្រេងរុស្ស៊ី ដែលជាការចំណាយដ៏ធំបំផុតលើឥន្ធនៈហ្វូស៊ីលរុស្ស៊ី៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន