
លោក Itagaki Yasuyoshi អគ្គនាយកក្រុមហ៊ុន JACCS បានថ្លែងក្នុងពិធីសម្ពោធក្រុមហ៊ុននៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ថា ក្រុមហ៊ុនរបស់លោកបានផ្តល់ហិរញ្ញប្បទានជូនអតិថិជននៅក្រុង Hakodate ខេត្ត Hokkaido ប្រទេសជប៉ុននៅឆ្នាំ១៩៥៤ ហើយបានបោះទុន វិនិយោគនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១០ ឥណ្ឌូនេស៊ីនៅឆ្នាំ២០១២ ហ្វីលីពីនក្នុងឆ្នាំ២០១៦ និងនៅខែមករាកន្លងទៅនេះ កម្ពុជាជាប្រទេសទី៤ ដែលក្រុមហ៊ុនខ្លួនបានបណ្តាក់ទុន វិនិយោគ។
លោកបន្ថែមថា សព្វថ្ងៃទាំងនៅប្រទេសជប៉ុន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្រុមហ៊ុនរបស់លោកមាននិយោជិក៥ពាន់៥រយនាក់ និងមានទ្រព្យសម្បត្តិរួម៤ទ្រីលានយ៉េន និងប្រាក់ចំណេញចរន្តនាឆ្នាំសារពើពន្ធនេះ ត្រូវបានរំពឹងថា នឹងមានប្រមាណ១២ពាន់លានយ៉េន។

លោកពន្យល់ថា៖ «យើងខ្ញុំមានបំណងចង់បម្រើដល់កំណើនសេដ្ឋកិច្ចកាន់តែខ្ពស់របស់កម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា តាមរយៈកិច្ចអាជីវកម្មប័ណ្ណឥណទាននៅលើទឹកដីកម្ពុជា ដោយប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើនៃការផ្តល់ហិរញ្ញប្បទានជូនអតិថិជនដែលធ្លាប់ឆ្លងកាត់បទពិសោធជាច្រើននៅប្រទេសជប៉ុនក៏ដូចជាបបណ្តាប្រទេសនៅអាស៊ាន»។
លោកបន្តថា៖ «ក្រុមហ៊ុនយើងខ្ញុំ នឹងយកចិត្តទុកដាក់អំពីជំនឿចិត្ត និងសេចក្តីទុកចិត្ត ដែលត្រូវកសាងឡើងនៅក្នុងសកម្មភាពសហគ្រាសអស់រយៈពេលជាយូរមកហើយ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាបង្កើតអនាគតដែលមានក្តីសង្ឃឹម សង្គមសម្បូរបែប សម្រាប់ប្រជាជនកម្ពុជា ដោយធ្វើសកម្មភាពអាជីវកម្មប្រកបដោយតម្លាភាព និងសមធម៌»។

លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា៖ «ខ្ញុំសូមជូនពរស្មោះអស់ពីចិត្តដល់ក្រុមហ៊ុន JACCS Finance Cambodia ឲ្យទទួលបានជោគជ័យធំធេងនៅកម្ពុជា ជាពិសេស អាចរួមចំណែកដល់ការរីកចម្រើនបន្ថែមទៀតនៃសេដ្ឋកិច្ចកម្ពុជានៅពេលអនាគត»។
ទាក់ទងនឹងការបោះទុនវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុនជប៉ុននេះដែរ លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងរបស់ធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីនេះថា វត្តមានរបស់ក្រុមហ៊ុន JACCS បានបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនជប៉ុនលើការអភិវឌ្ឍនៃប្រតិបត្តិការធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំប្រមាណ៦,៩ភាគរយ អតិផរណាជាមធ្យម ២,១ភាគរយ។
លោកជំទាវបញ្ជាក់យ៉ាងដូច្នេះថា៖ «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានៅបន្តរីកចម្រើនទាំងទំហំ និងវិសាលភាពប្រកបដោយសុវត្ថិភាព និងបរិយា ប័ន្ន ដោយនៅឆ្នាំ២០១៧ ប្រាក់បញ្ញើរបស់អតិថិជនក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់ ៨៥%នៃផ.ស.ស ពោល គឺមានកំណើន ២៥,១១% និង១៩,៨៦%រៀងគ្នាធៀបនឹងឆ្នាំ២០១៦»។

លោកជំទាវបន្តថា៖ «នាងខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុជេកស៍ ហ្វាយនែន (ខេមបូឌា)ម.ក នឹងចូលរួមទ្រទ្រង់ការអភិវឌ្ឍនវិស័យធនាគារនៅកម្ពុជា ដោយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ព្រមទាំងបង្កើនតួនាទីអន្តរការិយកម្មហិរញ្ញវត្ថុ ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងតម្លៃសមរម្យដល់គម្រោងវិនិយោគក្នុងស្រុក ជាពិសេសសហគ្រាសធុនតូច និង មធ្យម (SME)។ ជាពិសេស នាងខ្ញុំសង្ឃឹមថា ក្រុមហ៊ុននឹងអនុវត្តតាមបទបញ្ញត្តិប្រុងប្រយ័ត្នជាធរមាន និងប្រកាន់ខ្ជាប់នូវគោលការណ៍កិច្ចការពារអតិថិជនវិស័យហិរញ្ញវត្ថុជាប្រចាំ»៕