តម្លៃដីធ្លី

តើតម្លៃដីធ្លីនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះភ្នំពេញថ្មី ប្រែប្រួលយ៉ាងណាដែរ?


គេនៅចាំបានថាក្រោយពីគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីប្រកាសសាងសង់ ការទិញដីធ្លីនៅតំបន់ជុំវិញគម្រោងនេះក៏មានស្ទុះកើនឡើងយ៉ាងខ្លាំង ប៉ុន្ដែរហូតមកទល់ពេលនេះ ហាងឆេងដីធ្លីហាក់បីដូចជាមិនសូវស្ទុះកើនខ្លាំងដូចមុនទេ ក្រោយកូវីដ-១៩ ចូលមកសង្គ្រប់ទីផ្សារអចលនទ្រព្យ និង សកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាពិភពលោក។ តើមកទល់បច្ចុប្បន្ននេះ តម្លៃដីធ្លីនៅតំបន់ជុំវិញគម្រោងព្រលានយន្ដហោះភ្នំពេញថ្មី នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមានការប្រែប្រួលតម្លៃទីផ្សារយ៉ាងណាខ្លះ?
តើតម្លៃដីធ្លីនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះភ្នំពេញថ្មី ប្រែប្រួលយ៉ាងណាហើយ?
ដោយ

បើតាមការអះអាងរបស់ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានកត់សម្គាល់ឃើញថា ទោះបីកម្ពុជាទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍អូសបន្លាយពេលយូរជាងមុនក្ដី តែចរន្តទិញ-លក់ និងវិនិយោគលើវិស័យអចលនទ្រព្យនៅក្បែរព្រលានយន្តហោះភ្នំពេញថ្មី នៅតែមានដំណើរការ ហើយតម្លៃដីនៅតំបន់នោះក៏នៅតែខ្ពស់ដដែល មិនមានការស្រុតចុះគួរឲ្យកត់សម្គាល់នោះទេ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅតែមានចរន្តអភិវឌ្ឍន៍លើគម្រោងថ្មីៗមួយចំនួន ទោះបីមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈក៏ដោយ។ ចំពោះតម្លៃដីធ្លី និងអចលនវត្ថុនៅតំបន់នោះទៀតសោត អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះ កត់សម្គាល់ឃើញថា ពុំមានការធ្លាក់ចុះ ឬកើនឡើងគួរឲ្យកត់សម្គាល់នោះទេ។ 

មិនមែនមានតែដីនៅតំបន់ក្បែរព្រលានយន្តហោះភ្នំពេញថ្មីនោះទេ ដែលមានចរន្តទិញលក់ សូម្បីដីធ្លីនៅតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជាទាំងមូលក៏ចាប់ផ្តើមកម្រើកឡើងវិញបណ្តើរៗផងដែរ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបន្ធូរបន្ថយលើវិធានការកូវីដ-១៩ និងអនុញ្ញាតបើកឲ្យធ្វើចរាចរណ៍ពីខេត្តមួយទៅខេត្តមួយឡើងវិញ ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្តង។ 

បើតាមការអះអាង របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ក្រុមការងារខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីរហូតមកទល់នឹងពេលនេះសម្រេចបានជិត ៤០%ហើយ។ គម្រោងព្រលានយន្ដហោះភ្នំពេញថ្មីនេះ ត្រូវបានដឹងថា ចំណាយទុនវិនិយោគសរុបដល់ទៅជាង១ពាន់៥រយលានដុល្លារ លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា និងគ្រោងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ។

ជុំវិញនឹងការវិនិយោគលើវិស័យដីធ្លីនេះដែរ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានចាត់ទុកវិបត្តិកូវីដ-១៩ ជាឱកាសសម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ ដែលមានធនធានគ្រប់គ្រាន់ ដ្បិតវាអាចផ្តល់ប្រាក់ចំណេញខ្ពស់ក្រោយវិបត្តិកូវីដ-១៩។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ដែលមានបទពិសោធន៍ជាង២០រូបនេះ បានផ្តល់ជាគំនិតវិនិយោគថា ប្រសិនបើអ្នកមានលុយច្រើនគួរតែវិនិយោគនៅតំបន់ទីក្រុង ដែលមានការអភិវឌ្ឍន៍ខ្ពស់ ដ្បិតវាអាចផ្តល់ប្រាក់ចំណេញខ្ពស់។ ប៉ុន្តែប្រសិនបើអ្នកមានល្មមៗ គួរវិនិយោគនៅតំបន់ជាយក្រុង ឬតាមខេត្ត ដែលរំពឹងថា នឹងមានការអភិវឌ្ឍន៍រីកចម្រើនក្នុងរយៈពេលណាមួយនៅថ្ងៃអនាគត។

សូមបញ្ជាក់ថា បើទោះបីជាកូវីដ-១៩ បានអូសបន្លាយមកជិត២ឆ្នាំទៅហើយក្ដី ប៉ុន្ដែ បើតាមអ្នកជំនាញអចលនទ្រព្យបានអះអាង វិស័យអចលនទ្រព្យ នៅតែបន្ដជំហរយ៉ាងរឹងមាំ មិនមានការបាក់ស្រុតអ្វីគួរឲ្យកត់សម្គាល់នោះទេ។ បើទោះបីជាគម្រោងវិនិយោគធំៗថ្មីៗមួយចំនួន និងចរន្ដទិញលក់ហាក់មានការថមថយចុះក៏ដោយ ប៉ុន្ដែគិតមកទល់ពេលនេះ តម្លៃអចលនទ្រព្យនៅតែមានសភាពទ្រឹងដដែល មិនបានធ្លាក់ចុះនោះឡើយ៕

None



អត្ថបទបន្ទាប់


ធនាគារ កាណាឌីយ៉ា ក.អ. ចុះកិច្ចព្រមព្រៀង​ភាពជាដៃគូ ជាមួយ​នឹង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា

នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ធនាគារ កាណាឌីយ៉ា ក.អ. និងសាជីវកម្មធានាឥណទានកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាស្តីពីកិច្ចព្រមព្រៀងភាពជាដៃ…

ក្រុមអ្នករកស៊ីក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទទូចស្នើសុំរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយបន្ទាន់

ក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យឯកជន បានអះអាងថា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលត្រូវដោះស្រាយបន្ទាន់ នៅអំឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ