ថៃគ្រោងចរចាទិញជីកសិកម្មពីអារ៉ាប៊ីសាអ៊ូឌីត

ថៃគ្រោងចរចាទិញជីកសិកម្មពីអារ៉ាប៊ីសាអ៊ូឌីត ខណៈកំពុងប្រឈមវិបត្តិខ្វះជី និងតម្លៃកើនខ្ពស់


ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មរបស់ប្រទេសថៃគ្រោងនឹងធ្វើដំណើរទៅចរចាជាមួយក្រុមអ្នកផ្គត់ផ្គង់ជីកសិកម្មនៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទិញជីពីប្រទេសមជ្ឈិមបូព៌ាមួយនេះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នៅចំពេលដែល ប្រទេសក្បែរខាងកម្ពុជាមួយនេះ កំពុងជួបវិបត្តិជីកសិកម្មឡើងថ្លៃខ្ពស់ និងកំពុងខ្វះខាតសម្រាប់ការប្រើប្រាស់ផងដែរ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bangkok Post។
ថៃគ្រោងចរចាទិញជីកសិកម្មពីអារ៉ាប៊ីសាអ៊ូឌីត ខណៈកំពុងប្រឈមវិបត្តិខ្វះជី និងតម្លៃកើនខ្ពស់

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ​លោក ជូ​រី​ន ឡាក់​សា​ណា​វី​សិត (Jurin Laksanawisit) បាន​និយាយ​ថា ថ្មី​ៗ​នេះ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អា​រ៉ា​ប៊ី​សា​អូឌីត​បន្ថែមចំនួន​២​ទៀត​លក់​ផលិតផល​ជី​កសិកម្ម​ទៅ​ឱ្យ​ប្រទេស​ថៃ ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជី​ដល់​ប្រទេស​ថៃ តែ​មួយ​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន Saudi Basic Industries Corporation ឬ​ហៅ​ថា SABIC​។

ក្រុមហ៊ុន​ថ្មី​ទាំង​២​នេះ​គឺ​ក្រុមហ៊ុន MA'ADEN ឬ​ហៅ​ថា ក្រុមហ៊ុន Saudi Arabian Mining Co និង​ក្រុមហ៊ុន ACO Group ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Alim Investment Co.​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​និយាយ​ថា នាយកដ្ឋាន​លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ​ថៃ​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ផ្គូផ្គង​អាជីវកម្ម​រវាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជី​អា​រ៉ា​ប៊ី​សា​អូឌីត​ឈានមុខ​គេ​ចំនួន​៣ និង​ក្រុមហ៊ុន​នាំ​ចូល​ជី​របស់​ថៃ​នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា​ដោយ​អនុញ្ញាត​ឱ្យ​ពាណិជ្ជករ​ថៃ​អាច​ចរចា​ទិញ​ជី​ពី​ក្រុមហ៊ុន​ទាំង​៣​នោះ​។

លោក​បាន​បន្ត​ថា ការ​ចរចា​នេះ​អាច​ជួយ​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ជី​គ្រប់គ្រាន់​សម្រាប់​ប្រទេស​ថៃ​ក្នុង​តម្លៃ​មួយ​សមរម្យ​ជាង​មុន​។ លោក​បាន​បន្ថែម​ថា តាម​តួលេខ​របស់​សភាពាណិជ្ជកម្ម​ថៃ និង​សមាគម​អ្នក​ផលិត​និង​ពាណិជ្ជកម្ម​ជី​របស់​ប្រទេស​ថៃ​បាន​បង្ហាញ​ថា តម្រូវការ​ជី​សរុប​របស់​ថៃ​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​ប្រហែល​ជាង ៨០​ម៉ឺន​តោន រួម​មាន​ជីអ៊ុយរ៉េ​ចំនួន ៥៩ ម៉ឺន​តោន ជី​ផូ​ហ្វា​ត ជាង ១៩​ម៉ឺន​តោន និង​ជី​ប៉ូ​តា​ត្យូ​ម (potassium) ចំនួន ២​ម៉ឺន​៥​ពាន់​តោន​។

ប្រទេស​ថៃ គឺជា​អ្នក​នាំ​ចេញ​ជី​ដ៏​សំខាន់​មួយ ប៉ុន្តែ​ប្រទេស​នេះ​ត្រូវការ​ជី​ប្រហែល​ជាង ៥ លាន​តោន​ក្នុង​មួយ​ឆ្នាំ​ៗ​ដោយ​នាំ​ចូល​មក​ពី​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា ចិន កា​ណា​ដា និង​រុ​ស្ស៊ី ខណៈ​ដែល​ផលិតកម្ម​ជី​របស់​ថៃ​អាច​បំពេញតម្រូវការ​ក្នុងស្រុក​បាន​តែ ៨% តែ​ប៉ុណ្ណោះ​។

ដោយសារ​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះ​ឡើង​ធ្វើ​ឱ្យ​ថ្លៃដើម​ផលិតកម្ម​កើនឡើង​នោះ កាលពី​ថ្ងៃ​ទី​១៨ ខែមីនា នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​ថៃ​បាន​ផ្តល់​ការ​យល់ព្រម​ដល់​ពាណិជ្ជករ និង​អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក​ឱ្យ​ដំឡើង​តម្លៃ​ជី ដោយ​ផ្អែក​តាម​ករណី​សិក្សា​ជាក់ស្ដែង​។

នាយកដ្ឋាន​នេះ​ក៏​បាន​ស្នើ​សុំ​កិច្ចសហការ​ពី​សមាគម​ជី​ដើម្បី​ជួយ​ត្រួតពិនិត្យ​សមាជិក​របស់​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​កេង​ចំណេញ ឬ​ស្តុក​ទុក ហើយ​ក៏​បាន​គំរាម​ដក​អាជ្ញាប័ណ្ណ​ចែកចាយ និង​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​អ្នក​ដែល​កេង​ចំណេញ​ឱកាស​ដោយ​ធ្វើការ​ដំឡើង​តម្លៃ​ផង​ដែរ​។

មិនតែប៉ុណ្ណោះ​នាយកដ្ឋាន​នេះ​ក៏​បាន​ស្នើ​សុំ​កិច្ចសហការ​ពី​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ទូ​ទាំង​ប្រទេស​ដើម្បី​ជួយ​ពិនិត្យ តាមដាន និង​ត្រួតពិនិត្យ​ការ​ចែកចាយ​ជី​នៅ​តាម​តំបន់​រៀង​ៗ​ខ្លួន​ផង​ដែរ​។

សូម​បញ្ជាក់​ថា សម្រាប់​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ថៃ និង​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​ជាង ២​ពាន់ ៦​រយ​លាន​ដុល្លារ ពោល​គឺ​បាន​កើនឡើង​ប្រមាណ​៥៣% ធៀប​នឹង​ឆ្នាំ​មុន​។ ក្នុង​ចំណោម​ទឹកប្រាក់​សរុប​នេះ​គឺ​ការ​នាំ​ចេញពី​ប្រទេស​ថៃ​បាន​កើនឡើង ជាង​១៩% ហើយ​ការ​នាំ​ចូល​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​មានការ​កើនឡើង​ជាង ៦៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដ្ឋានសំណង់នៃគម្រោងដឹស្តា មេរាហ្កាដិន ផ្លូវ50ម៉ែត្រ លេចរូបរាងកាន់តែមានភាពទាក់ទាញ

ព័ត៌មាន
គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏លេចធ្លោមួយរបស់បុរី ប៉េង ហួត គឺដឹស្តា មេរាហ្កាដិន ត្រូវបានគេមើលឃើញថាជាគម្រោងដ៏ឈានមុខគេមួយនៅតាមបណ្ដោយផ្…

រដ្ឋាភិបាលឡាវបែងចែកថវិកាជាង ១០០លានដុល្លារ ដោះស្រាយវិបត្តិខ្វះប្រេងឥន្ធនៈ

ព័ត៌មាន
រដ្ឋាភិបាលឡាវបានបែងចែកថវិកាកញ្ចប់ថវិកាប្រមាណជាង១០០លានដុល្លារ សម្រាប់ក្រុមហ៊ុនប្រេងក្នុងស្រុក ដើម្បីបញ្ជាទិញប្រេងពីក្រៅប្រទេស នៅចំពេលដែលប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ