សាច់បង្កក

គ្រាន់តែមួយខែដើមឆ្នាំ អាជ្ញាធររឹបអូសសាច់បង្កកបានចំនួន១០៣តោនយកមកកម្ទេចចោល កើនឡើង៣០%


រយៈពេលមួយខែដើមឆ្នាំ២០២៤ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បង្ក្រាប និងរឹបអូសសាច់បង្កកខូចគុណភាពបានចំនួន១០៣តោនយកមកកម្ទេចចោល កើនឡើង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សាច់បង្កក
ដោយ

នៅក្នុងប្រតិបត្តិការបង្ក្រាបសាច់បង្កកខូចគុណភាពនៅក្នុងខែមករា កន្លងមកនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានពិន័យអន្តរការណ៍លើម្ចាស់ទំនិញទាំងនោះ និងបានធ្វើកិច្ចសន្យាឱ្យបញ្ឈប់ធ្វើអាជីវកម្មបែបនេះបន្តទៅទៀត។ ការចុះត្រួតពិនិត្យ និងបង្ក្រាបដូចភ្លៀងរលឹមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាននេះ មិនត្រឹមតែបានរួមចំណែកជួយការពារសុខភាពរបស់ពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជាបានមួយចំណែកផងដែរ។

សាច់បង្កកខូចគុណភាព ផ្ទុកសារធាតុហាមឃាត់ និងផ្ទុកមេរោគ នៅតែបន្តហូរចូលមកកាន់ទីផ្សារកម្ពុជា បើទោះបីអាជ្ញាធរមានសមត្ថកិច្ចខិតខំចុះត្រួតពិនិត្យ និងបង្រាបការនាំចូលសាច់ប្រភេទនេះដូចភ្លៀងរលឹមក៏ដោយ។ ជាក់ស្តែងបើតាមការអះអាងរបស់ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅក្នុងខែមករា កន្លងទៅ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.រឹបអូសសាច់បង្កកខូចគុណភាព ផ្ទុកសារធាតុគីមី និងផ្ទុកមេរោគបានចំនួន១០៣តោនយកមកកម្ទេចចោល។ ចំនួននេះមានការកើនឡើង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមថ្នាក់ដឹកនាំរូបនេះ នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបកន្លែងស្តុក និងចែកចាយសាច់បង្កកកន្លងមកនេះ មន្ត្រី ក.ប.ប. បានព្រមាន និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់រាល់សកម្មភាពបំពានទាំងនេះ និងបានពិន័យអន្តរការណ៍លើម្ចាស់ទំនិញតាមនីតិវិធីផងដែរ។ ប៉ុន្តែក្នុងករណីមិនរាងចាល មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តនីតិវិធីទណ្ឌកម្មរដ្ឋបាល ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការក្នុងករណីចាំបាច់។

ការបន្តហូរចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់ពីក្រៅប្រទេស ជាពិសេសប្រទេសក្បែរខាងចូលមកទីផ្សារកម្ពុជាមិនត្រឹមតែគំរាមកំហែងដល់សុខភាពរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកទៀតផង។ ជាក់ស្តែងលំហូរចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់នៅប៉ុន្មានខែចុងក្រោយ បានទាញទម្លាក់តម្លៃសត្វរស់នៅក្នុងស្រុកឱ្យធ្លាក់ចុះយ៉ាងគំហុក រហូតធ្វើឱ្យកសិករចិញ្ចឹមសត្វខ្នាតតូចជាច្រើនបោះបង់ការចិញ្ចឹម ហើយកសិដ្ឋានខ្នាតធំកាត់បន្ថយបរិមាណចិញ្ចឹម ដោយសារមិនអាចទ្រាំទ្រនឹងការខាត។

យ៉ាងណាមិញ ឯកឧត្តម ផាន អូន សង្ឃឹមថា តាមរយៈការអនុវត្តការត្រួតពិនិត្យ និងចាត់វិធានការដូចភ្លៀងរលឹមរបស់មន្ត្រី ក.ប.ប. ក្នុងការបង្ក្រាបសាច់បង្កកខូចគុណភាព និងផ្ទុកសារធាតុហាមឃាត់កន្លងមក វានឹងចូលរួមចំណែកជួយការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានជួយគាំពារដល់វិស័យចិញ្ចឹមសត្វក្នុងស្រុកតាមរយៈការរក្សាបាននូវស្ថិរភាពថ្លៃ ការធានាបាននូវការប្រកួតប្រជែងដោយស្មោះត្រង់ ការរក្សាបាននូវទំនុកចិត្តរបស់អ្នកប្រើប្រាស់ដោយងាកមកប្រើប្រាសើផលិតក្នុងស្រុក។

ទោះជាយ៉ាងណា នៅការអនុវត្តតួនាទីក្នុងការត្រួតពិនិត្យគុណភាពផលិតផលសាច់បង្កករបស់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប នារយៈពេលកន្លងមកនេះ ក៏បានជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាអាជីវករមួយចំនួននៅតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននាំចូលផលិតផលខូចគុណភាព គ្មានការថែទាំ វេចខ្ចប់ ទុកដាក់ និងដឹងជញ្ជូនតាមបទដ្ឋានបច្ចេកទេស មានបន្ថែមសារធាតុគីមីហាមឃាត់ ការនាំចូលគេចវេសពីការត្រួតពិនិត្យរបស់សមត្ថកិច្ចជាដើម។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន។

គួរបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោនមានការកើនឡើង៤% បើធៀបនឹងឆ្នាំមុន។

សាច់បង្កកខូចគុណភាពទាំងនេះមួយចំនួន ត្រូវបាននាំចូលតាមច្រករបៀងពីប្រទេសជិតខាង និងមួយចំនួននាំចូលដោយគ្មានការបញ្ជាក់ពីគុណភាព និងការត្រួតពិនិត្យពីស្ថាប័នមានសមត្ថកិច្ច។ លំហូរចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់នេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វប៉ុណ្ណោះទេ ថែមទាំងអាចបង្កជាជំងឺឆ្លងដល់សត្វ និងអ្នកបរិភោគ និងប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មផងដែរ៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យការបោះផ្សាយលក់មូលបត្ររដ្ឋសម្រេចបានតែជិត៦០លានដុល្លារ នៃផែនការ២០០លានុល្លារ?

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅបោះផ្សាយលក់បណ្ណបំណុលរដ្ឋសរុបចំនួន២០០លានដុល្លារនៅក្នុងឆ្នាំ២០២៣ ដើម្បីជាការសាកល្បងស្រូបទាញយកប្រភពទុនក្នុ…

ហេតុអ្វីអ្នកជាប់សែស្រឡាយចិន និងជនជាតិចិនពេញនិយមយកផ្កាអង្គាសីលតាំងលម្អក្នុងឱកាសបុណ្យចូលឆ្នាំចិន?

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខិតជិតចូលមកដល់ ដើមផ្កាអង្គាសីល ត្រូវបានអាជីវករដាក់លក់ជាហូរហែនៅតាមដងផ្លូវមួយចំនួនក្នុងភូមិសាស្រ្តរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ