ស្ករ​ត្នោត​ខ្មែរ

ការ​ផលិត​ស្ករ​ត្នោត​ឆ្នាំ​នេះ​អាច​នឹង​កើន​ដល់​៣០០ ទៅ ៤០០​តោន


រដូវ​ប្រមូល​ផល​ស្ករ​ត្នោត​បាន​ចាប់​ផ្តើម​តំាង​ពី​ខែ​ធ្នូ ហើយ​បន្ត​រហូត​ដល់​ខែ​ឧសភា។ ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ បាន​ធ្វើ​ឲ្យ​អ្នក​ផលិត​ស្ករ​ត្នោត​សប្បាយ​ចិត្ត​លាយ​ឡំ​ជាមួយ​ការ​រំពឹង​ទុក​ពី​ការ​ផលិត​ស្ករ​ត្នោត​ឆ្នាំ​២០១៧​នេះ នឹង​មាន​ការ​កើន​ឡើង​ខ្ពស់។
កសិករ​នៅ​ស្រុក​អង្គស្នួលឡើង​ប្រមូល​ទឹក​ត្នោត​យក​មក​រម្ងាស់​ធ្វើស្ករ

លោក សំ សារឿន ប្រធាន​សមាគម​លើក​កម្ពស់​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ថា ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​សុខភាព​ត្នោត​ល្អ គួបផ្សំ​ជាមួយ​នឹង​ការ​ពង្រីក​សមាជិក តំបន់​ផលិត​ស្ករ​ត្នោត​របស់​សមាគម គេ​រំពឹងថា នឹង​អាច​ផលិត​កើន​ឡើង​ដល់​ជាង ៣០០​តោន​ក្នុង​ឆ្នាំ ២០១៧​នេះ។

លោក សំ សារឿន និយាយដូច្នេះ​ថា បើ​យើង​មិន​អាច​ផលិត​បាន​ជុំវិញ ៣០០​តោន​នេះ​ទេ នោះ​យើង​មិន​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ឡើយ។ 

គិតត្រឹម​ឆ្នាំ២០១៦ សមាគម​លើក​កម្ពស់​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ មាន​សមាជិក​ជា​អ្នក​ផលិត​ស្ករ​ត្នោត ២៦៨ គ្រួសារ ដែល​ជា​មធ្យម​ផលិត​បាន​ស្ករ​ត្នោត​ចំនួន ២៥០​តោន ដោយ​ក្នុង​នោះ​ប្រមាណ ១០០​តោន​ត្រូវ​បាន​នាំចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​នៅ​ឆ្នាំ​២០១៦។

កាលពីឆ្នាំ​២០១៦ គ្រោះ​រាំង​ស្ងួត​ដែល​បាន​អូស​បន្លាយ​វែង បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិន្នផល​ទឹក​ត្នោត​ថយ​ចុះ​ប្រមាណ ២៥% បើ​ប្រៀបធៀប​បរិមាណ​ទឹក​ត្នោតកាល​ពី​ឆ្នាំ​ទៅ។ ការ​ថយ​ចុះ​បរិមាណ​ទឹក​ត្នោត​នេះ មិនបានឆ្លើយតប​ទៅនឹង​ការ​បញ្ជា​ទិញ​ស្ករ​ត្នោត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​លើកឡើង​ពី​ក្រុម​អ្នក​ផលិត​ស្ករ​ត្នោត និង​សហគ្រាស​ផលិត​ទឹក​ក្មេះ និង​ស្រា​ទឹក​ត្នោត។ 

គ្រួសារ​កសិករ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ កំពុង​រម្ងាស់​ទឹក​ត្នោត​ធ្វើស្ករ។ (រូបថត​ដោយ ហេង ភារម្យ)

ស្ករ​ត្នោត​ខ្មែរ​មាន​តម្រូវការ​ទីផ្សារ​ច្រើន​នៅ​អាស៊ី​រហូត​ដល់​៦០​ភាគរយ ដូចជា ជប៉ុន កូរ៉េ ចិន និង​នៅ​ទីផ្សារអឺរ៉ុប។

កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន​ខុនហ្វីរ៉ែល (Confirel) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សម្រេច​តាម​ផែនការ​នាំចេញ​ស្ករ​ត្នោត ១៥០​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០១៥ កន្លង​ទៅ​ដែរ ព្រោះ​ការ​ប្រមូល​ផល​ស្ករ​ត្នោត​សម្រេច​បាន​៩០% នៃ​ផែនការ​នាំចេញ ។ 

យ៉ាងណាក៏​ដោយ​ក្រុម​អ្នក​ជំនាញ​និង​អ្នក​ផលិត​ស្ករ​ត្នោត​អះអាង​ថា នៅ​ប្រទេស​កម្ពុជា​ពុំទាន់​មាន​រោងចក្រ​សម្រាប់​ផលិត​ស្ករ​ត្នោត​នៅ​ឡើយ​ទេ។ ការ​ផលិត​ស្ករ​ត្នោត ត្រូវ​បាន​ធ្វើឡើង​ដោយ​កសិករ​នៅ​តាម​គ្រួសារ​នីមួយៗ ដែល​មាន​ទម្លាប់​ផលិត​ស្ករ​ត្នោត​នេះ​ពីដូនតា​របស់​ខ្លួន។ ហើយ​​បច្ចុប្បន្ន​ចំនួន​អ្នក​ផលិត​ត្រូវ​គេ​រាយ​ការណ៍​ថា មានការថយចុះ​ជា​លំដាប់ ដោយសារ​បរិមាណ​ទឹក​ត្នោត​តិច ការ​ចំណាយ​ទុន​ច្រើន​ក្នុង​ការ​ផលិត។

ក្រៅពីនោះ ស្ករ​ត្នោត​ក៏​មាន​ឧបសគ្គ​ច្រើន​ដែរ​ចំពោះ​ការ​នាំ​ចេញ ព្រោះ​វា​ជា​ប្រភេទ​ថ្មី​ដែល​គេ​ពុំទាន់​ស្គាល់​ទូលំ​ទូលាយ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ។ ហើយ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ដូចជា ថ្លៃ​សេវា​ដឹក​ជញ្ជូន និង​សេវា​បំពេញ​បែប​បទ​នាំចេញ​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​ដដែល៕




អត្ថបទបន្ទាប់


រដ្ឋាភិបាល​ប្រកាស​ឲ្យ​ធនាគារ​អេស៊ីលីដា​ប្តូរ​ស្លាក​សញ្ញា​ចេញ កុំ​ឲ្យ​ច្រឡំ​ថា​ជា​របស់​រដ្ឋ

ព័ត៌មាន
ដើម្បី​កុំ​ឲ្យ​ច្រឡំ​រូប​ហង្ស ឡូហ្គូ ធនាគារ​អេស៊ីលីដា ដូចគ្នា​នឹង​ឡូហ្គូ រូប​ហង្ស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដែល​ជា​របស់​រដ្ឋ​…

ហេតុអ្វី​វិនិយោគិន​បរទេស​គួរ​តែ​មក​វិនិយោគ​នៅ​កម្ពុជា?

ព័ត៌មាន
ផ្អែកទៅលើកំណើនសេដ្ឋកិច្ច​រឹងមាំ​ជា​រៀង​រាល់​ឆ្នាំ បរិយាកាស​វិនិយោគ​ល្អ ទីតាំង​វិនិយោគ​អំណោយ​ផល​ល្អ នៅ​ចំ​ចំណុច​កណ្តាល​បេះដូង​នៃ​បណ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ