សារព័ត៌មាន Korea Times បានចុះផ្សាយថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ការលក់ចេញរថយន្តសរុបបញ្ចូលគ្នារបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសកូរ៉េខាងត្បូង បានកើនលើស៨លានគ្រឿងជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨។ ចំនួននេះមានការកើនឡើង៧,៥%បើធៀបនឹងឆ្នាំ២០២២។
ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗទាំង៥របស់កូរ៉េ ក្នុងនោះក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia បានក្លាយជាអ្នកឈានមុខគេក្នុងឧស្សាហកម្មរថយន្ត ដោយ Hyundai លក់រថយន្តបានជាង៤លានគ្រឿងកើនឡើង៦,៩% ខណៈក្រុមហ៊ុន Kia លក់បានជាង៣លានគ្រឿង កើនឡើង៦,៣%។
ចំណែកឯការលក់របស់ក្រុមហ៊ុន GM Korea ដែលជាបុត្រសម្ព័ន្ធនៅកូរ៉េខាងត្បូង នៃក្រុមហ៊ុនអាមេរិក ជិនណឺរ៉ល ម៉ូទ័រ (General Motors) បានកើនឡើង៣០.៣% ខណៈការលក់របស់ក្រុមហ៊ុន KG Mobility ដែលពីមុនគេស្គាលថា សាំងយ៉ុង ម៉ូទ័រ (Ssangyong Motor) បានកើនឡើង២,២%។
ទោះជាយ៉ាងណា ការលក់របស់ក្រុមហ៊ុន Renault Korea ដែលជាបុត្រសម្ព័ន្ធនៅកូរ៉េខាងត្បូង នៃក្រុមហ៊ុនបារាំង Renault Group បានធ្លាក់ចុះ៣៨,៥%មកនៅត្រឹមជាង១០ម៉ឺន៤ពាន់គ្រឿងដោយសារតម្រូវការធ្លាក់ចុះទាំងក្នុង និងក្រៅប្រទេស។
សូមបញ្ជាក់ថា ម៉ូដែលរថយន្តដែលពេញនិយមបំផុតកាលពីឆ្នាំមុននៅក្នុងប្រទេសកូរ៉េខាងត្បូង គឺរថយន្តប្រភេទស៊ីដាន់ម៉ូឌែល ហ្គ្រែនដឺ (Grandeur) របស់ក្រុមហ៊ុន Hyundai ជាម៉ូឌែលតែមួយគត់ដែលលក់បានលើស១០ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៣៕
ដោយ: តែម សុខុម