ស្ករត្នោតកំពង់ស្ពឺ

សម្តេច ហ៊ុន សែន ព្រួយបារម្ភចំពោះការធ្លាក់ចុះនៃផលិតផលស្ករត្នោតកំពង់ស្ពឺ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះការធ្លាក់ចុះផលិតផលស្ករត្នោត ដែលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ ដោយសារតែកំណើននៃវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលបានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន និងផ្តល់ប្រាក់ឈ្នួលខ្ពស់ ព្រមទាំងការឡើងថ្លៃអចលនទ្រព្យ ធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនបានបោះបង់មុខរបរផលិតស្ករត្នោត ។
សម្តេច ហ៊ុន សែន ព្រួយបារម្ភចំពោះការធ្លាក់ចុះនៃផលិតផលស្ករត្នោតកំពង់ស្ពឺ
ដោយ

យោងតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ បានរួមចំណែកបង្កើនតម្លៃស្ករត្នោតកំពង់ស្ពឺ បង្កើតការងារ លើកកម្ពស់ជីវភាព និងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមអភិរក្សដើមត្នោតដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា។ ហើយក្រៅពីការអភិរក្សធនធានដើមត្នោត ប្រជាពលរដ្ឋបានបន្តថែរក្សាកេរដំណែលចំណេះដឹងជាប្រពៃណី និងឧបករណ៍បុរាណពាក់ព័ន្ធនឹងការផលិតស្ករត្នោត ដែលជាសម្បត្តិវប្បធម៌សម្រាប់ការពារអត្តសញ្ញាណជាតិ និងជាគោលដៅទាក់ទាញទេសចរផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដោយសារការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឱ្យមានកំណើនវិស័យឧស្សាហកម្ម និងសេវាកម្ម បានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន និងបានផ្តល់ប្រាក់ឈ្នួលខ្ពស់ ព្រមទាំងការឡើងថ្លៃអចលនទ្រព្យ បានធ្វើឱ្យប្រជាពលរដ្ឋបោះបង់មុខរបរផលិតស្ករត្នោត។ ការណ៍នេះ បានធ្វើឱ្យ សម្តេចតេជោ មានការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃផលិតផលស្ករត្នោត និងការបាត់បង់ដើមត្នោតដែលជាអត្តសញ្ញាណជាតិ។ ទន្ទឹមនេះ សម្តេចក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការចូលរួមការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះដើមត្នោតបន្ថែមទៀត ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីដើមត្នោតផងដែរ។

បើតាម សម្តេចតេជោ ហ៊ុន សែន ស្ករត្នោតកំពង់ស្ពឺ បានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១០ និងបន្ទាប់មកបានចុះបញ្ជីការពារនៅបណ្តាប្រទេសចំនួន២៩ផ្សេងទៀត ហើយម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ធ្វើឱ្យមានការកើនឡើងតម្រូវការទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលបាននាំចេញទៅកាន់ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន និងថៃជាដើម។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ បានកំណត់យកតំបន់ភូមិសាស្ត្រចំនួន៣ រួមមាន ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គស្នូល ដែលមានដើមត្នោតសរុបប្រមាណ ៣ម៉ឺនដើម ប៉ុន្តែបច្ចុប្បន្ន មានតែ ចំនួនប្រមាណជាង ៣ពាន់៦រយដើមប៉ុណ្ណោះ ដែលអាចផលិតស្ករត្នោតបានបរិមាណ ២៥០តោន ដោយបាននិងកំពុងអាស្រ័យផលដោយគ្រួសារចំនួន១៥៣ គ្រួសារ ជាសមាជិកសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ។

គួរដែរជម្រាបថា តាមការបញ្ជាក់ពីមន្ត្រីជំនួយការនៃសមាគមស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ការបញ្ជាទិញផលិតផលស្ករត្នោតកំពង់ស្ពឺ ដែលជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) ពីទីផ្សារក្រៅប្រទេសនៅឆ្នាំនេះ មានការធ្លាក់ចុះប្រមាណ៣០តោន បើធៀបនឹងការបញ្ជាទិញកាលពីឆ្នាំ២០២២ កន្លងទៅ៕




អត្ថបទបន្ទាប់


កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៣ខែឆ្នាំនេះ

ព័ត៌មាន
ដ្បិតថា វិស័យកសិកម្មបានរួមចំណែករហូតជាង២២% នៃផលិតផលសរុបក្នុងស្រុក(GDP) ក៏ប៉ុន្តែ វិស័យនេះតែងតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ជាពិសេសទាក់…

ជិះរថយន្តក្រុងភ្នំពេញ-ហូជីមិញ ចំណាយតែ ២៨ ដុល្លារទេក្នុងមួយជើងជាមួយវិរៈប៊ុនថាំ

ព័ត៌មាន
ការធ្វើដំណើភ្នំពេញ-ហូជីមិញ មានការបញ្ចុះតម្លៃពិសេសត្រឹមតែ ២៨ ដុល្លារប៉ុណ្ណោះ ក្នុងមួយជើង ជាមួយនឹងក្រុមហ៊ុន វិរៈប៊ុនថំាំ ដែលជាក្រុមហ៊ុនផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ