លោក ប៊ុន នាង អ្នកជំនាញដាំដុះដំណាំទុរេនម្នាក់នៅកម្ពុជា កត់សម្គាល់ឃើញថា បច្ចេកទេសដាំដុះដំណាំទុរេននៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះម្ចាស់ចម្ការភាគច្រើនមានការយល់ដឹងខ្ពស់ជាងមុនលើបច្ចេកទេសដាំដុះ ដែលជាហេតុធ្វើឱ្យដំណើរការផលិតមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកជំនាញរូបនេះជឿជាក់ថា ទីផ្សារ ក៏ដូចជាតម្លៃទុរេននៅកម្ពុជានឹងកាន់តែមានភាពល្អប្រសើរ ប្រសិនបើទុរេនខ្មែរពិតជាអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន នាពេលខាងមុខមែននោះ។ លោក ប៊ុន នាង បានអះអាងថា លោក ក៏ដូចជាម្ចាស់ចម្ការជាច្រើនទៀតបានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងបានត្រៀមខ្លួនជាច្រើនឆ្នាំមកហើយក្នុងការអនុវត្តបច្ចេកទេសដាំដុះទុរនឱ្យស្របតាមស្តង់ដា សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ស្រដៀងគ្នានេះដែរ ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនម្នាក់នៅខេត្តកំពត ជឿជាក់ថា ប្រសិនបើកម្ពុជាអាចបើកទីផ្សារនាំចេញទុរេនខ្មែរទៅកាន់ទីផ្សារចិនបាននៅឆ្នាំក្រោយមែននោះ វានឹងធ្វើឱ្យទុរេនខ្មែរមានទីផ្សារកាន់តែច្រើន ហើយម្ចាស់ចម្ការក៏នឹងមានទឹកចិត្តកាន់តែខ្លាំងក្នុងការជំរុញការដាំដុះដែរ។ តែយ៉ាងណាម្ចាស់ចម្ការទុរេនរូបនេះកត់សម្គាល់ឃើញថា កសិករដាំទុរេនមួយចំនួនហាក់ពុំទាន់មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការថែទាំនៅឡើយទេ ដែលទាមទារឱ្យមានការជួយបណ្តុះបណ្តាលពីមន្ត្រីជំនាញបន្ថែមទៀត។ សម្រាប់ឧកញ៉ា ចាន់ ស៊ីថា ទុរេនរបស់លោកដែលបានដាំរួមគ្នានៅក្នុងចម្ការម្រេច គឺមិនមានការបារម្ភលើគុណភាពនោះទេ ដ្បិតការដាំដុះនេះធ្វើឡើងជាលក្ខណៈសរីរាង ដែលមានការទទួលស្គាល់ពីអន្តរជាតិ។
ជាមួយគ្នានេះលោក ឃឹម ប៊ុនឡែន ម្ចាស់ចម្ការទុរេនម្នាក់នៅខេត្តកំពត និងជាប្រធានក្រុមហ៊ុន Farmer Forward Cambodia ដែលជាក្រុមហ៊ុននាំចេញទុរេនទៅកាន់ទីផ្សារថៃ យល់ឃើញថា ប្រសិនបើទុរេនខ្មែរ អាចនាំចេញទៅកាន់ទីផ្សារចិន នាពេលខាងមុខ នោះវាជារឿងល្អសម្រាប់កសិករ ហើយនឹងធ្វើឱ្យកសិករឈានដល់ការពង្រីកការដាំដុះបន្ថែមទៀត។ សម្រាប់ម្ចាស់ចម្ការដែលមានដើមទុរេនប្រមាណ៥ពាន់ដើមរូបនេះ ហាក់ពុំមានការព្រួយបារម្ភលើបញ្ហាគុណភាពនោះទេ ដ្បិតទុរេនដែលលោកបានដាំដុះត្រូវបានធ្វើឡើងតាមស្តង់ដា ហើយក៏បាននាំចេញទៅប្រទេសថៃ និងវៀតណាម ផងដែរ។ ហើយប្រសិនបើទុរេនខ្មែរ អាចនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន នោះនឹងធ្វើឱ្យកសិករខ្មែរកាន់តែមានលទ្ធភាពល្អបន្ថែមទៀត។
ពាក់ព័ន្ធនឹងគម្រោងនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិននេះ ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា មកទល់ពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំនីតិវិធីបែបបទពាក់ព័ន្ធផ្លែទុរេនរួចរាល់ហើយ ហើយរំពឹងនឹងអាចនាំចេញទៅកាន់ទីផ្សារចិននៅអំឡុងឆ្នាំ២០២៥ ខាងមុខនេះ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការដាក់ឯកសារទៅកាន់ប្រទេសចិន គឺទទួលបានសញ្ញាវិជ្ជមាន តែនៅរង់ចាំភាគីចិនចុះមកពិនិត្យបច្ចេកទេសដាំដុះ និងការវេចខ្ចប់ដោយផ្ទាល់តែប៉ុណ្ណោះ។
យោងតាមទិន្ន័យកាលពីឆ្នាំ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កម្ពុជា មានផ្ទៃដីដាំដុះទុរេនចំនួន៥,២៨៩ហិកតា។ ទន្ទឹមនេះការនាំចេញទុរេននៅរយៈពេល៥ខែ ក្នុងឆ្នាំ២០២៤ មានចំនួន៦,២២៨តោន មានការកើនឡើង១០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ៖ បូ ដូឡា