ឱសថសាស្រ្ត-សុខាភិបាល

សហគ្រាសឱសថ PPM ផ្តល់ពានដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល


និស្សិត៣ក្រុមមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលដណ្តើមបានជ័យលាភីរបស់ ពាន រង្វាន់គីណាល់ (Kinal Prize) ដែលជាការផ្តួចផ្តើមឡើងដោយសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម (PPM)។
ឧកញ៉ា ហៃ លីអ៊ាង ប្រធានសហគ្រាសផលិតឱសថ បេ បេ អឹម ប្រគល់ពានរង្វាន់ដល់ជ័យលាភី
ដោយ

ក្នុងពិធីប្រគល់ពាននោះ កញ្ញា គឹម ដានី តំណាងក្រុមនិស្សិត៥នាក់ ដែលបានជាប់លេខ១ និងបានទទួលពាន និង ប្រាក់លើកទឹកចិត្ត១ពាន់ដុល្លារសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមរបស់ខ្លួនបានស្រាវជ្រាវរុក្ខជាតិសម្រាប់ព្យាបាលឈឺសន្លាក់ឆ្អឹង តាមរយៈការស្ទង់មតិ សៀវភៅ និងប្រភពជាច្រើនទៀត។  

កញ្ញាបញ្ជាក់យ៉ាងដូច្នេះ៖ «រុក្ខជាតិមានសក្តានុពលក្នុងការព្យាបាលសន្លាក់ឆ្អឹងមាន២៨រុក្ខជាតិ ប៉ុន្តែ រុក្ខជាតិ៤ប្រភេទដែលមានសក្តានុពលសំខាន់គឺ ក្តាំងបាយ មន ខ្ញី និងស្មៅអណ្តាតគោ។ តាមពិតទៅ ការសិក្សាហ្នឹង គ្រាន់តែជាការអង្កេត និងបានចុះប្រមូលទិន្នន័យពីចំណេះដឹងពលរដ្ឋនៅខេត្តកំពត ដែលធ្លាប់ប្រើប្រាស់រុក្ខជាតិថា តើរុក្ខជាតិឱសថណាខ្លះ ដែលមានអាទិភាពក្នុងការព្យាបាល ដើម្បីកំណត់ជាឯកសារមួយ ទុកស្រាវជ្រាវបន្តទៀត។ នេះជាការសិក្សាបឋម មិនមែនចូលមន្ទីរសោធន៍លម្អិតអ្វីឡើយ ព្រោះកម្រិតពួកខ្ញុំមានតែត្រឹមហ្នឹង លទ្ធផលនេះ អាចមានប្រយោជន៍ស្រាវជ្រាវទៅថ្ងៃក្រោយ»។

 បើតាមកញ្ញា គឹម ដានី ពានរង្វាន់នេះ គឺជាការលើកទឹកចិត្តមួយក្នុងការស្រាវជ្រាវ និងឆ្លុះបញ្ចាំងពីការយកចិត្តទុក របស់វិស័យឯកជនមកលើការបណ្តុះបណ្តាលនិស្សិតនៅកម្ពុជា។

ក្នុងសាលប្រជុំនៅវិទ្យាស្ថានភាសាបារាំងក្នុងរាជធានីភ្នំពេញ មាននិស្សិតជាច្រើនក្រុមមកពីសាកលវិទ្យាអន្តរជាតិ(IU) និង សាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាលដែលជាបេក្ខភាពប្រកួត បានទះដៃអបអរសាទរជ័យលាភីលេខ១ ដែលទទួលបានពាន និងទឹកប្រាក់៤លានរៀល លេខ២ទទួលបានពាន និងទឹកប្រាក់២លានរៀល និងលេខ៣ ទទួលបានពាន និងទឹកប្រាក់១លាន២សែនរៀល។

សាលប្រជុំនៃវិទ្យាស្ថានភាសាបារាំង ដែលជាកន្លែងប្រារព្ធពិធីប្រគល់ពានរង្វាន់

តាមពិតទៅ ការប្រកួតប្រជែងការស្រាវជ្រាវក្នុងវិស័យឱសថសាស្រ្តរបស់មូលនិធិ Kinal ដែលផ្តួចផ្តើមឡើងដោយសហគ្រានផលិតឱសថ បេ បេ អឹម មិនមែនជាលើកទីមួយនោះទេ តែមូលនិធិរបស់វិស័យឯកជនមួយនេះ បានបង្កើតឡើងតាំងពីឆ្នាំ២០១៣មកម៉្លេះ។

ឧកញ៉ាឱសថវេជ្ជបណ្ឌិត ហៃ លីអ៊ាង ប្រធានសហគ្រាសផលិតឱសថ បេ បេ អឹម និងជាប្រធានមូលនិធិ Kinal បានថ្លែងថា សហគ្រាសផលិត​ឱសថ បេ បេ អឹម យកចំណូលក្រុមហ៊ុន៥ភាគរយ ដើម្បីចំណាយលើការជួយវិស័យស្រាវជ្រាវ និងការបណ្តុះបណ្តាលវិស័យឱសថសាស្រ្តនៅកម្ពុជា។

លោកឧកញ៉ាថ្លែងយ៉ាងដូច្នេះថា៖ «បេ បេ អឹម ជាសហគ្រាសផលិតថ្នាំពេទ្យបារាំងមុនគេ គឺតាំងពីឆ្នាំ១៩៦០មកម៉្លេះ។ យើងចង់ឲ្យពលរដ្ឋខ្មែរ មានផ្នត់គំនិតច្នៃប្រឌិត និងការស្រាវជ្រាវ ត្រូវមានគ្រប់សកម្មភាព និងគ្រប់វិស័យ ព្រោះ ការស្រាវជ្រាវនាំឲ្យកម្ពុជារីកចម្រើន។ ហើយនេះ ជាសកម្មភាពជំរុញលើកទឹកចិត្ត និងគាំទ្រដល់ការស្រាវជ្រាវលើវិស័យឱសថសាស្រ្ត»។       

បើតាមវេជ្ជបណ្ឌិត ហៃ លីអ៊ាង ការស្រាវជ្រាវមិនមែនត្រឹមតែជាការដណ្តើមយកជ័យលាភីនោះទេ ប៉ុន្តែ វាបានធ្វើឲ្យនិស្សិតមានអភិវឌ្ឍន៍ បង្កើតនូវរបកគំឃើញថ្មីៗ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញច្បាស់លាស់ ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម។

សូមបញ្ជាក់ថា សហគ្រាសឱសថ បេ បេ អឹម គឺជាសហគ្រាសផលិតឱសថដ៏ចំណាស់ជាងគេនៅកម្ពុជា ដែលបង្កើតឡើងតាំងពីសម័យសង្គមរាស្រ្តនិយម។ បច្ចុប្បន្ននេះ សហគ្រាសនេះ បានផលិតឱសថជាង១០០មុខ និងនាំចេញចំនួន៥០មុខទៅទីផ្សារ១៦ប្រទេស ដែលទីផ្សារធំជាងគេ គឺប្រទេសអាហ្វ្រិច។ ដោយឡែក ឱសថ គីណាល់ ដែលជាឱសថបំបាត់ការឈឺចាប់ ដែលបង្កើតឡើងដោយបណ្ឌិត កុក សុខគីម អស់រយៈពេល៥៨ឆ្នាំនោះ កំពុងមានភាពល្បីល្បាញកាន់តែខ្លាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា គិត ម៉េង ចាប់​ដៃ​​ជាមួយ​​វិនិយោគិន​តៃវ៉ាន់ សង់​អគារ​ភ្លោះ​កម្ពស់​៦២​ជាន់ កណ្តាល​​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
មហា​សេដ្ឋី​ល្បី​ឈ្មោះ និង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​កម្ពុជា អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ដែល​បច្ចុប្បន្ន ជា​ប្រធាន​សភា​ពា…

ផ្សារម៉ាក្រូ​លក់​បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​នៅ​កម្ពុជា​ បើក​លក់​ជា​ផ្លូវការ​ហើយ! ថ្ងៃ​ដំបូង មនុស្ស​ចូល​ទិញ​យ៉ាង​ច្រើន​កុះករ

ព័ត៌មាន
ទីបំផុត ផ្សារ​ទំនើប​លក់​បោះដុំ​ទំនិញ​ដល់​ទៅជាង ១ម៉ឺន​មុខ ឈ្មោះផ្សារ Makro (ម៉ាក្រូ) ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ថៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ