ផ្លូវដែកឡាវ-ចិន

ផ្លូវដែកឡាវ-ចិន កំពុងហុចផលច្រើនសម្រាប់ការនាំចេញកសិផលរបស់ថៃទៅកាន់ប្រទេសចិន


សេវាកម្មដឹកជញ្ជូនទំនិញតាមរថភ្លើងនៅលើកំណត់ផ្លូវដែក ថៃ - ឡាវ - ចិនលើកដំបូងបានចាប់ផ្ដើមបើកដំណើរការពីស្ថានីយមេប ថាភុត (Map Ta Phut) នៅក្នុងទឹកដីនៃខេត្តរ៉ាយ៉ង ប្រទេសថៃឆ្ពោះទៅទីក្វាងចូវ ប្រទេសចិនកាលពីព្រឹកថ្ងៃពុធ ទី១៩ ខែមេសានេះ ដោយទូររថភ្លើងទាំងនោះ គឺបានដឹកសុទ្ធតែផ្លៃទុរេន។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានថៃ The Nation។
ផ្លូវដែកឡាវ-ចិន កំពុងហុចផលច្រើនសម្រាប់ការនាំចេញកសិផលរបស់ថៃទៅកាន់ប្រទេសចិន
ដោយ

តាមសេចក្តីរាយការណ៍របស់ថៃដដែលនេះបានឲ្យដឹងថា សេវាកម្មដឹកជញ្ជូនផ្លែឈើដាក់ក្នុងទូក្លាសេ ដែលមាន ចំនួនសរុបទាំងអស់ ២៥កុងតឺន័រ នឹងចំណាយពេល ៥ ថ្ងៃដឹកចេញពីទឹកដីថៃ តាមរយៈកំណាត់ផ្លូវដែក ប្រវែង ៣ ៤៥៣ គីឡូម៉ែត្រទៅកាន់ទីក្រុង ក្វាងចូវ ប្រទេសចិន។

រថភ្លើងដឹកទំនិញនេះ គឺជាផ្នែកមួយនៃគម្រោង "បើកដំណើរការរថភ្លើងដឹកទំនិញអន្តរជាតិ ថៃ-ឡាវ-ចិន" ដើម្បីសម្រួលដល់ការដឹកជញ្ជូនផលិតផល។ មិនតែប៉ុណ្ណោះ ខ្សែរថភ្លើងនេះ ក៏ជាសមិទ្ធិផលនៃកិច្ចសហការរវាងក្រុមហ៊ុនដឹកជញ្ជូនដែលហៅកាត់ថា ផ្លូវសូត្រឆ្លងកាត់អាស៊ី ( Pan-Asia Silk Road) និងដៃគូរបស់ខ្លួន ដែលរួមមមាន ដូចជា ក្រុមហ៊ុន China Railway Express Co Ltd ក្រុមហ៊ុនបណ្តាក់ទុននិងទំនាក់ទំនងក្វាងចូវ ( Guangzhou Communications Investment Group Co Ltd) , ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ( Laos-China Railway Co Ltd), និង ដៃគូជាច្រើនទៀត ។

លោក ក្រៃយ៉ាសិទ្ធ អ៊ិនថារ៉ាប៉ានិច ( Kraiyasit Intarapanich) នាយកគ្រប់គ្រងក្រុមហ៊ុនភស្តុភាកម្ម Global Multimodal Logistics បាននិយាយថា "ការដឹកជញ្ជូនតាមផ្លូវដែកនឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់កសិករថៃក្នុងការនាំចេញទំនិញទៅកាន់ប្រទេសចិន" ។

លោកបានមានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវដែក គឺជាមធ្យោបាយនាំចេញលឿន និងមានសុវត្ថិភាពជាងការដឹកជញ្ជូនដោយឡានដឹកទំនិញ និងកប៉ាល់ ហើយវាក៏ជួយកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតផងដែរ។

អ្នកជំនាញរូបនេះបានបន្តថា នៅពេលខាងមុខក្រុមហ៊ុន មានបំណងនាំចេញផ្លែឈើថៃយ៉ាងតិច ៥ ០០០ទូរកុងតឺន័រ រួមមាន ទុរេន និងមង្ឃុត ដែលមានតម្លៃជាង ១០ ពាន់លានបាត ឫ ប្រមាណជា ២៩១ លានដុល្លារអាមេរិក តាមរថភ្លើងទៅកាន់ប្រទេសចិននៅឆ្នាំនេះ ។

លោក ក្រៃយ៉ាសិទ្ធ បានបន្តថា “ ការដឹកជញ្ជូនលើផ្លូវ មេប ថាភុត - គុនមិង នឹងប្រើពេលពី ៣ ទៅ ៤ ថ្ងៃ, មេប ថាភុត - ចុងគីង ត្រូវប្រើពេល ៤ ទៅ ៥ ថ្ងៃ ហើយ មេប ថាភុត-ក្វាងចូវ ត្រូវប្រើពេល ៥ ទៅ ៦ ថ្ងៃ” ។

លោក តេរ៉ាផុង តេឆាសាធៀន ( Teerapong Techasathien) នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្លូវសូត្រឆ្លងកាត់អាស៊ី ( Pan-Asia Silk Road) បាននិយាយថា ក្រុមហ៊ុនកំពុងសហការជាមួយដៃគូក្នុងប្រទេសថៃ និងក្រៅប្រទេស ដូចជាប្រទេសចិន ឡាវ ម៉ាឡេស៊ី និងកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងទទួលបានទំនុកចិត្តក្នុងចំណោមអតិថិជន”។

លោកបានបន្តថា ក្រុមហ៊ុនមានគោលបំណងពង្រីកសេវាដឹកជញ្ជូនផ្លូវដែករបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី និងអឺរ៉ុបផងដែរ៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


តើវៀតណាមត្រូវគិតគូរធ្វើអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យអចលនទ្រព្យដែលកំពុងធ្លាក់ចុះ?

នៅចំពោះមុខនៃបរិយាកាសអាប់អួរនៃវិស័យសំណង់និងអចលនទ្រព្យរបស់វៀតណាមពេលបច្ចុប្បន្ននេះ ក្រុមអ្នកជំនាញនៅក្នុងវិស័យនេះបានផ្ដល់នូវអនុសាសន៍ថា អ្វ…

រុស្ស៊ីព្រមានកូរ៉េខាងត្បូងទុកជាមុន បន្ទាប់ពីទីក្រុងសេអ៊ូលពិចារណាផ្ដល់អាវុធឱ្យអ៊ុយក្រែន

ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ បានបញ្ចេញសារព្រមានចំៗ ទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលបានបង្ហាញជំហរថា ក្នុងករណីចាំបាច់ ខ្លួននឹងផ្តល់សព្វាវុធឱ្យប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ