លោក លន់ យ៉េង បានអះអាងទៀតថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរយៈពេលពីរសប្តាហ៍ក្នុងខែមីនា មានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នា កាលពីខែមករា និងខែកុម្ភៈ កន្លងមក ដែលវាជាក្ដីរំពឹងថាការនាំចេញអង្កររបស់កម្ពុជានៅខែបន្ដបន្ទាប់ទៀតអាចនឹងមានការស្ទុះងើបឡើងវិញ។
ជាមួយគ្នានេះ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ការនាំចេញអង្កររបស់កម្ពុជាហាក់មានស្ថិរភាពល្អប្រសើរជាងមុនបើគិតនៅក្នុងដើមខែមីនានេះ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២១ កន្លងមក។
ហេតុអ្វីក៏ការនាំចេញអង្កររបស់កម្ពុជាកាលពី២ខែកន្លងទៅនេះ ធ្លាក់ចុះខ្លាំង?
បើតាមអ្នកជំនាញអះអាងថា ការនាំចេញអង្ករ ធ្លាក់ចុះខ្លាំងនេះ បញ្ហាចម្បងគឺដោយសារកង្វះទូកុងតឺន័រ និងថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់មិនធ្លាប់មាន ដោយការដឹកតាមកប៉ាល់ឡើងថ្លៃដល់ទៅ៥០០%ទៅហើយ។
ទោះយ៉ាងណាលោក លន់ យ៉េង បានបញ្ជាក់ថា ចូលមកដល់ខែមីននា តម្លៃដឹកជញ្ជូនចាប់ផ្ដើមស្រកចុះវិញខ្លះៗហើយ ជាក់ស្ដែង តម្លៃដឹកជញ្ជូនទៅកាន់ទីផ្សារចិន មានការធ្លាក់ចុះ ២០% និងការដឹកជញ្ជូនទៅអឺរ៉ុបវិញក៏ថយចុះតិចតួចដែរ។ កត្តានេះហើយ បានជួយឲ្យបរិមាណនាំចេញអង្ករនៅខែមីនានេះ ចាប់ផ្ដើមស្ដារបានមកវិញជាបណ្ដើរៗ។
ទោះជាបែបនេះក្ដី ដើម្បីធានាដល់បរិមាណនាំចេញអង្ករ កម្ពុជានៅតែបន្តសិក្សាលើរបៀប នៃការវេចខ្ចប់អង្ករដោយប្រើតង់ ឬបាវ ដើម្បីជំនួសឲ្យការប្រើប្រាស់ទូកុងតឺន័រ ដ្បិតថាបើបញ្ហាខ្វះខាតទូកុងតឺន័រនេះអាចនឹងបន្ដកើតឡើងទៀត វានឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញបន្ដទៀតដែរ៕