
លោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត បានឱ្យដឹងថា គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៥នេះ ការប្រមូលផលម្រេចកំពត ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តសម្រេចបានប្រមាណ៦០% ទៅ៧០% ហើយ ជាមួយការរំពឹងប្រមូលផលបានសរុបប្រមាណ១០០តោន នៅឆ្នាំ២០២៥ នេះ។ ចំនួននេះមានការកើនឡើងទ្វេដងបើធៀបនឹងទិន្នផលក្នុងឆ្នាំ២០២៤ ដែលមានប្រមាណ៥០តោនប៉ុណ្ណោះ ប៉ុន្តែបរិមាណនេះមានការធ្លាក់ចុះប្រមាណ២០ ទៅ៣០តោន បើធៀបនឹងទិន្នផលកាលពីឆ្នាំ២០២២ និង២០២៣។ ទោះបីជាអាកាសធាតុនៅឆ្នាំនេះ បានផ្តល់ភាពអំណោយផលសម្រាប់ដំណាំម្រេចកំពត ជាងឆ្នាំមុនយ៉ាងណាក្តី ប៉ុន្តែលោក កាន់ ស៊ីណុច អះអាងថា ដោយសារមានភ្លៀងធ្លាក់ច្រើននៅក្នុងរដូវប្រមូលផល ក៏បានធ្វើឱ្យម្រេចបាត់បង់ទិន្នផលមួយចំនួនដែរ។
ស្រដៀងគ្នានេះ ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការម្រេចនៅខេត្តកំពត ដែលផលិតម្រេចប្រភេទ GI សរីរាង្គ បានគូសបញ្ជាក់ថា ការប្រមូលផលម្រេចកំពត របស់ចម្ការលោក នៅឆ្នាំនេះ ហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងឆ្នាំ២០២២ និង២០២៣ ដែលទទួលបានទិន្នផលខ្ពស់ ប៉ុន្តែវាមានភាពប្រសើរជាងឆ្នាំមុនបន្តិច ដែលកាលនោះមានការធ្លាក់ចុះទិន្នផលខ្លាំងតែម្តង ដោយសារបញ្ហាអាកាសធាតុ។ បើតាមម្ចាស់ចម្ការម្រេចកំពតរូបនេះ ដោយសាររដូវភ្លៀងមានរយៈពេលយូរនៅឆ្នាំនេះ បានផ្តល់ការរំខានមួយចំនួនក្នុងការប្រមូលផលម្រេចនៅឆ្នាំនេះ ហើយបើសិនមិនមានការថែទាំឱ្យបានដិតដល់ទេនោះអាចធ្វើឱ្យងាប់ដើមម្រេចផងដែរ។
បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត ទីផ្សារម្រេចកំពតរបស់កម្ពុជា បច្ចុប្បន្ននៅតែរក្សាបានស្ថានភាពល្អប្រសើរ ពោលគឺការបញ្ជាទិញពីសំណាក់ក្រុមហ៊ុននាំចេញនៅឆ្នាំនេះ មានលើសពីទិន្នផលដែលអាចផលិតបានទៅទៀត ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនបានប្រមូលទិញម្រេចពីកសិករសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាបណ្តើរៗហើយ។ បើតាមលោក កាន់ ស៊ីណុច តម្លៃម្រេចកំពតនៅឆ្នាំនេះ ហាក់ខ្ពស់ជាងឆ្នាំមុនៗ ពោលគឺម្រេចខ្មៅត្រូវបានលក់ចេញក្នុងតម្លៃ១៧ដុល្លារ ម្រេចក្រហមតម្លៃ២៧ដុល្លារ និងម្រេចសតម្លៃ៣០ដុល្លារ ក្នុង១គីឡូក្រាម។
គួរជម្រាបថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនកសិករដាំដុះម្រេចកំពត មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺកាលពីឆ្នាំ២០១៩ កន្លងទៅ សមាគមលើកកម្ពស់ម្រេចកំពត មានសមាជិកប្រមាណជិត៥០០គ្រួសារ ខណៈមកទល់ពេលនេះនៅសល់ប្រមាណជាង៣៤០គ្រួសារប៉ុណ្ណោះ ហើយកសិករដែលពង្រីកផ្ទៃដីដាំដុះបន្ថែម គឺមានចំនួនតិចតួចនៅឡើយ៕