នាសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេស បានគូសបញ្ជាក់ថា នៅក្នុងអំឡុងចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយលទ្ធផលជាផ្លែផ្កាជាមួយថ្នាក់ដឹកនាំជាច្រើនរូបដូចជាប្រធានាធិបតីហ្វីលីពីន, ប្រធានាធិបតីឥណ្ឌូណេស៊ី, នាយករដ្ឋមន្ត្រីសិង្ហបុរី, នាយករដ្ឋមន្ត្រីអូស្ត្រាលី, នាយករដ្ឋមន្ត្រីនូវែលសេឡង់ និងនាយករដ្ឋមន្ត្រីវៀតណាម ជាដើម។
បើតាមឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ អូស្ត្រាលីនឹងចាប់ផ្តើមដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអូស្ត្រាលីមួយច្បាស់លាស់សម្រាប់អាស៊ីអាគ្នេយ៍ ហើយនៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រនេះ អូស្ត្រាលីគ្រោងនឹងសហការគ្នាជាមួយកម្ពុជា ទៅលើវិស័យមួយចំនួនដូចជាវិស័យកសិកម្ម អប់រំ និងទេសចរណ៍ជាដើម។ យ៉ាងណាមិញទាក់ទងនឹងវិស័យទេសចរណ៍នេះ ឯកឧត្តមបានអះអាងថា កម្ពុជា-អូស្ត្រាលី បានចុះកិច្ចព្រមព្រៀងរួមគ្នាមួយ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងគោលដៅជំរុញទំនាក់ទំនងក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ទន្ទឹមនេះ ឯកមឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានអះអាងថា វិស័យទេសចរណ៍បានក្លាយជាប្រធានបទធំមួយនៃកិច្ចពិភាក្សាទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយមេដឹកនាំកំពូលៗផ្សេងទៀត ដោយជាលទ្ធផលកម្ពុជា-វៀតណាម បានជំរុញឱ្យអនុវត្តគំនិតផ្តួចផ្តើមប្រទេស៣គោលដៅ១។ កម្ពុជា-សឹង្ហបុរី សម្តេចធិបតី បានលើកទឹកចិត្តឱ្យវិស័យឯកជនបង្កើតកញ្ចប់ទេសចរណ៍រួម ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងប្រទេសទាំង២ឱ្យងើបឡើងវិញឱ្យបានចាប់រហ័ស។ ដូចគ្នានេះ កម្ពុជា-ឥណ្ឌូនេស៊ី បានលើកទឹកចិត្តឱ្យស្ថាប័នជំនាញ និងវិស័យឯកជនសិក្សាពីលទ្ធភាព នៃការតភ្ជាប់តំបន់ទេសចរណ៍រវាងប្រទេសទាំងពីរ។ ចំណែកសម្រាប់កម្ពុជា-ហ្វីលីពីន ភាគីទាំងពីរបានបង្ហាញបំណងចង់ឃើញវិស័យឯកជននៃប្រទេសទាំងពីរ សហការគ្នា ដើម្បីជំរុញលំហូរទេសចរណ៍ និងពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់តភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។
សូមជម្រាបថា នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលទាំង៦រូបខាងលើ ក៏បានជំរុញផងដែរលើកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតដូចជា ពាណិជ្ជកម្ម នយោបាយ ការពារជាតិ និងសន្តិសុខជាដើម។ លើសពីនេះ កម្ពុជានិងដៃគូរពិភាក្សាទាំងអស់ក៏បានមូលមតិគ្នាក្នុងការពង្រឹងយន្តការ ដែលមានស្រាប់ឱ្យដំណើរការទៅមុខកាន់តែប្រសើរផងដែរ៕