បន្ថែមលើសពីនេះ ក្រុមបាល់ទាត់ហ្វូតសាលធនាគារ ខេប៊ីប្រាសាក់ បានឈ្នះពានរង្វាន់ឯកត្តជនទាំងអស់ក្នុងការប្រកួត AIA Corporate Cup 2026 រួមមាន ពានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ និងពានអ្នកចាំទីឆ្នើម។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ បានឆ្លុះបញ្ចាំងពីវិន័យ ការសហការ និងការប្តេជ្ញាចិត្តរបស់កីឡាករទាំងអស់ ចាប់តាំងពីវគ្គចែកពូល រហូតដល់ការប្រកួតផ្ដាច់ព្រ័ត្រ។
ក្នុងនាមជាជើងឯក ក្រុមបាល់ទាត់ហ្វូតសាលធនាគារ ខេប៊ីប្រាសាក់ នឹងតំណាងឱ្យក្រុមហ្វូតសាលនៃដៃគូសាជីវកម្មទាំងអស់របស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក្នុងប្រទេសកម្ពុជា ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AIA Championship នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ធនាគារ ខេប៊ីប្រាសាក់ និង អេ អាយ អេ ខេមបូឌា បានប្រកាសពីភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់អតិថិជនទូទាំងប្រទេស។