 
      កញ្ញា ប៊ុន ចាន់លក្ខិណា អ្នកលក់គម្រោងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានប្រាប់សារព័ត៌មាន ខេមបូណូមីស ថា អគារដែលមានឈ្មោះថា «Royal One» នេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ជាមួយអ្នកវិនិយោគមកពីតៃវ៉ាន់ ដែលមានកម្ពស់ ៦២ជាន់ ស្មើនឹង ២៣០ម៉ែត្រ ដោយត្រូវសាងសង់ឡើងលើផ្ទៃដីទំហំ ៤០៣៦ម៉ែត្រការ៉េ ស្ថិតនៅផ្លូវកែងរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស។
កញ្ញា ប៊ុន ចាន់លក្ខិណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវនេះ យើងមិនទាន់បុកគ្រឹះនោះទេ ព្រោះ នៅទីនេះ សុទ្ធតែឃ្លាំងឡាន ដែលមិនទាន់ចប់កុងត្រា រហូតដល់ខែពីរឬខែបី ទើបចប់កុងត្រា ពេលនោះ យើងនឹងចាប់ផ្តើមបុកគ្រឹះតែម្តង។ វាមានកម្ពស់ ៦២ជាន់ បើពុំមានគម្រោងអគារណាផ្សេងទេ វាជាអគារខ្ពស់ជាងគេមួយនៅកម្ពុជា»។
 
      កញ្ញាបន្តថា៖ «នៅម្តុំនេះ មិនទាន់មានអគារណាច្រើនលក់នោះទេ មានភាគច្រើនសម្រាប់ជួល តែអគារខាងប្អូន គឺលក់។ បើភ្ញៀវទិញយកវិនិយោគ នឹងងាយស្រួល ដោយសារតែនៅម្តុំនេះ មានអគារពាណិជ្ជកម្មជាច្រើន។ អ៊ីចឹង ពួកគាត់អាចទិញលក់ឲ្យអ្នកវិនិយោគជនជាតិបរទេស និងខ្មែរជាដើម។ នៅម្តុំនេះ ជាតំបន់ល្អណាស់ ព្រោះនៅជិតសាលារៀន មន្ទីរពេទ្យ ក្រសួងនានា»។
យ៉ាងណា កញ្ញា ប៊ុន ចាន់លក្ខិណា មិនអាចប្រាប់ពីទំហំទុនវិនិយោគបាននោះទេ ដោយគ្រាន់តែបញ្ជាក់ថា អគារភ្លោះនេះ គឺជាប្រភេទអគារពាណិជ្ជកម្ម និងខុនដូ ដែលនឹងចាប់ផ្តើមបុកគ្រឹះសាងសង់នៅដើមឆ្នាំ២០១៨នេះ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              