កម្ពុជា-ការនាំចេញ​អង្ករ

អង្ករ​កម្ពុជា៖ ​នាំចេញ​ទៅ​ចិន​កើន​ឡើង​ខ្លាំង បន្ទាប់​ពី​មាន​ការ​យក​ពន្ធ​ពី​អឺរ៉ុប


ធនាគារ​ពិភពលោក បាន​ឱ្យ​ដឹង​​នៅ​ថ្ងៃ​ចន្ទ​នេះ ថា ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង​ខ្លាំង បន្ទាប់​ពី​មាន​ការ​យក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប។
អាជីវករ​លក់​អង្ករ​នៅ​រាជ​ធានី​ភ្នំពេញ។ (រូបភាពឯកសារ)
ដោយ

សហភាព​អឺរ៉ុប កាលពី​ខែ​មករា បាន​ចាប់ផ្ដើម​យក​ពន្ធ​លើ​ការ​នាំចេញ​អង្ករ​ពី​កម្ពុជា​និង​មីយ៉ាន់ម៉ា ទៅកាន់​ទីផ្សារ​អឺរ៉ុប សម្រាប់​រយៈពេល​បីឆ្នាំ ដើម្បី​ការពារ​កសិករ​អឺរ៉ុប ដូចជា ប្រទស​អ៊ីតាលី ជាដើម។

របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា របស់​ធនាគារ​ពិភពលោក បាន​បង្ហាញ​ថា បន្ទាប់​ពី​អឺរ៉ុប​ចាប់ផ្ដើម​យក​ពន្ធ​លើ​អង្ករ​កម្ពុជា នៅក្នុង​ខែ​កុម្ភៈ​នេះ​មក កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ត្រឹមតែ​ចំនួន ១០.០៨០​តោន​ប៉ុណ្ណោះ ទៅទីផ្សារ​អឺរ៉ុប ពោល​គឺ​ធ្លាក់​ចុះ ៥៧,៨​ភាគរយ។

នៅឆ្នាំ​២០១៨​កន្លង​ទៅ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន ២៧​ម៉ឺន​តោន ឬស្មើនឹង ៤៣​ភាគរយ​នៃ​ការ​នាំចេញ​អង្ករ​សរុប​របស់​ខ្លួន ទៅកាន់​​អឺរ៉ុប។ ផ្ទុយ​ទៅ​វិញ ប្រទេស​ចិន​បាន​បង្កើន​កូតា​នាំចេញ​អង្ករ​ពី​កម្ពុជា​ ពីចំនួន ៣០​ម៉ឺន​តោន ​នៅ​ឆ្នាំ​២០១៨ ទៅដល់ ៤០​ម៉ឺន​តោន នៅ​ឆ្នាំ​២០១៩នេះ។

របាយការណ៍​ធនាគារ​ពិភពលោក បាន​និយាយ​ដូច្នេះ​ថា «សរុបមក ការ​ថយ​ចុះ​នៃ​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា ទៅកាន់​​សហភាព​​អឺរ៉ុប ត្រូវ​បាន​ប៉ះប៉ូវ​ដោយ​​ការ​កើន​ឡើង​នៃ​ការ​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារចិន។»

របាយការណ៍​ដដែល និយាយ​ថា ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​បាន​កើនឡើង ៤៥,៦​ភាគរយ ហើយ​ជា​លទ្ធផល បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​កំណើន​ការ​នាំចេញ​អង្ករ​ទាំង​អស់ ចំនួន ២​ភាគរយ​ ក្នុង​រយ:ពេល ២ខែ​នៃដើម​​ឆ្នាំ​២០១៩នេះ។ តួលេខ​ផ្លូវការ​បង្ហាញ​ថា កម្ពុជា​សម្រេច​បាន​ទឹក​​ប្រាក់ ចំនួន ៤១៣,៥​លាន​ដុល្លារ​ ពី​ការ​នាំចេញ​អង្ករ​នៅ​ឆ្នាំ​២០១៨។

បន្ទាប់​ពី​សហភាពអឺរ៉ុប​ប្រកាស​​យក​​ពន្ធ​មក អង្ករ​កម្ពុជា​ត្រូវបង់​ពន្ធ ១៧៥​អឺរ៉ូ ក្នុង​មួយ​តោន ក្នុង​ឆ្នាំ​ទី១ ហើយ​និង​ធ្លាក់​មក​នៅ​ត្រឹម ១៥០​អឺរ៉ូ ក្នុង​មួយ​តោន នៅ​ឆ្នាំ​ទី២ និង ១២៥ អឺរ៉ូ នៅ​ក្នុង​ឆ្នាំ​ទី៣។

ទោះបី​ជា​មាន​ការផ្សាយ​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ទូទៅ​នៃ​សហភាព​អឺរ៉ុបលុប​ចោល​បទ​បញ្ជា​របស់​សហភាព​អឺរ៉ុប ដែល​បាន​ដាក់​វិធានការ​ការពារ​ពាណិជ្ជកម្ម ប្រឆាំង​នឹង​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ក៏​ដោយ ក៏​មិនទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​អ្វី​នៅ​ឡើយ​ទេ ជុំវិញ​បញ្ហា​នេះ។ 

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ធ្លាប់​បាន​និយាយ​ថា ក្រសួង​កំពុង​ពិគ្រោះ​យោបល់​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច​បន្ត​ទៀត ទាក់ទង​នឹង​វិធានការ​សហភាព​អឺរ៉ុប​មក​លើ​អង្ករ​កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកបណ្ឌិត អ៊ិន ចាន់នី៖ ការបង្កើតប្រព័ន្ធរាយការណ៍ឥណទាន ល្អសម្រាប់អ្នកផ្តល់​ប្រាក់កម្ចី

ព័ត៌មាន
ការិយាល័យឥណទានកម្ពុជាបានប្រកាសថា នឹងដាក់ឲ្យដំណើរការប្រព័ន្ធរាយការណ៍ឥណទានសម្រាប់ក្រុមហ៊ុនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីធនាគារជាតិផ្តល់ការអន…

ក្រុមហ៊ុនចិនធំមួយ បោះទុនវិនិយោគ ២០០ លានដុល្លារសង់អគារខ្ពស់៥ នៅតំបន់បឹងស្នោរ

ព័ត៌មាន
គម្រោង Once Central Tower ដែលមានអគារកម្ពស់ ២២ជាន់ និង ៣៨ ជាន់ ចំនួន៥ អគារ របស់ក្រុមហ៊ុន B.I.C Group បានប្រកាសបុកគ្រឹះសាងសង់ជាផ្លូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ