រលកឆ្លងនៃជម្ងឺកូវីដ-១៩ក្នុងប្រទេសថៃ បានធ្វើឱ្យមន្ទីរពេទ្យឯកជនកំពុងទទូចសុំឱ្យរដ្ឋាភិបាលជួយចំណាយលើថ្លៃព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ-១៩ ដើម្បីអនុញ្ញាតឱ្យមានទីតាំងផ្សេងទៀតនៅក្នុងទីក្រុងជួយសម្រាលបន្ទុកសុខភាពសាធារណៈ។
លោកផុងផាត់ ផាតានាវ៉ានិច ជានាយកក្រុមហ៊ុន TPP Healthcare International និង ជាម្ចាស់មន្ទីរពេទ្យ MedPark ក៏បានបានលើកឡើងដែរថា បញ្ហាដែលមន្ទីរពេទ្យឯកជនកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ គឺការចំណាយមានខ្ពស់លើថ្លៃព្យាបាលសម្រាប់អ្នកជំងឺដែលមិនសូវមានប្រាក់ច្រើន។ការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលស្ថិតក្នុងស្ថានភាពកំពុងតាមដាន នៅតាមពេទ្យឯកជនក្នុងប្រទេសថៃ ត្រូវចំណាយប្រមាណជាង ២០ ម៉ឺនបាត ឬស្មើនឹងជាង៦ពាន់ដុល្លារក្នុងរយៈពេល ១៤ ថ្ងៃខណៈការចំណាយនឹងមានកាន់តែច្រើនជាងនេះទៀត សម្រាប់អ្នកជម្ងឺកម្រិតធ្ងន់ ដែលស្ថិតក្នុងបន្ទប់ អាយ ស៊ី យូ។ ម្ចាស់មន្ទីរពេទ្យឯក បានបន្តទៀតថា តម្លៃនៃការព្យាបាលជម្ងឺកូវីដ-១៩ អាចមានតម្លៃមួយដែលអាចទទួលយកបានសម្រាប់សេវាព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ ប៉ុន្តែតម្លៃនេះមិនសមស្របសម្រាប់មន្ទីរពេទ្យឯកជនទេ ដោយហេតុថា មន្ទីរពេទ្យឯកជនត្រូវការចំណាយសម្រាប់ប្រាក់ខែបុគ្គលិកច្រើនជាដើម។
អ្នកជំនាញផ្នែកសុខាភិបាល បាននិយាយទៀតថា មន្ទីរពេទ្យឯកជនអាចជួយព្យាបាលអ្នកជម្ងឺកូវីដបានកាន់តែច្រើន ប្រសិនបើរដ្ឋាភិបាលអាចចូលរួមជួយក្នុងការចំណាយថ្លៃដើមប្រមាណតែ ៨០% នៃការចំណាយផ្នែកវេជ្ជសាស្ត្រ ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលផ្ដល់ជូនមន្ទីរពេទ្យឯកជននីមួយៗទទួលបានប្រាក់ឧបត្ថម្ភធនតែ ៣០-៥០% នៃថ្លៃដើមប៉ុណ្ណោះ ។ លោកបានបន្តទៀតថាប្រសិនបើរដ្ឋាភិបាលអាចផ្ដល់ប្រាក់មូលនិធិសង្គ្រោះបន្ទាន់ដើម្បីអនុញ្ញាតឱ្យមានការព្យាបាលអ្នកជម្ងឺកម្រិតធ្ងន់នៅតាមមន្ទីរពេទ្យឯកជន ប្រការនេះប្រាកដជាជំរុញឱ្យមន្ទីរពេទ្យជាច្រើនទៀតនឹងចូលរួមក្នុងការព្យាបាលអ្នកជម្ងឺ។បើតាមអ្នកជំនាញ នៅក្នុងក្រុងបាងកកប្រទេសថៃមានប្រហែល៦០% នៃមន្ទីរពេទ្យដែលមានគ្រែសម្រាប់អ្នកជំងឺ គឺជាមន្ទីរពេទ្យេឯកជន៕
អត្ថបទ៖ ស៊ើង និមល់