ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី ២៣ ម្សិលមិញ លោក ហ្សារមីន ទុន (Zaw Min Tun) អ្នកនាំពាក្យរបស់ក្រុមយោធាភូមាបាននិយាយថា៖ កន្លងមកមានមនុស្សយ៉ាងហោចណាស់ ១៦៤នាក់បានស្លាប់ក្នុងការធ្វើបាតុកម្ម ខ្ញុំសូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិត។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះ បានចោទថាក្រុមបាតុករបានធ្វើឲ្យខូចខាត និងបាត់បង់សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទេស។
ចំនួនអ្នកស្លាប់ ដែលយោធាភូមាបានលើកឡើងនេះ គឺផ្ទុយស្រឡះនឹងចំនួន ដែលក្រុមអង្គការសកម្មជនការពារអ្នកទោសនយោបាយបានបង្ហាញ។ ពោលគឺអ្នកស្លាប់មានដល់ទៅជាង ២៦០នាក់ឯណោះគិតត្រឹមថ្ងៃទី ២៣ ខែមីនា។
លោក Zaw Min Tun បានបន្តស្តីបន្ទោសក្រុមបាតុករចំពោះអំពើហិង្សា និងការដុតបំផ្លាញសម្បត្តិរដ្ឋ ហើយបានអះអាងថាមានសមាជិកយោធា ៩ នាក់បានស្លាប់បាត់បង់ជីវិត។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលកាលពីដើមសប្ដាហ៍នេះ បានអនុម័តទណ្ឌកម្មលើការរំលោភបំពាននៅក្នុងប្រទេសភូមារួចហើយ ខណៈសហភាពអឺរ៉ុបពង្រីកវិធានការប្រឆាំងការរំលោភសិទ្ធិមនុស្សជាសកល។
ក្នុងនោះមានមនុស្ស ១១នាក់ពាក់ព័ន្ធនឹងរដ្ឋប្រហារនៅភូមា ដែលសហភាពអឺរ៉ុបបានដាក់បញ្ចូលឈ្មោះក្នុងបញ្ចីខ្មៅសម្រាប់ការដាក់ទណ្ឌកម្ម។ អ្នកទាំង១១នោះក៏រាប់បញ្ចូលដែរឧត្តមសេនីយ៍ មីនអុងឡាំង មេដឹកនាំកំពូលនៃរដ្ឋប្រហារនឹងអ្នកក្រោមបង្គាប់គាត់ឯទៀត។
សូមបញ្ជាក់ថា ការដាក់ទណ្ឌកម្មលើយោធាភូមាពីអឺរ៉ុប រួមមានវិធានការបង្កកទ្រព្យសម្បត្តិ ហាមប្រាមមិនឲ្យពួកគេធ្វើដំណើរចេញចូលអឺរ៉ុប និងរាំងខ្ទប់ការបញ្ជាទិញ និងលក់ គ្រឿងសព្វាវុធឲ្យរបបសឹកមួយនេះ៕