អង្ករ​កម្ពុជា​រក្សា​តំណែង​លេខ​២​ដដែល!

លទ្ធផល​ចេញ​ហើយ! អង្ករ​កម្ពុជា​នៅ​តែ​រក្សា​តំណែង​លេខ​២ ជា​អង្ករ​ល្អ​បំផុត​លើ​ពិភព​លោក​នៅ​ឆ្នាំ​នេះ


នៅទី​បំផុត ការ​ប្រកួត​ប្រជែង​តំណែង​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​នៅ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី៦-៨ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ត្រូវ​បាន​បង្ហាញ​លទ្ធផល​ហើយ ដោយ​ក្នុង​នោះ ទោះ​បី​ជា​កម្ពុជា​មិន​អាច​ដណ្ដើម​បាន​តំណែង​លេខ១​ក៏​ដោយ ប៉ុន្ដែ កម្ពុជា​នៅ​តែ​រក្សា​​តំណែង​​លេខ២​ដដែល នៅ​ឆ្នាំ​នេះ។
អង្ករ​កម្ពុជា នៅឆ្នាំ​២០១៧​នេះ រក្សា​តំណែង​លេខ​២​ជា​អង្ករ​ល្អ​បំផុត​នៅ​លើ​ពិភព​លោក បន្ទាប់​ពី​អង្ករ​ថៃ​ដែល​ជាប់​លេខ​១។
ដោយ

ការ​ចុះ​ផ្សាយ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា CRF បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​គុណភាព​អង្ករ​ក្នុង​ឆ្នាំ​នេះ អង្ករ​កម្ពុជា​មិន​ទទួល​បាន​ពាន​ជា​អង្ករ​ល្អ​បំផុត​លេខ​១​នោះ​ទេ ក៏​ប៉ុន្តែ អង្ករ​កម្ពុជា​នៅ​តែ​ជាប់​ជា​អង្ករ​ល្អ​បំផុត (Top Three Finalists) ក្នុង​ណោម​សំណាក​អង្ករ​ទាំង​២១​ប្រភេទ មក​ពី ៧​ប្រទេស។ 

ប្រទេស​ដែល​បាន​ដាក់​អង្ករ​តំណាង​ប្រទេស​របស់​ខ្លួន​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​គុណភាព​អង្ករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ថ្នាក់​ពិភព​លោក​នេះ រួមមាន កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា ស្រីលង្កា ប៉ាគិស្ថាន និង សហរដ្ឋ​អាមេរិក។ ក្នុងនោះ ប្រទេសថៃ​នៅ​តែ​រក្សា​បាន​តំណែង​ជា​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​លំដាប់​លេខ១ ខណៈ​ដែល​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ និង​វៀតណាម​ទទួល​បាន​លេខ​៣។

បើ​តាម​ការ​គូស​បញ្ជាក់​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ការ​ជាប់​ក្នុង​ចំណោម​កំពូល​អង្ករ​ល្អ​បំផុត​ទាំង​បី​នេះ ក៏​ជា​ឱកាស​ធ្វើ​ទីផ្សារ​និង​ឱកាស​រីក​ចម្រើន​សម្រាប់​អង្ករ​កម្ពុជា​នៅ​ក្នុង​ថ្ងៃ​អនាគត​ផង​ដែរ ទោះ​បី​ជា​មិន​អាច​ដណ្ដើម​បាន​តំណែង​លេខ១​ក៏​ដោយ។ 

គិត​មក​ទល់​ឆ្នាំ​នេះ តំណែង​លេខ​១ ត្រូវ​បាន​ធ្លាក់​មក​លើ​ប្រទេស​ថៃ​៣​ឆ្នាំ​ជាប់​គ្នា​ហើយ ខណៈ​ដែល​កម្ពុជា​បាន​ធ្លាក់​មក​នៅ​តំណែង​លេខ​២ អស់​រយៈ​ពេល​៣​ឆ្នាំ​ជាប់​គ្នា​ដូចគ្នា។ យ៉ាង​ណា​ក៏​ដោយ កម្ពុជា​ក៏ធ្លាប់​គ្រង​តំណែង​លេខ១ បី​ឆ្នាំ​ជាប់​គ្នា​ដែរ កាល​ពី​អំឡុង​ឆ្នាំ​២០១២​-២០១៤។ 

លោក Chookiat Ophaswongse តំណាង​ប្រធាន​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍ ថា ការ​ដាក់​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ប្រជែង​អង្ករ​ល្អ​បំផុត​លើ​ពិភព​លោក​នេះ ត្រូវ​បាន​ចូលរួម​ដោយ​ចុងភៅ​ល្បីៗ នៃ​សណ្ឋាគារ​លំដាប់​ខ្ពស់​នៅ​ទីក្រុង​ម៉ាកាវ ហើយ​ការ​ដាក់​ពិន្ទុ​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ភ្លក្ស​នូវ​រស​ជាតិ​អង្ករ​ដែល​បាន​ចម្អិន និង​សោភ័ណ​ភាព​នៃ​គ្រាប់​អង្ករ​ផង​ដែរ។

លោក​បន្ត​ថា ការ​ទទួល​បាន​តំណែង​លេខ១​នៅ​ឆ្នាំ​នេះ នឹង​ជំរុញ​ឲ្យ​ប្រាក់​ចំណូល​នៃ​វិស័យ​ស្រូវ​អង្ករ​របស់​ថៃ​នឹង​មាន​ការ​កើន​ឡើង ហើយ​វា​​ក៏​នឹង​ពង្រីក​បន្ថែម​នូវ​តម្រូវការ​នៃ​ទីផ្សារ​ពិភពលោក និង​តម្លៃ​អង្ករ​ផង​ដែរ។ 

លោក Chookiat Ophaswongse បាន​គូស​បញ្ជាក់​ទៀត​ថា តម្លៃ​អង្ករ​ប្រណីត​របស់​ថៃ ហូមម៉ាលី (Hom Mali) នៅ​លើ​ទីផ្សារ បាន​មាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​អង្ករ​ក្រអូប​ប្រណីត​របស់​កម្ពុជា​និង​វៀតណាម​រួច​ទៅ​ហើយ ពោល​គឺ អង្ករ​ក្រអូប​ប្រណីត​របស់​ថៃ​មាន​តម្លៃ ៨៥០​ដុល្លារ​ក្នុង​មួយ​តោន ខណៈដែល​អង្ករ​ក្រអូប​ប្រណីត​របស់​កម្ពុជា មាន​តម្លៃ​តែ​ជាង ៧៥០​ដុល្លារ​ក្នុង ១​តោន រីឯ​អង្ករ​ប្រណីត​របស់​វៀតណាម​មាន​តម្លៃ​ត្រឹម​តែ ៥៥០​ដុល្លារ​ក្នុង​១​តោន​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ កាលពី​អំឡុង​ដែល​កម្ពុជា​នៅ​គ្រង​តំណែង​អង្ករ​ល្អ​បំផុត​លេខ​១​លើ​ពិភព​លោក តម្លៃ​អង្ករ​កម្ពុជា​ក៏​បាន​កើន​ឡើង​ប្រកៀក​ប្រកិត​នឹង​តម្លៃ​អង្ករ​ក្រអូប​ប្រណីត​របស់​ថៃ​ដែរ។

សូម​បញ្ជាក់​ដែរ​ថា បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ធ្លាប់​បាន​គូស​បញ្ជាក់​ទៀត​ថា ត្បិត​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​មិន​បាន​ឈរ​ក្នុង​តំណែង​លេខ១​ក៏​ដោយ ប៉ុន្ដែ កម្ពុជា​មិន​ដែល​ចាក​ចេញ​ពី​កំពូល​លំដាប់​ទាំងបី​នៃ​អង្ករ​ល្អ​បំផុត​នោះ​ឡើយ ហើយ​ការ​ធ្លាក់​មក​នៅ​លេខ​២​នេះ ក៏​មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​នោះ​ដែរ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន HCC Group ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា បើ​និយាយ​ពី​គុណភាព​អង្ករ​វិញ គុណភាព​អង្ករ​របស់​កម្ពុជា និង​ថៃ​គឺ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ពោល​គឺ​មិន​ល្អៀង​គ្នា​ខ្លាំង​នោះ​ទេ។ 

យ៉ាង​ណា​ក៏​ដោយ គិត​មក​ដល់​ឆ្នាំ​នេះ ប្រទេស​ថៃ​គ្រង​តំណែង​លេខ១ បាន​ ៣​ឆ្នាំ​ហើយ យើង​នឹង​ចាំ​មើល​ថា តើ​នៅ​ឆ្នាំ​ក្រោយ ប្រទេស​ណា​នឹង​អាច​ប្រជែង​តំណែង​លេខ១​នេះ​បាន​វិញ​ម្ដង!!! 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្រាប់​រោងចក្រ​កាត់ដេរ កម្ពុជា​មិន​ទាន់​ឈាន​ដល់"រៀលូបនីយកម្ម"​នៅ​ឡើយ​ទេ

ព័ត៌មាន
សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មានប្រសាសន៍​​ថា ការតម្រូវ​ឲ្យ​បណ្តា​រោងចក្រ​កាត់ដេរ​ខោអាវ និង​ស្បែកជើង​នានា មក​បើក​ប្រាក់​បៀវត្សរ៍ជា…

ឯកឧត្តម ជា សុផារ៉ា៖ អ្នក​អត់​លុយ កុំ​ទិញ​ផ្ទះ តែ​គួរ​ទិញ​ដី បើ​សិន​ចង់​ក្លាយ​ជា​អ្នក​មាន!

ព័ត៌មាន
រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ជា សុផារ៉ា បាន​ថ្លែង​ថា អ្នក​មិន​មាន​លុយ សូម​កុំ​ទិញ​ផ្ទះ តែ​បើ​ចង់​មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ