ប្រេងឥន្ធនៈ

កូវីដ-១៩ ទាញទម្លាក់ការនាំចូលប្រេងឥន្ធនៈកម្ពុជាថយចុះ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ


នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំនេះ ការនាំចូលប្រេងឥន្ធនៈមកកាន់កម្ពុជាតាមរយៈកំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែភ្នំពេញ សរុបមានជាង៦៨ម៉ឺនតោន មានការថមថយចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចូលប្រេងឥន្ធនៈតាមកំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះជិត១០% ខណៈដែលការនាំចូលប្រេងឥន្ធនៈកំពង់ផែស្វយ័តក្រុងព្រះសីហនុធ្លាក់ចុះជិត១៥%ផងដែរ។ នេះយោងតាមរបាយការណ៍ពីកំពង់ផែស្វយ័តភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ថ្លៃប្រេងសាំងនៅកម្ពុជា កើនឡើងវិញបន្តិច សម្រាប់ពាក់កណ្តាលខែមិថុនា (ហ្វេសប៊ុក៖ Total)
ដោយ

ការធ្លាក់ចុះនៃការនាំចូលប្រេងឥន្ធនៈនេះ ត្រូវបានអ្នកជំនាញមើលឃើញថា គឺកើតមានឡើង នៅចំពេលមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តការណ៍ការសហគមន៍២០កុម្ភៈ បានធ្វើឲ្យអាជីវកម្មជាច្រើនផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយក្នុងនោះដែរ ការងារសង្វាក់ផលិតកម្ម ការងារដឹកជញ្ជូន និងរោងកចក្រសហគ្រាស ត្រូវបានផ្អាកជាបន្តបន្ទាប់ ជាកត្តាមួយធ្វើឲ្យការនាំចូលប្រេងឥន្ធនៈមានការថយចុះផងដែរ។

លោក ហ៊ុន សុខាឡាយ នាយកផែនការនិងទីផ្សារ នៃកំពង់ផែស្វយ័តភ្នំពេញ ប្រាប់ក្រុមការងារខេមបូណូមីសថា នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ ការនាំចូលទំនិញ រួមជាមួយនឹងប្រេងឥន្ធនៈ កើនជាង១០%  បើធៀបនឹងឆ្នាំ២០២០។ ប៉ុន្តែគិត សម្រាប់តែការនាំចូលប្រេងឥន្ធនៈមួយមុខ មានការថយចុះជិត៩% ពោលគឺមានមកនៅប្រមាណជាង ២០ម៉ឺនតោនប៉ុណ្ណោះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១។

ចំពោះការនាំចូលប្រេងឥន្ធនៈថយចុះនេះដែរ ត្រូវបានលោក ហ៊ុន សុខាឡាយ បញ្ជាក់ថា គ្មានបញ្ហាអ្វីក្រៅតែពីបញ្ហាកូវីដ-១៩នេះនោះទេ។

សម្រាប់ការនាំចូលប្រេងឥន្ធនៈតាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ នៅរយៈពេល៣ខែដើមឆ្នាំនេះមានប្រមាណជិត៤៨ម៉ឺនតោនថយចុះជិត ១៥%។ ការថយចុះនេះ ត្រូវបានលោក សុខ កុលចិន្តា ប្រធានផ្នែករដ្ឋបាលកំពង់ស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា ខេត្តព្រះសីហនុ ក៏មានការបិទខ្ទប់ដូចរាជធានីភ្នំពេញដែរ ដូច្នេះមិនសូវមានការធ្វើចរាចរណ៍ ដោយ ក្រុមហ៊ុនសហគ្រាសរោងចក្រជាច្រើនត្រូវផ្អាកផលិតកម្ម ទើបជំរុញឲ្យតម្រូវការឥន្ធនៈថយចុះទៅតាមនោះដែរ។

យ៉ាងណាក៏ដោយចុះ ជុំវិញនឹងបញ្ហាតម្រូវការប្រេងឥន្ធនៈថយចុះនេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានសុទិដ្ឋនិយមថា តម្រូវការប្រេងឥន្ធនៈនឹងមានការកើនឡើងវិញ នៅពេលចរន្តនៃការដឹកជញ្ជូន ការធ្វើដំណើរ និងការបើកច្រវ៉ាក់ផលិតកម្មចាប់ផ្តើមមានបណ្តើរ បន្ទាប់ពីការបិទខ្ទប់រាជធានីភ្នំពេញ បានបិទបញ្ចប់។

សូមបញ្ជាក់ថា មិនមែនមានតែកម្ពុជាទេ ដែលមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈថយចុះ បើក្រឡេកទៅមើលប្រទេសក្បែរខាងកម្ពុជា គឺប្រទេសថៃ ដែលបច្ចុប្បន្នកំពុងជួបបញ្ហារីករាលដាលកូវីដ-១៩ ខ្លាំងក្លាដែរនោះ ក៏មានការប្រើប្រាស់ប្រេងឥន្ធនៈថយចុះដូចគ្នាដែរ។

 ជាក់ស្ដែង តាមរបាយការណ៍ពីនាយកដ្ឋានអាជីវកម្មថាមពលរបស់ថៃ បានឲ្យដឹងថា នៅត្រីមាសទី១ឆ្នាំនេះ ថៃមានការធ្លាក់ចុះការប្រើប្រាស់ប្រេងឥន្ធនៈជិត៨% ដោយមានមកនៅត្រឹមប្រមាណជិត១៤០លានលីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈកាលពីឆ្នាំមុននៅរយៈពេលដូចគ្នានេះ ការប្រើប្រាស់មានដល់ទៅជាង១៥០លានលីត្រឯណោះក្នុងមួយថ្ងៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីវិបត្តិកូវីដ-១៩ មិនអាចទាញទម្លាក់តម្លៃអចលនទ្រព្យ ដូចកាលពីវិបត្តិហិរញ្ញវត្ថុសកល២០០៨?

ព័ត៌មាន
គិតមកទល់ពេលនេះ គឺមានរយៈពេលជាង១ឆ្នាំហើយ ដែលការ​ឆ្លងរាលដាល​កូវីដ-១៩ នៅបន្ដ​អូសន្លាយ ព្រមទាំង​បាន​និងកំពុងបង្ក​ឲ្យមាន​ការរាំងស្ទះ​ដល់ចរ…

អាមេរិកចង់ឲ្យវៀតណាមលុបពន្ធលើសាច់ជ្រូកនាំចូលរបស់ខ្លួន!

ព័ត៌មាន
ក្រុមសមាជិកសភាអាមេរិក កំពុងស្នើសុំទៅកាន់រដ្ឋបាលលោកចូ បៃឌិនឲ្យជួយធ្វើយ៉ាងណា ជំរុញឲ្យប្រទេសវៀតណាមលុបបំបាត់ពន្ធនាំចូលលើសាច់ជ្រូកពីអាមេរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ