ផ្សារ​ទំនើប Parkson

ផ្សារទំនើប Parkson នៅ​វៀតណាម​បិទ​៤​សាខា​ហើយ! ខណៈ​សាខា​ទី១​នៅ​កម្ពុជា​​មិន​ទាន់​បើក​នៅ​ឡើយ!


សាខា​ផ្សារ​ទំនើប Parkson ជា​ច្រើន​កន្លែង នៅ​វៀតណាម ត្រូវ​បាន​បិទ​ទ្វារ​ជា​បណ្ដើរៗ​ហើយ ជាក់ស្ដែង កាល​ពី​ពេល​ថ្មី​នេះៗ ការ​បិទ​ទ្វារ​ផ្សារ​ទំនើប​មួយ​នេះ បាន​ឈាន​ចូល​មក​ដល់​សាខា​ទី៤​ហើយ។ ជាមួយ​គ្នា​នេះ​ដែរ ផ្សារ​ទំនើប​ដែល​មាន​មូលដ្ឋាន​ដើម​នៅ​ប្រទេស​ម៉ាឡេស៊ី​មួយ​នេះ ក៏​បាន​និង​កំពុង​សាងសង់​អគារ​ដ៏​ធំ​មួយ ដែល​អាច​និយាយ​បាន​ថា ជា​ផ្សារ​ទំនើប​ធំ​ជាង​គេ​មួយ​នៅ​កម្ពុជា​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ ការ​សាងសង់​នេះ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​នៅ​មិន​ទាន់​បាន​បើក​ដំណើរការ​នៅ​ឡើយ​ទេ។
អគារ​ផ្សារ​ទំនើប​ Parkson នៅ​ប្រទេស​វៀតណាម។ នៅវៀតណាម ផ្សារ​ទំនើប Parkson មក​ពី​ម៉ាឡេស៊ី បាន​បិទ​សាខាចំនួន ៤​កន្លែង​ហើយ ខណៈ​ដែល​នៅ​កម្ពុជា ផ្សារ​ធំ​នេះ​កំពុង​សាងសង់​ និង​មិនទាន់​បើក​សម្ពោធ​នៅឡើយ។
ដោយ

សារព័ត៌មាន​ធំ​មួយ​របស់​វៀតណាម បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Parkson Holdings ដែល​ជា​ប្រតិបត្តិករ​ផ្សារ​ទំនើប​លក់​ទំនិញ​ដ៏​ធំ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ពង្រីក​សាខា​ជា​ច្រើន​កន្លែង​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី បាន​សម្រេច​បិទ​សាខា​របស់​ខ្លួន​មួយ​ទៀត​ហើយ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដែល​នេះ​ជា​សាខា​ទី​៤​ហើយ ដែល​ក្រុមហ៊ុន​នេះ​បាន​បិទទ្វារ ដោយសារ​តែ​ប្រតិបត្តិការ​អាជីវកម្ម​ធ្លាក់​ចុះ។

ផ្សារ​ទំនើប Parkson បាន​ចូល​ក្នុង​ទីផ្សារ​វៀតណាម​តាំង​ពី​ឆ្នាំ​២០០៥ និង​បាន​បើក​សាខា​រហូត​ដល់ ៨​កន្លែង នៅ​ទីក្រុង​ហូជីមិញ និង​ហាណូយ តែ​បច្ចុប្បន្ន នៅ​សល់​តែ ៤​សាខា​ប៉ុណ្ណោះ ដែល​កំពុង​ដំណើរការ។ 

បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម ក្រុមហ៊ុន​ដែល​ជា​ប្រតិបត្តិករ​ផ្សារ​ទំនើប​នេះ បាន​ខាត​បង់​ប្រាក់​ប្រមាណ ៦០​ពាន់​លាន​ដុង ឬ​ស្មើ​នឹង ២,៦​លាន​ដុល្លារ​អាមេរិក។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ បើតាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Parkson នេះ បាន​ឲ្យ​ដឹង​ថា ការ​បិទ​ផ្សារ​ទំនើប Parkson Flemmington ដែល​ជា​សាខា​ទី៤ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នោះ​ឡើយ។ 

គេ​សង្កេត​ឃើញ​ដែរ​ថា វិស័យ E-commerce នៅ​វៀតណាម បាន​ចាប់​ផ្ដើម​ពុះ​កញ្ជ្រោល​ឡើង ជាមួយ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​អ្នក​ប្រើប្រាស់​អ៊ិនថឹណិត និង​ស្មាតហ្វូន ហើយ​ក៏​មាន​ការ​វិនិយោគ​ក្រាស់​ក្រែល នៅ​ក្នុង​វិស័យ​នេះ ផងដែរ។ លើស​ពី​នេះ វិស័យ E-Commerce នៅ​វៀតណាម ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពង្រីក​វិសាលភាព​កាន់តែ​ធំ​ឡើងៗ​នៅ​ក្នុង​ទីផ្សារ។ ការ​ស្ទុះ​ឡើង​ខ្លាំង​នៃ​វិស័យ​នេះ ត្រូវ​បាន​គេ​ចាត់ទុក​ថា ទំនង​ជា​កត្តា​មួយ​បង្ក​ឲ្យ​ការ​លក់រាយ​តាម​បែប​ប្រពៃណី​មាន​ការ​ថមថយ​កំណើន។

នៅ​ឆ្នាំ​២០១៦ ទីផ្សារ E-commerce វៀតណាម មាន​ទំហំ​ជា​ទឹក​ប្រាក់​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​ទីផ្សារ​មួយ​ដែល​មាន​ការរីក​លូតលាស់​លឿន​បំផុត​នៅ​លើ​ពិភពលោក។ ចំណូល​ពី​​វិស័យ​លក់​រាយ​នៅ​លើ​អនឡាញ​របស់​វៀតណាម ត្រូវ​បាន​គេព្យាករ​ថា នឹង​កើន​ដល់ ១០​​ពាន់​​លាន​​ដុល្លារ នៅ​ឆ្នាំ​២០២០ ស្មើ​នឹង​ប្រមាណ ៥% នៃ​ទីផ្សារ​លក់រាយ​សរុប​របស់​ប្រទេស​នេះ។ 

អគារ​ផ្សារ​ទំនើប Parkson នៅកណ្ដាល​រាជ​ធានី​ភ្នំពេញ ដែល​មិន​ទាន់​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ឡើយ រហូត​មក​ទល់​ខែ​មីនា ឆ្នាំ​២០១៨​នេះ។ (រូបភាព៖ ហេង ភារម្យ)

ដោយឡែក បើ​និយាយ​ពី​ផ្សារ​ទំនើប Parkson ដែល​បាន​និង​កំពុង​សាងសង់​នៅ​កម្ពុជា​ឯណេះ​វិញ ហាក់​អូស​បន្លាយ​ពេល​វេលា​បើក​ដំណើរការ​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​កាល​ពី​ពេល​កន្លង​ទៅ ក្រុមហ៊ុន​គ្រប់គ្រង​ផ្សារ​ទំនើប​នេះ ធ្លាប់​បាន​អះអាង​ថា នឹង​បើក​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៧ តែ​គិត​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​បើក​ដំណើរការ​នៅ​ឡើយ​ទេ។ ផ្សារ​ទំនើប​នេះ ត្រូវ​បាន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អាមេរិក។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ សម្រាប់​កម្ពុជា ផ្សារ​ទំនើប​ខ្នាត​យក្ស Parkson មួយ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​គូ​ប្រជែង​ដ៏​ធំ​មួយ​ជាមួយ​នឹង​ផ្សារ​ទំនើប AEON ខណៈ​ដែល​ផ្សារ​ទំនើប​ទាំង​ពីរ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផ្សារ​ទំនើប​ធំ​ជាង​គេ​ខ្នាត​យក្ស​នៅ​កម្ពុជា។ ក្នុងនោះ ផ្សារ​ទំនើប AEON ក៏​បាន​និង​កំពុង​សម្រុក​សាងសង់​សាខា​ទី២​របស់​ខ្លួន​ដោយ​សម្រេច​បាន​មួយ​ភាគ​ធំ​ហើយ ខណៈ​ដែល​ផ្សារ​ទំនើប Pakson ក៏​មាន​មហិច្ឆតា​ពង្រីក​ជា​ច្រើន​សាខា​នៅ​កម្ពុជា ផង​ដែរ ប៉ុន្ដែ នៅ​ឡើយ​សាខាទី១​នៅ​មិនទាន់​បើក​ទ្វារ​​ទេ ខណៈ​ដែល​ការ​សាងសង់ តាម​ការ​សង្កេត​ជាក់ស្ដែង សម្រេច​បាន​ប្រហែល​ជាង ៩០% ហើយ។

គួរ​បញ្ជាក់​ដែរ​ថា យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧​នេះ វិស័យ​លក់​ដុំ​និង​រាយ​របស់​កម្ពុជា ហាក់​មាន​ភាព​រីក​លូត​លាស់​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ មាន​កំណើន​ប្រមាណ​ជិត ៨% ដែល​កំណើន​នេះ​បាន​នាំមុខ​វិស័យ​ដឹកជញ្ជូន​និង​គមនាគមន៍ និង ទេសចរណ៍៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ តំបន់​ជុំវិញ​រាជ​ធានី​ភ្នំពេញ​សុទ្ធតែ​ជា​មុខព្រួញ​សម្រាប់​ការ​អភិវឌ្ឍ​លំនៅដ្ឋាន

ព័ត៌មាន
នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជ​ធានី​ភ្នំពេញ​បាន​និង​កំពុង​មាន​ការ​ផ្លាស់​ប្ដូរ​នូវ​មុខមាត់​របស់​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា…

អ្នក​រស់នៅ​ក្បែរ​ភ្នំ​សំពៅ ដាំ​ផ្កា​ចង្ក្រង​ស្វា ដើម្បី​ឲ្យ​ដី​មាន​ជី​ជាតិ តែ​ភ្ញៀវ​ទេសចរ​មក​ថតរូប​ភ្លូក​ទឹក​ភ្លូក​ដី

ព័ត៌មាន
ចម្ការ​ចង្រ្កង​ស្វា នៅ​ក្បែរ​ភ្នំ​សំពៅ តាម​ផ្លូវ​ជាតិ​ពី​ខេត្ត​បាត់ដំបង​ឆ្ពោះ​ទៅកាន់​ខេត្ត​ប៉ៃលិន បាន​ទាក់ទាញ​អ្នក​ទេសចរ​ជា​ច្រើន ដោយ​ពួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ