លោក ជំទាវ លី សុខឆេង ជាអគ្គនាយិកា នៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានអះអាងថា ផ្សារទេសចរណ៍ខ្មែរ «ភូមិខ្មែរអ្នកធ្វើ» បង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ទាក់ទងនឹងសហគមន៍ រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបង្ហាញអំពីអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរ ហើយមានតែ ប្រជាជនខ្មែរ ប៉ុណ្ណោះ ដែលជាអ្នកបង្កើតនិងត្រូវបន្ដថែរក្សាកេរតំណែលទាំងនេះ ឱ្យនៅបន្ដគង់វង្សទៅមុខ។
យ៉ាងណាមិញ ចំពោះ ផ្សារទេសចរណ៍ខ្មែរ «ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប» ដែលទើបបើកសម្ពោធថ្មីនេះ បានបំផុសនូវរចនាបថបែប ជនបទ ទេសភាពព្រៃលិចទឹក ចេញពីសហគមន៍ទេសចរណ៍កំពង់ភ្លុក នៃខេត្តសៀមរាប ដោយការរៀប ចំប្លង់ទីតាំង តូបលក់អាហារ រហូតដល់កន្លែងអង្គុយទទួលទានអាហារ គឺឆ្លុះបញ្ចាំងពីជីវភាពរស់ នៅពិតៗ របស់ ប្រជាសហគមន៍។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុនជីប ម៉ុង បានគូស បញ្ជាក់ដែរថា ក្នុងនាមជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ១០០% ជីប ម៉ុង រីថេល មាន នូវចក្ខុវិស័យដ៏ វែងឆ្ងាយ ក្នុងការប្រមូលផ្ដុំ និងជួយជ្រោមជ្រែង ម៉ាកយីហោ ផលិតផល ស្នាដៃសិល្បៈ និងវប្បធម៌ប្រពៃណីខ្មែរ ឱ្យបន្តរីកចម្រើនទៅមុខជាមួយគ្នា។
ផ្សារទេសចរណ៍ខ្មែរ ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប មានប្រមូលផ្ដុំទៅដោយម្ហូបអាហារជាច្រើនរាប់ មិនអស់ ដែលប្រៀបដូចជា ឋានសួគ៌ សម្រាប់ អ្នកចូលចិត្តញ៉ាំ និងភ្លក់មុខម្ហូបថ្មីៗប្លែកៗ។ ក្រៅពីនេះ ក៏មានការដាក់លក់ វត្ថុអនុស្សវរីយ៍ គ្រឿងអលង្កាបែបប្រពៃណីខ្មែរ ចម្លាក់ និងការសម្ដែងរបាំ និងឧបករណ៍តន្ត្រីបុរាណផងដែរ។
តាមផែនការរបស់ក្រុមហ៊ុន ជីប ម៉ុង ការអភិវឌ្ឍផ្សារទេសចរណ៍ ភូមិខ្មែរអ្នកធ្វើ នឹងបន្ដពង្រីកបន្ថែម ទៅកាន់សាខា ផ្សេងៗទៀត របស់ផ្សារទំនើប ជីប ម៉ុង ជាមួយនឹងការច្នៃប្រឌិត ថ្មីៗ ទាំងរចនាបថ និងផលិតផល ដើម្បីឆើយតបតាមតម្រូវការរបស់ ប្រជាពលរដ្ឋ និងបន្ដលើកស្ទួយផលិតផលខ្មែរ៕