មុខរបរកសិកម្ម

កសិករថា របរ​ចិញ្ចឹមកង្កែប​ងាយស្រួល មានទីផ្សារ និងលក់បានថ្លៃ ជាងចិញ្ចឹមត្រីអណ្តែង និងត្រីក្រាញ់


ការចិញ្ចឹមកង្កែប កំពុងក្លាយជាមុខរបរពេញនិយមមួយទៀតសម្រាប់កសិករ បន្ទាប់ពីការចិញ្ចឹមត្រី ដោយបច្ចុប្បន្ននេះ គេសង្កេតថានៅតាមបណ្តាខេត្តនានា មានកសិករចិញ្ចឹមកង្កែបច្រើនឡើង ដោយសារតែតម្រូវការទីផ្សារកង្កែបមានការកើនឡើង។
ការចិញ្ចឹមកង្កែបងាយស្រួល មានទីផ្សារ និងលក់បានថ្លៃ ជាងចិញ្ចឹមត្រីអណ្តែង និងត្រីក្រាញ់
ដោយ

នៅឯស្រុកពញាក្រែក ខេត្តត្បូងឃ្មុំឯណោះ មានកសិដ្ឋានចិញ្ចឹមកង្កែប និងត្រី មួយកន្លែង កំពុងមមាញឹកផលិតពូជកង្កែប ដើម្បីចែកចាយដល់កសិករដទៃទៀត នៅក្នុងស្រុក ក្នុងគោលបំណងបង្កើនការផលិតក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅ។ តើការចិញ្ចឹមកង្កែប មានលក្ខណៈខុសប្លែកគ្នាពីការចិញ្ចឹមត្រីបែបណាខ្លះ? ក្រុមការងារយើងមានសេចក្ដីរាយការណ៍លម្អិមួយអំពីមុខរបរចិញ្ចឹមកង្កែបនេះ។ ដូច្នេះ សូមទស្សនិកជនតាមដានដោយមេត្រី។

បន្ទាប់ពីបំរើការងារនៅប្រទេសកូរ៉េខាងត្បូងអស់រយៈពេល៣ឆ្នាំ នៅពេលនេះលោក រាជ្យ បូរ៉ា បានក្លាយជា ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប និងត្រី មួយកន្លែង ដែលឈ្មោះថា ត្រពាំងព្រីង២ ដែលមានទីតាំងនៅភូមិត្រពាំងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អតីតពលករនៅប្រទេសកូរ៉េរូបនេះ បានប្រើដើមទុន ដែលសល់ពីការចាយវាយ យ៉ាងសន្សំសំចៃនិងត្បិតត្បៀតរបស់ខ្លួន ដោយបានចំណាយដើមទុនប្រមាណជិត២ម៉ឺនដុល្លារ ដើម្បីបើកសិដ្ឋានចិញ្ចឹមត្រី នៅលើផ្ទៃដីទំហំជិត២ពាន់ម៉ែត្រការ៉េ មាន១៦អាង ដែលបានចាប់ផ្តើមចិញ្ចឹម ត្រីក្រាញ់ និងត្រីអណ្តែង តែក្រោយមក លោកបានបន្ថែមការចិញ្ចឹមកង្កែបទៀត ដោយសំលឹងឃើញ កង្កែបមានទីផ្សារល្អនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចំពោះការចិញ្ចឹមកង្កែប និងត្រី លោក រាជ្យ បូរ៉ា បានអះអាងថា ចិញ្ចឹមកង្កែបងាយស្រួលជាង មានទីផ្សារ និងលក់បានតម្លៃថ្លៃជាងត្រីអណ្តែង និងត្រីក្រាញ់។

ទោះបីជា មិនមែនជាអ្នកដែលបានរៀនជំនាញកសិកម្មពីសាលា តែលោក រាជ្យ បូរ៉ា រៀបរាប់ថា លោកបានឈ្មុសឈ្មុលយ៉ាងស្វិតស្វាញ ក្នុងការដើររៀនសូត្រពីកសិដ្ឋានដទៃទៀត ក៏ដូចការចូលរួមបណ្តុះបណ្តាលជាមួយមន្ត្រីជំនាញខាងជលផលជាដើម មុននឹងបើកមុខរបរនេះជាផ្លូវការ។ 

ទីផ្សារសំខាន់របស់កសិដ្ឋានត្រពាំងព្រីង២ គឺរាជធានីភ្នំពេញ។ ដោយសារតែកង្កែបមានទីផ្សារគ្រាន់បើដែរ ជាពិសេសនៅក្នុងអំឡុងពេលកូវីដ១៩នេះ  លោក រាជ្យ បូរ៉ា បានផ្តោតទៅលើការលក់ពូជ ជាជាងការលក់សាច់ ដោយលោកអះអាងថា ការលក់ពូជគឺដាច់ខ្លាំងជាងពេលមិនទាន់ផ្ទុះកូវីដ១៩ទៅទៀត។

កសិដ្ឋានត្រពាំងព្រីង២ បានដំណើរការប្រហែល២ឆ្នាំហើយ នៅក្នុងប្រាក់ចំណេញដែលលោក រាជ្យ បូរ៉ាទទួលបាន គឺជិតរួចដើម ដែលគាត់បានចំណាយហើយ។ លោកគ្រោងនឹងពង្រីកកសិដ្ឋានរបស់លោកឲ្យកាន់ធំថែមទៀត និងលើកទឹកចិត្តដល់កសិករដទៃ ឲ្យងាកមករកការចិញ្ចឹមសត្វនៅក្នុងស្រុក ជាពិសេសការចិញ្ចឹមត្រី និងកង្កែបនេះ ដើម្បីឲ្យកម្ពុជា ដែលជាប្រទេសកសិកម្មមួយនេះ កាត់បន្ថយការនាំចូលត្រីសាច់ ជាអតិបរមានាពេលខាងមុខនេះ។

គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាប្រមាណ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្ដល់ឥណទានមានការប្រាក់ទាប ដល់វិស័យកសិកម្ម ដូចជាការចិញ្ចឹមសត្វ, ចិញ្ចឹមត្រី និងដាំដុះបន្លែជាដើម។ ដោយឡែកនៅឆ្នាំនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ចេញទុនចំនួន៥៥លានដុល្លារបន្ថែមទៀត ដើម្បីឲ្យទំហំផ្ដល់ឥណទានកើន ដល់៣០០លានដុល្លារក្នុងឆ្នាំនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រផលិតរថយន្តធំៗពីរត្រូវផ្អាក ក្រោយម៉ាឡេស៊ីបិទខ្ទប់ប្រទេសជាថ្មី

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តល្បីៗនៅលើពិភពលោកចំនួន២ គឺ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota និង Honda នឹងផ្អាកផលិតកម្មរបស់ខ្លួននៅប្រទេសម៉ាឡេស៊ីច…

ទូទាត់ថ្លៃទំនិញដោយ​ប្រើ​ ប័ណ្ណវីសា អេស៊ីលីដា លោកអ្នកទទួលបានប្រាក់ត្រឡប់វិញ !

ព័ត៌មាន
ជាដំណឹងល្អ​សម្រាប់​អ្នក​ប្រើប្រាស់ប័ណ្ណវីសា (VISA Card) របស់​ធនាគារ អេស៊ីលីដា ! នៅពេល​លោក​អ្នក​បង់​ថ្លៃ​ទំនិញ ឬសេវាកម្មផ្សេងៗ តាម​ប័ណ្ណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ