វិស័យទេសចរណ៍

កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត តម្លៃជាង៩លានដុល្លា នឹងដាក់ឱ្យដំណើរការនៅខែធ្នូ ឆ្នាំនេះ


ប្រសិនបើមិនមានការប្រែប្រួលទេ កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ដែលមានទុនវិនិយោគជាង៩លានដុល្លានឹងត្រូវដាក់ឱ្យដំណើរសាកល្បងនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ក្រោយពីអាក់ខានក្នុងការដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០២២មក។ ការអាក់ខានក្នុងការដាក់ឱ្យដំណើរការនេះ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែនេះពុំអាចធ្វើឱ្យនាវាទេសចរណ៍ធុនធំឆ្លងកាត់បាន។
វិស័យទេសចរណ៍
ដោយ

ក្រុមមន្រ្តីជឿជាក់ថា ក្រោយមានការកែលម្អ កំពង់ផែននេះនឹងអនុញ្ញាតឱ្យនាវាធន់ធំ និងមធ្យមអាចធ្វើដំណើរឆ្លងកាត់បានយ៉ាងរលូន ដែលបង្កភាពងាយស្រួលក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តច្រើនជាងមុន​។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ខេមបូណូមីសថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត នឹងដាក់ឲ្យដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ដោយសាកល្បងប្រតិបត្តិការរយៈពេល៣ខែ មុននឹងដាក់ឱ្យប្រើប្រាស់ជាអចិន្ត្រៃយ៍។ បើតាមអ្នកនាំពាក្យរូបនេះ កំពង់ផែនេះ ត្រូវបានបន្ថែមនូវសួនច្បារ និងការលម្អទាំងក្នុង និងក្រៅឲ្យមានសោភណភាពបែបទំនើបកម្មដូចព្រលានយន្តហោះ និងមានទូកដឹកភ្ញៀវទេសចរណ៍កម្សាន្តតាមដងព្រែក ការលេងកម្សាន្តលើទឹក ​​និងមានផ្សារចុងសប្តាហ៍ដែលនឹងដាក់តាំងលក់ផលិតផលប្រចាំខេត្ត និងអាហារប្រចាំតំបន់ផងដែរ។ កំពង់ផែនេះ អាចឱ្យប្រភេទនាវាធន់ធំ និងមធ្យមធ្វើដំណើរឆ្លងកាត់បានយ៉ាងរលូន ដោយនាវាអាចផ្ទុកមនុស្សចាប់ពី១៥០នាក់ដល់៣៥០នាក់។

ជាមួយគម្រោងដាក់ឱ្យដំណើរការសាកសល្បងនេះ មន្រ្តីជាន់ខ្ពស់រូបនេះ ជឿជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតនេះ នឹងបង្កភាពងាយស្រួលក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តតំបន់ឆ្នេរទាំងបួន ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះទៅទៀត កំពង់ផែទេសចរណ៍អន្តរជាតិ លើកដំបូង នៅកម្ពុជានេះ នឹងរួមចំណែកក្នុងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋតាមបណ្តាខេត្តទេសចរណ៍នានា តាមរយៈភ្ញៀវទេសចរ​ដែលបានឆ្លងកាត់កំពង់ផែនេះ។ ហើយតាមរយៈកំពង់ផែនេះ វានឹងរួមចំណែកជួយលើកជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានចាត់ទុកការដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់វិស័យទេសចរណ៍ខេត្តកំពត ហើយតាមរយៈតាមរយៈកំពង់ផែនេះ លោកជឿជាក់ថា វានឹងជួយស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្តជាប់មាត់សមុទ្រនេះ​កាន់តែច្រើនបន្ថែមទៀត​។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា យល់ឃើញថា កំពង់ផែទេសចរណ៍នេះមានសារសំខាន់ណាស់សម្រាប់ខេត្តជាប់មាត់កំពត និងបណ្ដាខេត្តមួយចំនួនទៀតដែលមានភូមិសាស្រ្តនៅជិតនោះ ព្រោះវាមិនត្រឹមតែបម្រើដល់វិស័យទេសចរណ៍ប៉ុណ្ណោះ ថែមទាំងជួយបម្រើដល់វិស័យផ្សេងៗទៀតផងដែរ។ បើតាមអ្នកជំនាញរូបនេះ តាមរយៈការបើកដំណើរការកំពង់ផែនេះ វានឹងជួយជំរុញសក្ដានុពលទេសចរណ៍របស់កម្ពុជា បន្ថែមទៀត ប៉ុន្តែទាមទារឱ្យអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ខិតខំពង្រឹងសេវាកម្មរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង។

​សូមបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត លាតសន្ធឹងលើផ្ទៃដីជាង៤ហិកតា ដោយបានបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ២០២២ ជាមួយទុនវិនិយោគជាង៩,២លានដុល្លារ ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា៕




អត្ថបទបន្ទាប់


ការហោះហើររវាងកម្ពុជា និងចិន មានជាង៥ពាន់ជើង នៅ១០ខែឆ្នាំនេះ មានការកើនឡើង៦០%

ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំ…

តុលាការក្រុងក្វាងចូវ រឹត បន្តឹងការចំណាយរបស់ស្ថាបនិកក្រុមហ៊ុន China Evergrande

ឯកសារមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande ដែលកំពុងជួបវិបត្តិបានបង្ហាញថា តុលាការក្រុងក្វាងចូវ ខេត្តក្វាងទុង បានដាក់កំហិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ