Advertisement
Advertisement
ការនាំចេញរបស់កម្ពុជា

ការនាំចេញនៃវិស័យកាត់ដេរ ធ្លាក់ចុះជាង៥% ខណៈរោងចក្រព្យួរកើនដល់ជាង៤៥០រោងចក្រ នៅឆមាសទី១ឆ្នាំ២០២០


ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរនៅក្នុងរយៈពេល ៦ខែ នៅឆ្នាំ២០២០នេះ បានបង្ហាញពីការធ្លាក់ចុះជាង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ខណៈដែលមកទល់ពេលនេះ មានរោងចក្រប្រមាណប្រមាណជាង៤៥០ រោងចក្របានព្យួរប្រតិបត្តិការ និងប៉ះពាល់ដល់ការងារកម្មកររាប់ម៉ឺននាក់។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការនាំចេញនៃវិស័យកាត់ដេរ ធ្លាក់ចុះជាង៥% ខណៈរោងចក្រព្យួរកើនដល់ជាង៤៥០រោងចក្រ នៅឆមាសទី១ឆ្នាំ២០២០
ដោយ
Advertisement

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាង​ថា រហូតមក​ទល់នឹង​ពេលនេះ មានរោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និងស្បែកជើង​ចំនួន ៤៥០រោងចក្រ​ហើយ ដែលបាន​ព្យួរ​ការងារ ខណៈដែល​ការនាំចេញ​នៃវិស័យ​កាត់ដេរនេះ នៅឆមាសទី១នេះ បានបង្ហាញ​ពីការធ្លាក់ចុះ​ជាង​៥% ធៀបនឹង​ឆមាសទី១ កាលពីឆ្នាំមុន។

ឯកឧត្តម ហេង សួរ​ លើកឡើងយ៉ាងដូច្នេះ​ថា « ពាក់ព័ន្ធជាមួយ​នឹងតួលេខ​នៃការនាំចេញ​សម្រាប់​វិស័យ​កាត់ដេរនេះ គឺ បើប្រៀបធៀប​ឆ្នាំ២០២០ ទៅឆ្នាំ​២០១៩ តាមតួលេខ​ដែលយើង​ទទួលបាន​ពីអគ្គនាយកដ្ឋាន​គយ​ហ្នឹង គឺមានការថយចុះ ៥,៤% ដែលឆ្នាំកន្លង​ទៅយើង​នាំចេញ​ក្នុង​ឆមាស​ទី១នេះ [ឆ្នាំ២០១៩] គឺជាង ៤ពាន់​លាដុល្លារ​អាមេរិក ប៉ុន្តែនៅ​ក្នុង​ឆមាសទី១ឆ្នាំ២០២០នេះ គឺជាង​៣.៧៨៤​លានដុល្លារ»។

ចំពោះមូលហេតុ​ដែលនាំឲ្យ​មាន​ការធ្លាក់ចុះ​នេះដែរ ត្រូវបានអ្នក​នាំពាក្យ​ក្រសួង​ការងារ​រូបនេះ បាន​បញ្ជាក់ថា ដោយសារតែ​មាន​ផលប៉ះពាល់​មកពី​ជំងឺ​កូវីដ-១៩ ដែលបានធ្វើឲ្យ​តម្រូវការ​នៃការបញ្ជា​ទិញសម្លៀក​បំពាក់​មាន​ការថយ​ចុះ​ជាសកល ខណៈដែល​ការថយចុះ​នៃវិស័យ​កាត់ដេរ​នេះ គឺមិនមែន​តែ​កម្ពុជា​នោះទេ ក្នុងនោះ​មានវៀតណាម និងបង់ក្លាដេស​ផងដែរ។

បើទោះបីជា​ការនាំចេញ​ក្នុងវិស័យ​កាត់ដេរ​មានការធ្លាក់ចុះ​បន្តិច​ក៏ពិតមែន ប៉ុន្ដែ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានគូស​បញ្ជាក់ដែរ​ថា នៅក្នុង​រយៈពេល​៥​ខែដំបូង ក្នុងឆ្នាំ​២០២០ ការនាំចេញ​សរុប​ជារួម​របស់​កម្ពុជា ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំ​២០១៩ មិនទាន់​មាន​ភាពអវិជ្ជមាន​នៅ​ឡើយទេ ពោលគឺ​នៅតែ​រក្សា​បាន​តួលេខ​វិជ្ជមាន។ ប៉ុន្តែអាច​នឹងមាន​ការថមថយ​នៅពេល​ដំណាច់​ឆ្នាំនេះ ដោយសារ​មានការ​លុបចោល​នូវការបញ្ជា​ទិញ​ច្រើននៅ​ក្នុងវិស័យ​កាត់ដេរនេះ។

ឯកឧត្តម វង្សី វិស្សុត បានបន្ថែមទៀត​ថា កំណើន​សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំង​ទៅកត្តា​ខាងក្រៅស្រុក ជាងកត្តា​ក្នុងស្រុក ដែលអាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាង ៧%ក្នុង​មួយឆ្នាំ។ ឯកឧត្តមបានបញ្ជាក់​ថា « ទីផ្សារខាងក្រៅ​មិនមែន​រលំទាំងស្រុង​ឯណា យើងធ្លាក់​ថយ​ខ្លាំងកាត់ដេរ យើងកាត់ដេរ​៥ខែនេះ យើងធ្លាក់​ច្រើន​លើវិស័យ​កាត់ដេរ ទីផ្សារយើង​នៅអឺរ៉ុបធ្លាក់ខ្លាំង ទីផ្សារ​អាមេរិក​មុន​ដំបូងកើន ឥឡូវធ្លាក់​បន្តិចវិញ ប៉ុន្តែយើងអ្វី​ផ្សេងទៀត(ផលិតផល​​គ្រឿងអេឡិចត្រូនិច កង់ កសិកម្ម) ដែលយើង​នាំទៅ វាអត់​ទាន់ធ្លាក់ទេ»។

បើតាម​​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​រូបនេះ បាន​ឲ្យដឹងទៀតថា ដើម្បីជួយ​សម្រួល​បន្ទុក​ដល់​ថៅកែ​រោងចក្រ និង​ជួយដល់​កម្មករ​ដែលត្រូវបាន​ព្យួរការងារ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ចំនួន ៤០​ដុល្លារអាមេរិក ក្នុងមួយខែ​សម្រាប់​ពួកគេ ដោយក្នុងនោះ រាជរដ្ឋាភិបាល​មានកញ្ចប់​ថវិកាប្រមាណ ៦០​លាន​ដុល្លារអាមេរិក​ ហើយមកទល់ពេលនេះ មានកម្មករកម្មការិនីប្រមាណ ១៧ម៉ឺននាក់ហើយ ដែលទទួលបាន​ប្រាក់​ឧបត្ថម្ភនេះ។

តាមការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការងារ​ នៅឆ្នាំ២០២០នេះ រោងចក្រកាត់ដេរ ដែល​បាន​បិទទ្វារ​លលែង​ដំណើរការ​ចំនួន​៨៣រោងចក្រហើយ ខណៈដែល​កាលពីឆ្នាំ​២០១៩ បិទទ្វារ​ចំនួន​​៧៥រោចក្រ។ មន្ត្រីនាំពាក្យ​រូបនេះ បានអះអាងទៀតថា បើកុំតែ​មានគោលនយោបាយលើកទឹកចិត្ត និងការសម្របសម្រួល​ពីសំណាក់រាជរដ្ឋាភិបាល​ទេនោះ ចំនួន​នៃការបិទរោងចក្រ​នៅឆមាសទី១នៃឆ្នាំ​នេះ គឺអាច​នឹងមាន​ការកើនឡើង​ច្រើនជាងនេះទៀត៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា ការខ្ចីបំណុលពីចិន​បង្ហាញពីនិន្នាការធ្លាក់ចុះ!

ព័ត៌មាន
នៅរយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ ការខ្ចីបំណុលពីប្រទេសចិនហាក់មាននិន្នាការថមថយចុះ គួរឲ្យកត់សម្គាល់ ក៏ប៉ុន្ដែ បើមើលទៅលើការខ្ចីបំណុលពីប្រទេ...

ត្រីមាសទី១ AirAsia ខាត​ជាង ១៨០លាន​ដុល្លារ​; អនាគត​ក្រុមហ៊ុន​ស្ថិតក្នុង​ភាព​ស្រពេចស្រពិល!

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍​ AirAsia របស់​ប្រទេសម៉ាឡេស៊ី ដែលល្បីល្បាញ​ដោយសារ​លក់​សំបុត្រ​យន្តហោះតម្លៃទាបជាងគេបំផុត បានប្រកាស​ពី​ការ​រកស៊ី​ខ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ