ការងារ​នៅវៀតណាម

នៅវៀតណាម បុគ្គលិកបម្រើការងារក្នុងវិស័យអចលនទ្រព្យ ត្រូវបានបញ្ឈប់ការងារច្រើនជាងគេបំផុតនៅអំឡុងវិបត្តិកូវីដ-១៩


វិស័យអចលនទ្រព្យ នៅក្នុងប្រទេសវៀតណាមគឺជា វិស័យមួយ ដែលបានបញ្ឈប់ការងារបុគ្គលិកច្រើនជាងគេបំផុត នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ ដោយសឹងតែ ២ ភាគ ៣ នៃក្រុមហ៊ុនអចលនទ្រព្យទាំងអស់នៅក្នុងស្រុក បានបញ្ឈប់ការងារបុគ្គលិករបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Vietnam Express កាលពីពេលថ្មីៗនេះ។
នៅវៀតណាម បុគ្គលិកបម្រើការងារក្នុងវិស័យអចលនទ្រព្យ ត្រូវបានបញ្ឈប់ការងារច្រើនជាងគេបំផុតនៅអំឡុងវិបត្តិកូវីដ-១៩ (រូបភាព៖https://newsopener.com)
ដោយ

យោងតាម​ការស្ទង់មតិ​ទៅលើ ក្រុមហ៊ុន​អាជីវកម្ម​ធំៗ​ជាង ៣០០កន្លែងរបស់ ស្ថាប័ន​អន្តរជាតិ​ផ្នែកគ្រប់គ្រង​ធនធាន​មនុស្ស ​ADECCO មកពី​ប្រទេស​ស្វ៊ីស បានគូស​បញ្ជាក់ថា សឹងតែ ៧០% ទៅហើយ នៃក្រុមហ៊ុន​ក្នុង​វិស័យ​អចលនទ្រព្យ បានបញ្ឈប់​ការងារ​បុគ្គលិក ហើយក្រៅ​ពីនោះ​ក៏មាន ៦១% នៃវិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​៥៩% នៃវិស័យ​ធនាគារ សុទ្ធតែ​បាន​បញ្ចប់​ការងារ​របស់បុគ្គលិក។

ដោយឡែក វិស័យ​ដែល​បានកាត់​បន្ថយ​ប្រាក់ខែ​បុគ្គលិក​ច្រើនជាងគេ គឺវិស័យធនាគារ និងវិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ខណៈដែល​វិស័យ​អចលនទ្រព្យ មានការខាតបង់​ប្រាក់​ចំណូល និងផ្អាក​ការរើស​បុគ្គលិក ក៏ដូចជា ការលុបចោលនូវ​គោលការណ៍​ដំឡើង​ប្រាក់ខែ​មួយរយៈពេល​ផងដែរ។

បើតាមការលើក​ឡើង​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ​CBRE ​បានបញ្ជាក់​ផងដែរថា វៀតណាម បានក្លាយជា​គោលដៅ​វិនិយោគ​ដ៏មាន​ប្រជាប្រិយភាព​មួយ​សម្រាប់​វិស័យ​អចលនទ្រព្យ​​នាពេលបច្ចុប្បន្ន ដោយសារតែ ក្រុមហ៊ុន​សហគ្រាស​ស្តង់ដារ​អន្តរជាតិ​ជាច្រើន បានចាប់ផ្តើម​ផ្លាស់ប្តូរ​ខ្សែចង្វាក់​ផលិតកម្ម ចូលមក​ប្រទេស​វៀតណាម ក្រោយពីមាន​ការផ្ទុះ​ឡើងនូវ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​អាមេរិក និងចិន​គួប​ផ្សំនឹង​បញ្ហា​ប្រឈម​នៃមេរោគ​កូវីដ-១៩។

បើទោះបីជា វិស័យ​អចលនទ្រព្យ​របស់​វៀតណាម ហាក់មាន​ការកើន​ឡើង​នាប៉ុន្មា​នឆ្នាំចុងក្រោយនេះ ដែលបាន​រុញច្រាន​ដោយ​កំណើន​នៃការ​វិនិយោគ​ពីក្រៅ​ប្រទេស​ក្តី វិបត្តិ​មេរោគ​កូវីដ-១៩ បានកាត់​បន្ថយ​ឱកាស​ដ៏មាន​សក្តានុពល​នេះ ដោយសារតែ​វិធានការ​រឹតបន្តឹង និងទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃមេរោគ​កូវីដ-១៩។

ជាចុងក្រោយ អគ្គនាយក​ស្ថាប័ន​អន្តរជាតិ ​ADECCO ​បានបញ្ជាក់ថា ខណៈដែល​ក្រុមហ៊ុន​ទាំងអស់ បាន​អនុវត្ត​ទៅតាម​គោលការណ៍​ណែនំាំ​របស់​រដ្ឋាភិបាល​វៀតណាម យ៉ាង​ខ្ជាប់ខ្ជួន​នោះ ក្នុងការសម្អាត និងការពារ ការឆ្លង​មេរោគ​ក្នុង​កន្លែងធ្វើការក្តី ពួកគេ​គួរតែពិចារណា​បន្ថែម​ទៅលើ​ការគាំទ្រដល់ សុខភាព​ផ្លូវចិត្ត និងផ្លូវកាយ​របស់​បុគ្គលិក​បន្ថែមទៀត ជាជាង​ការ​បញ្ឈប់​ការងារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យ​ធានា​រ៉ាប់រង​កើនចំណូល​ជាង​១២% នៅឆមាស​ទី១​ឆ្នាំ​២០២០ ចំពេល​នៃ​វិបត្តិ​កូវីដ-១៩

ព័ត៌មាន
ចំពេលដែលវិបត្តិមេរោគរាតត្បាតកូវីដ-១៩កើតឡើង គេសង្កេតឃើញថា វិស័យធានារ៉ាប់រងកំពុងបង្ហាញពីកំណើនល្អ គួរឲ្យកត់សម្គាល់។ តួយ៉ាង បើតាមសមាគមធ…

គម្រោងខុនដូ Urban Village ត្រូវបានជ្រើសរើសឲ្យ​ចូល​ប្រកួត​យក​ពានរង្វាន់ចំនួន​៦​ក្នុង​កម្មវិធី​​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ

ព័ត៌មាន
ថ្មីៗនេះគម្រោងខុនដូទំនើប Urban Village ដំណាក់កាលទី២ ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះទី៣របស់ ក្រុមហ៊ុន Urban Hub Cambodia ត្រូវបានជ្រើសរើសឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ