
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានគូសបញ្ជាក់ថា ទីផ្សារ និងការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ ពីសំណាក់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប នៅក្នុងឆ្នាំ២០២៥នេះ ហាក់មានស្ថានភាពល្អប្រសើរជាងឆ្នាំមុនគួរឱ្យកត់សម្គាល់។ តួយ៉ាង បើតាមការបញ្ជាក់របស់ប្រធានសមាគមរូបនេះ ការប្រមូលទិញស្ករត្នោតកំពង់ស្ពឺ ពីសំណាក់ក្រុមហ៊ុននាំចេញនានា សម្រេចបានប្រមាណ១១០តោនហើយ គិតមកទល់ពេលនេះ និងគ្រោងផលិតសម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុននាំចេញក្នុងរង្វង់ប្រមាណ១៧០តោន ទៅ១៨០តោន នៅក្នុងឆ្នាំ២០២៥ នេះ ខណៈកាលពីឆ្នាំ២០២៤កន្លងទៅ មានត្រឹមតែជាង៧០តោនប៉ុណ្ណោះ។
សម្រាប់តម្លៃស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំនេះវិញ ត្រូវបានលោក សំ សារឿន អះអាងថា គឺពុំមានការប្រែប្រួលនោះទេ បើធៀបនឹងតម្លៃកាលពីឆ្នាំមុន ពោលគឺកាលពីឆ្នាំ២០២៤ កន្លងទៅ តម្លៃស្ករត្នោតមានចន្លោះពី៧ពាន់៤រយរៀល ទៅ៧ពាន់៥រយរៀលក្នុង១គីឡូក្រាម។
បើតាម លោក សំ សារឿន នៅចុងខែឧសភានេះ ការផលិតស្ករត្នោតកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៥ នឹងត្រូវបិទបញ្ចប់ ខណៈការផលិតស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន ប៉ុន្តែបញ្ហាទឹកភ្លៀងបានក្លាយជាឧបសគ្គមួយសម្រាប់ការផលិតស្ករត្នោតរបស់ប្រជាកសិករនៅឆ្នាំនេះ។
គួរជម្រាបថា ស្ករត្នោតកំពង់ស្ពឺ ចាប់ផ្តើមប្រមូលផលពីខែវិច្ឆិកា ដល់ខែឧសភា។ បច្ចុប្បន្នសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានសមាជិកចំនួន១៥០គ្រួសារ កំពុងផលិតស្ករត្នោតចំនួន៤ប្រភេទ រួមមានស្ករសាច់ ស្ករម្សៅ ស្ករផែន និងស្ករស៊ីរ៉ូ ដោយស្ករទាំងនេះត្រូវបាននាំចេញទៅបណ្ដាប្រទេសចំនួន១៧នៅលើពិភពលោក ពិសេសទីផ្សារអឺរ៉ុប និងអាស៊ី៕