លោក អានុទីន

វិបត្តិទឹកជំនន់នៅទីក្រុងបាងកក បានបន្ថែមសម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលលោក អានុទីន ចំពេលប្រជាប្រិយភាពកំពុងដាំក្បាលចុះ


គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅទីក្រុងបាងកក បានរុញច្រានឱ្យការឆ្លើយតបរបស់រដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុល រងការរិះគន់ និងឃ្លាំមើលយ៉ាងដិតដល់ពីសាធារណជន។ វិបត្តិនេះបានកើតឡើងចំពេលដែលលទ្ធផលស្ទង់មតិរបស់ NIDA Poll ដែលជាមជ្ឈមណ្ឌលស្ទង់មតិសាធារណៈដ៏ល្បីល្បាញ និងជាទីទុកចិត្តបំផុតមួយនៅក្នុងប្រទេសថៃបានបង្ហាញថា ប្រជាប្រិយភាពរបស់លោក អានុទីន និងគណបក្ស ភូមចៃថៃបានធ្លាក់ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ តាំងពីមុនពេលមានគ្រោះមហន្តរាយនេះម្ល៉េះ។
លោក អានុទីន
ដោយ

កាសែត The Nation របស់ថៃបានរាយការណ៍នៅថ្ងៃទី២៩ ខែកញ្ញា ថា ស្ថានភាពទឹកជំនន់នៅទូទាំងទីក្រុងបាងកក បានធ្វើឱ្យមានការរិះគន់ និងចោទសួរពីមហាជនជុំវិញសមត្ថភាពគ្រប់គ្រងវិបត្តិ និងប្រព័ន្ធផ្តល់សញ្ញាព្រមានជាសាធារណៈរបស់រដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុល ក្នុងការទប់ទល់នឹងបាតុភូតធម្មជាតិដ៏អាក្រក់នេះ។ បញ្ហានេះបានធ្វើឱ្យពលរដ្ឋថៃមួយចំនួន ដែលរងគ្រោះធ្ងន់ធ្ងរបានប្រើប្រាស់ពាក្យសម្តីចំអកឡកឡើយ និងចោទជាសំណួរ អ្នកមកធ្វើអ្វី? ដាក់លោក អានុទីន ក្នុងអំឡុងពេលលោកចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះ។
ភ្លៀងធ្លាក់យ៉ាងកំហុកនៅប៉ុន្មានថ្ងៃជាប់ៗគ្នាចាប់តាំងពីថ្ងៃទី២៤ ខែកញ្ញា មក បានធ្វើឱ្យខណ្ឌជាច្រើននៅក្នុងក្រុងបាងកក គ្របដណ្តប់ដោយទឹក លិចលង់ផ្លូវថ្នល់ ផ្ទះសំបែង និងយានយន្ត ព្រមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ពលរដ្ឋថៃរាប់ពាន់គ្រួសារត្រូវបង្ខំចិត្តជម្លៀសខ្លួនរកទីទួលសុវត្ថិភាព ខណៈអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មានមនុស្សស្លាប់ដោយសារករណីឆក់ខ្សែភ្លើងក្នុងគ្រោះទឹកជំនន់នេះថែមទៀតផង។
ស្របពេលដែលរដ្ឋាភិបាលកំពុងរងសម្ពាធលើការឆ្លើយតបនឹងគ្រោះធម្មជាតិ ស្ថានភាពនយោបាយរបស់លោក អានុទីន ក៏កំពុងស្ថិតក្នុងភាពរង្គោះរង្គើផងដែរ។ ផ្អែកតាមលទ្ធផលស្ទង់មតិថ្នាក់ជាតិរបស់ NIDA Poll ដែលធ្វើឡើងលើប្រជាជន២,៥០០នាក់ អត្រាគាំទ្រចំពោះលោក អានុទីន ក្នុងនាមជានាយករដ្ឋមន្ត្រី បានធ្លាក់ចុះជាលំដាប់ក្នុងរយៈពេល៣ត្រីមាសចុងក្រោយនេះ ដោយនៅត្រីមាសទី១ទទួលបានការគាំទ្រ ជាង២៩% ខណៈនៅត្រីមាសទី២ធ្លាក់ចុះមកនៅត្រឹមជាង២១% និងនៅត្រីមាសទី៣បានបន្តធ្លាក់ចុះមកនៅត្រឹមជិត១៤%ប៉ុណ្ណោះ។ ដូចគ្នានេះដែរ ការគាំទ្រចំពោះគណបក្សភូមិចៃថៃក៏បានធ្លាក់ចុះពីជាង២៦% ក្នុងត្រីមាសទី១មកនៅត្រឹម១៧% ក្នុងត្រីមាសទី២ និងបន្តធ្លាក់មកនៅត្រឹមជាង១២% នៅក្នុងត្រីមាសទី៣។
គួរបញ្ជាក់ថា ការស្ទង់មតិនេះបានប្រមូលទិន្នន័យចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ពោលគឺមួយថ្ងៃមុនពេលវិបត្តិទឹកជំនន់បានផ្ទុះឡើងខ្លាំង។ ដូច្នេះតួលេខទាំងនេះមិនទាន់បានឆ្លុះបញ្ចាំងពីប្រតិកម្មរបស់ប្រជាជនចំពោះចំណាត់ការដោះស្រាយទឹកជំនន់របស់រដ្ឋាភិបាលថៃនៅឡើយទេ។ យ៉ាងណាក៏ដោយ ចំណាត់ការលើគ្រោះមហន្តរាយនាពេលនេះ នឹងក្លាយជាការសាកល្បងសមត្ថភាពនយោបាយដ៏សំខាន់មួយទៀតសម្រាប់លោក អានុទីន ថាតើលោកអាចស្តារប្រជាប្រិយភាព និងទំនុកចិត្តពីសាធារណជនឡើងវិញបាន ឬយ៉ាងណា៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ខ្មែរផលិត ខ្មែរគាំទ្រ ខ្មែរខ្លាំង៖ ជីប ម៉ុង បង្កើតផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប» ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ទេសចរណ៍ និងសិល្បៈវប្បធម៌

ការបង្កើតទីផ្សារសម្រាប់ផលិតផលក្នុងស្រុក និងជំរុញឱ្យប្រជាពលរដ្ឋងាកមកគាំទ្រ ផលិតផលដែលជាស្នាដៃរបស់ខ្មែរ គឺជាកត្តាដ៏សំខាន់ ក្នុងការលើកស្ទួយសហគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ