ទោះបី កំពុងជួបវិបត្តិខ្វះខាតប្រេងក៏ដោយ ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឡាវថ្មីៗនេះ ក៏ទើបតែបានចេញមុខប្រកាសធានាអះអាងក្ដែងៗរួចហើយថា រដ្ឋាភិបាលនឹងនៅតែអាចមានសមត្ថភាពផ្គត់ផ្គង់ប្រេងបានគ្រប់គ្រាន់សម្រាប់អ្នកបើកបរយាន្ដជំនិះនៅទូទាំងប្រទេស សម្រាប់រយៈពេល៣ខែទៀត។
ឧបនាយករដ្ឋមន្ត្រីឡាវ លោក ស៊ុនសៃ ស៊ីផានដន (Sonexay Siphandon) បាននិយាយនៅក្នុងកិច្ចប្រជុំសភាជាតិឡាវថា រដ្ឋាភិបាលបានបែងចែកនូវកញ្ចប់ថវិកាទុករួចហើយប្រមាណជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហានៅក្នុងឧស្សាហកម្មប្រេងឥន្ធនៈ ដែលប្រទេសនេះ កំពុងជួបប្រទះទាក់ទងនឹងការខ្វះខាតប្រេងសម្រាប់ប្រើប្រាស់។
ដើម្បីដោះស្រាយបញ្ហាខ្វះខាតប្រេងនេះដែរ រដ្ឋាភិបាលឡាវនៅក្នុងខែមិថុនា បាននាំចូលប្រេងប្រមាណ ៦០លានលីត្រហើយ ដោយក្នុងនោះ មាន៧៥% គឺជាប្រេងម៉ាស៊ូត ខណៈដែលក្រសួងសេដ្ឋកិច្ចក៏ទើបតែបានផ្ដល់ថវិកា១០លានដុល្លារបន្ថែមទៀត ដើម្បីបន្ដទិញប្រេងផងដែរ។
បើតាមលោក ស៊ុនសៃ ប្រទេសឡាវ គឺមានការនាំចូលប្រេងទាំងស្រុង និងមានប្រើប្រាស់ជាមធ្យមពីចន្លោះ១០០ ទៅ១២០លានលីត្រក្នុងមួយខែៗ ហើយបើគិតជាឆ្នាំ គឺមួយឆ្នាំមានការប្រើប្រាស់ប្រេងដល់ទៅ ១ពាន់២រយលានលីត្រឯណោះ។
ក៏ប៉ុន្ដែ កាសែត The Vientaine Times ដែលបានស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ឡាវ Phankham Viphavanh បានឲ្យដឹងថា បើផ្អែកលើទិន្នន័យពីប្រទេសជិតខាង ដែលជាអ្នកផ្គត់ផ្គង់ប្រេងមកកាន់ប្រទេសឡាវវិញ បង្ហាញឲ្យឃើញថា ឡាវបាននាំចូលប្រេងដល់ទៅ១ពាន់៩រយលានលីត្រឯណោះក្នុងមួយឆ្នាំ គឺលើសពីតួលេខកត់ត្រាដោយរដ្ឋាភិបាល ដល់ទៅ៧០០លានលីត្រ។ បើតាមនាយករដ្ឋមន្ត្រីឡាវ ប្រេងទាំង៧០០លានលីត្រនេះ គឺត្រូវបានឈ្មួញទុច្ចរិតនាំចូលគេចពន្ធមកកាន់ប្រទេសឡាវដោយខុសច្បាប់។
លោក Phankham នាយករដ្ឋមន្ត្រីឡាវ ក៏បាននិយាយចំៗថា បញ្ហានេះ គឺបង្ហាញឲ្យច្បាស់ណាស់ គឺថាមន្ត្រីពុករលួយបាននិងកំពុងឃុបឃិតគ្នាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតពីផលប៉ះពាល់ដល់ប្រទេសជាតិនោះទេ។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្ដីបន្ទោសទៀតថា រឿងបែបនេះ កើតឡើងក៏ដោយសារតែការគ្រប់គ្រងរបស់រដ្ឋាភិបាលទន់ខ្សោយ ប៉ុន្ដែ លោកថា រដ្ឋាភិបាលនឹងបន្ដតាមដានឲ្យបានយ៉ាងម៉ត់ចត់បំផុតចំពោះអ្នកនាំចូលប្រេង ហើយសហគ្រាសរដ្ឋ ដែលពាក់ព័ន្ធនឹងការនាំចូលនេះ នឹងត្រូវកែទម្រង់ឡើងវិញផងដែរ។
ប្រទេសឡាវ ត្រូវបានគេដឹងថា មានការនាំចូលប្រេងភាគច្រើនបំផុតមកពីប្រទេសថៃ និងវៀតណាម។
សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីឡាវ លោក ស៊ុនសៃ ស៊ីផាដន បានអះអាងថា រដ្ឋាភិបាលបានបើកឲ្យមានការផ្ដល់ឥណទានប្រមាណ ២០០លានដុល្លារ សម្រាប់សហគ្រាសប្រេងរដ្ឋរបស់ឡាវ ដើម្បីទិញប្រេង២០០លានលីត្រ ដែលអាចគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងរយៈពេល២ ទៅ៣ខែ ខាងមុខនេះ៕