សារព័ត៌មាន The Straits Times បានរាយការណ៍នៅថ្ងៃទី២៩ ខែកញ្ញា ថា ភាពរញ៉េរញ៉ៃនៅព្រលានយន្តហោះស៊ុវណ្ណភូមិ បានឈានដល់កម្រិតប្រកាសអាសន្ន ដោយសារការខ្វះខាតបុគ្គលិកផ្នែកគ្រប់គ្រង និងដឹកជញ្ជូនអីវ៉ាន់យ៉ាងធ្ងន់ធ្ងរនៅទូទាំងស្ថានីយអ្នកដំណើរ។ អ្នកដំណើរជាច្រើនត្រូវរង់ចាំយកវ៉ាលីសរហូតដល់៥ទៅ៦ម៉ោង ហើយអ្នកខ្លះទៀតត្រូវកកស្ទះរង់ចាំរហូតដល់ថ្ងៃបន្ទាប់។ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានប្រកាសលុបចោលជើងហោះហើរទៅមកទាំងក្នុងស្រុក និងអន្តរជាតិមួយចំនួន រួមទាំងជើងហោះហើរបាងកក-ហាណូយ និងបាងកក-សិង្ហបុរីផងដែរ ដោយសារតែវិបត្តិខ្វះកម្លាំងពលកម្មនៅក្នុងព្រលានយន្តហោះ។
ក្រុមអ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសជប៉ុនបានសម្តែងការខឹងសម្បារ និងរៀបរាប់ថា ពួកគេត្រូវឈររង់ចាំយកអីវ៉ាន់ជាង២ម៉ោងដោយគ្មានវត្តមានបុគ្គលិក ឬអ្នកសម្របសម្រួលណាម្នាក់ចេញមុខមកពន្យល់ពីមូលហេតុឡើយ។ វិបត្តិប្រតិបត្តិការនៅអាកាសយានដ្ឋានដ៏ធំបំផុតរបស់ថៃមួយនេះ បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ មហាជន និងអ្នកដំណើរបានផ្ទុះការរះគន់យ៉ាងខ្លាំង ហើយបានចោទសួរពីការទទួលខុសត្រូវរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលនៅតែបន្តជើងហោះហើរទាំងដឹងថាកំពុងជួបវិបត្តិខ្វះបុគ្គលិកយ៉ាងធ្ងន់ធ្ងរដោយសារតែការស្ទះចរាចរណ៍ និងទឹកជំនន់លិចលង់នៅទូទាំងទីក្រុងបាងកក។
ប្រភពព័ត៌មានបែកធ្លាយមួយបានទម្លាយថា ដើមហេតុដែលនាំឱ្យមានការកកស្ទះអីវ៉ាន់របស់អ្នកដំណើររបស់ក្រុមហ៊ុន Thai Airways គឺដោយសារក្រុមហ៊ុនបានផ្តល់អាទិភាពដល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍បរទេសជាដៃគូ មុនជើងហោះហើររបស់ខ្លួន ដើម្បីចៀសវាងការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ តាមកិច្ចសន្យាសេវាកម្មព្រលានយន្តហោះ។
កត្តានេះបានធ្វើឱ្យអ្នកដំណើររបស់ Thai Airways ផ្ទាល់ ត្រូវបានគេមើលរំលងរហូតបណ្តាលឱ្យមានការយឺតយ៉ាវ និងពន្យារពេលជើងហោះហើរជាច្រើនម៉ោង។ បច្ចុប្បន្នក្រុមហ៊ុន Airports of Thailand (AOT) និងក្រសួងដឹកជញ្ជូនថៃបានប្រកាសបើកការស៊ើបអង្កេតបន្ទាន់លើហេតុការណ៍នេះ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស