ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបង្ហាញពីផែនការប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដ៏លេចធ្លោមួយនៅក្នុងតំបន់នាពេលអនាគត។ ក្នុងនោះនៅក្រោមផែនការអភិវឌ្ឍន៍ខេត្តនេះឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រាជរដ្ឋាភិបាលកម្ពុជា គ្រោងអភិវឌ្ឍន៍ក្រុងកំពង់សោម ដែលទើបបង្កើតកាលពីពេលថ្មីៗឱ្យក្លាយជាទីក្រុងពាណិជ្ជកម្ម និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដ៏ល្បីល្បាញមួយនៅក្នុងតំបន់នាថ្ងៃអនាគត។
លើសពីនេះ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉ាង ស៊ីណេត រាជរដ្ឋាភិបាលកម្ពុជា ក៍គ្រោងអភិវឌ្ឍន៍កោះនានា នៅក្នុងខេត្តនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ទាក់ទាញ ឱ្យស័ក្តិសមនឹងការប្រសិទ្ធនាមថា ខេត្តព្រះសីហនុ ជាតារារះនាទិសនិរតី។ តាមរយៈផែនការប្រកបដោយមហិច្ឆតានេះ ឯកឧត្តម រំពឹងថា វានឹងក្លាយជាមេដែកក្នុងការស្រូបទាញវិនិយោគិន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកបោះទុនវិនិយោគ និងកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែច្រើនបន្ថែមទៀត។
បើតាមការអះអាងរបស់ឯកឧត្តម ម៉ាង ស៊ីណេត ក្រៅពីវិស័យទេសចរណ៍ ខេត្តជាប់មាត់សមុទ្រមួយនេះ ក៏មានវិស័យសក្តានុពលមួយចំនួនទៀតផងដែរក្នុងការទាក់ទាញការវិនិយោគ ជាពិសេសវិស័យដឹកជញ្ជូន។ ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន កំពុងអភិវឌ្ឍន៍ និងលើកកម្រិតគុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែទឹកជ្រៅដែលអាចអនុញ្ញាតឱ្យនាវាដឹកទំនិញធំៗនៅលើពិភពលោកចូលចតបាន។
គួរបញ្ជាក់ថា បើយោងតាមផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រាជរដ្ឋាភិបាលកម្ពុជា គ្រោងអភិវឌ្ឍន៍ខេត្តនេះឱ្យក្លាយជាច្រកទ្វារអន្តរជាតិ ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិ សម្រាប់នវានុវត្តន៍បច្ចេកវិទ្យាជាដើម។
ផែនការមេនេះចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ពីឆ្នាំ២០២៥-២០២៨ ដោយផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុ ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍន៍តំបន់ថ្មី រួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។ ចំណែកដំណាក់កាលទី២ ពីឆ្នាំ២០២៩-២០៣៨ ដោយផ្តោតការពង្រឹងតួនាទីរបស់ខេត្តព្រះសីហនុ ជាច្រកទ្វារជាតិ និងជាមជ្ឈមណ្ឌលក្នុងតំបន់លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍន៍ខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហ-គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព ៕