វិស័យកសិកម្ម

កម្ពុជា សម្រុកពង្រីកផ្ទៃដីដាំកាហ្វេបន្ថែម ខណៈទិន្នផលក្នុងស្រុកផ្គត់ផ្គង់បានក្រោម១០% នៃតម្រូវការសរុប


តម្រូវការប្រប្រាស់កាហ្វេនៅកម្ពុជា មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសមត្ថភាពផលិតកាហ្វេក្នុងស្រុកនៅមានកម្រិតនៅឡើយ។ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការប្រើប្រាស់កាហ្វេ សមាជិកសមាគមកាហ្វេកម្ពុជា គ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមប្រមាណ៦៥០ហិកតានៅក្នុងឆ្នាំ២០២៦ នេះ។ ទោះជាយ៉ាងណា អ្នកជំនាញអះអាងថា ទំហំនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារកម្ពុជា ត្រូវការផ្ទៃដីដាំដុះកាហ្វេចន្លោះពី៨ពាន់ទៅ១ម៉ឺនហិកតាទៀត ទើបអាចផ្គត់ផ្គង់តម្រូវការទីផ្សារ ដែលកំពុងស្រេកឃ្លានគ្រាប់កាហ្វេក្នុងស្រុកបាន។
វិស័យកសិកម្ម
ដោយ

លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ ផ្ទៃដីដាំដុះកាហ្វេនៅកម្ពុជា មានប្រមាណ៨០០ហិកតាប៉ុណ្ណោះ តែនៅក្នុងឆ្នាំ២០២៦ នេះ សមាជិកសមាគមកាហ្វេកម្ពុជា នៅក្នុងខេត្តមណ្ឌលគីរី នឹងបង្កើនផ្ទៃដីដាំកាហ្វេបន្ថែមប្រហែល៣០០ហិកតា និងនៅខេត្តរតនគិរី ប្រមាណ៣០០ហិកតា ខណៈនៅតំបន់អូសោមខេត្តពោធិ៍សាត់ប្រមាណ២០ហិកតា និងនៅខេត្តប៉ៃលិន ប្រមាណ៣០ហិកតា។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា ទំហំនេះនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ ដោយកម្ពុជា ត្រូវការផ្ទៃដីចន្លោះពី៨ពាន់ទៅ១ម៉ឺនហិកតាទៀត ទើបអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការពីទីផ្សារ។ បើតាមលោក ឌុក ពិសិដ្ឋ មកទល់ពេលនេះ គ្រាប់កាហ្វេមិនទាន់សម្អាត ឬមិនទាន់កែច្នៃមានតម្លៃប្រមាណ១ម៉ឺន៦ពាន់រៀលក្នុង១គីឡូក្រាម។

ដោយឡែក លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ មានអ្នកវិនិយោគជាបន្តបន្ទាប់បានស្វែងរកដីចម្ការ ដើម្បីដាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី និងបណ្ដាខេត្តស្ថិតក្នុងប៉ែកឦសាន ដោយសារទីតាំងនៅក្នុងភូមិសាស្រ្តនេះមានសក្ដានុពលខ្ពស់ចំពោះដំណាំកាហ្វេ និងការធ្វើកសិកម្ម។ បើតាមអ្នកជំនាញរូបនេះ មកដល់ពេលនេះ តម្លៃដីចម្ការនៅតំបន់មួយចំនួនក្នុងខេត្តប៉ែកភូមិភាគឦសាន នៅមានតម្លៃសមរម្យនៅឡើយ ដែលស័ក្ដិសមសម្រាប់ការវិនិយោគធ្វើកសិកម្ម។

​បើតាមការវាយតម្លៃរបស់ប្រធានសមាគមកាហ្វេកម្ពុជា នៅក្នុង១ឆ្នាំ កម្ពុជា មានតម្រូវការប្រើប្រាស់គ្រាប់កាហ្វេប្រមាណ២ម៉ឺនតោន ខណៈនៅក្នុងឆ្នាំ២០២៥ កន្លងទៅ ទិន្នផលកាហ្វេរបស់កម្ពុជាអាចប្រមូលផលបានប្រមាណជាង១ពាន់តោនប៉ុណ្ណោះ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើការប្រែប្រួលតម្លៃជ្រូករស់នៅលើទីផ្សារមានការរួមចំណែកកំណត់ថ្លៃពីក្រុមហ៊ុនធំៗឬយ៉ាងណា?

តម្លៃជ្រូករស់នៅលើទីផ្សារកម្ពុជា មានការប្រែប្រួលឡើងចុះគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញឱ្យកសិករចិញ្ចឹមជ្រូកខ្នាតតូចភាគច្រើន…

តើបណ្ដាប្រទេសនៅអាស៊ានមានប្រតិកម្មឆ្លើយតបបែបណានៅពេលបងធំអាស៊ានត្រូវការនាវាយក្សផ្ទុកយន្តហោះចម្បាំងនោះ?

ប្រទេសឥណ្ឌូណេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាន គ្រោងទិញនាវាយក្សផ្ទុកយន្តហោះចម្បាំង Giuseppe Garibaldi ដែលប្រទេសអ៊ីតាលី ទុកចោលលែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ