
លោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំ ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនយោធិនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាបផងដែរ។

សូមជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ នៃធនាគារខេប៊ីប្រាសាក់ បានចុះសួរសុខទុក្ខជនភៀសសឹក និងជួបសំណេះសំណាលជាមួយបុគ្គលិកនៅសាខាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ មិនតែប៉ុណ្ណោះ ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់ចំនួន 500,000 ដុល្លារអាមេរិក ក្នុងគោលបំណងចូលរួមជួយដល់ជនភៀសសឹក និងស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញ។

ខេប៊ីប្រាសាក់ ក៏បាននិងកំពុងអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាដោយសម្រាលបន្ទុកដល់គ្រួសារយោធិន តាមរយៈការលុបចោលបំណុលទាំងស្រុងជូនអតិថិជន និងអ្នករួមខ្ចី ជាយោធិនពលី និងសម្រួលការទូទាត់សងដល់យោធិនដែលរងរបួស ជនភៀសសឹក ការផ្តល់អាហារូបករណ៍ 100% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល 4 ឆ្នាំជូនដល់កូនៗរបស់វីរជនពលីជីវិតដែលជាអតិថិជន ឬ អ្នករួមខ្ចី របស់ខេប៊ីប្រាសាក់ និងការផ្តល់ឱកាសការងារជូនដល់កូនៗយោធិនទៀតផង។

ក្រៅពីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ធនាគារ ខេប៊ីប្រាសាក់ បាននាំយកអង្ករដែលជាអំណោយរបស់មូលនិធិបុគ្គលិកធនាគារខេប៊ីប្រាសាក់ ប្រគល់ជូនរដ្ឋបាលខេត្តចំនួន៧ ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីឧបត្ថមគាំទ្រដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិ និងចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនពលី និងឧបត្ថម្ភថវិកាផងដែរ។

