ការដេញថ្លៃប្រាក់ដុល្លារអាមេរិក

ធនាគារជាតិបន្ដដាក់ឲ្យមានការដេញថ្លៃប្រាក់ដុល្លារអាមេរិកកាន់តែច្រើន តើវានឹងជួយអ្វីខ្លះសម្រាប់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច?


នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្ដបញ្ចេញប្រាក់ដុល្លារអាមេរិក សម្រាប់ដាក់ឲ្យការដេញថ្លៃជាបន្ដបន្ទាប់ ដោយនៅក្នុងខែកញ្ញានេះ ធនាគារជាតិត្រៀមបញ្ចេញប្រាក់ដុល្លារអាមេរិក ១០០លានដុល្លារ សម្រាប់ដាក់ឲ្យមានការដេញថ្លៃ។ ជាក់ស្ដែង នៅថ្ងៃទី ២៣ ខែកញ្ញា ប្រាក់ដុល្លារចំនួន៤០លានបន្ថែមទៀត នឹងត្រូវបានដាក់ឲ្យដេញថ្លៃ។ តើហេតុអ្វីក៏ធនាគារជាតិ ដាក់ឲ្យមានការដេញថ្លៃប្រាក់ដុល្លារកាន់តែច្រើនឡើងយ៉ាងដូច្នេះ?
ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្ដបញ្ចេញប្រាក់ដុល្លារអាមេរិក សម្រាប់ដាក់ឲ្យការដេញថ្លៃជាបន្ដបន្ទាប់ ដោយនៅក្នុងខែកញ្ញា

ថ្នាក់ដឹកនាំ​ធនាគារជាតិ និង​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ អះអាង​ថា ការ​ដាក់​ឲ្យ​ថ្លៃ​ប្រាក់​ដុល្លារ​របស់ ធនាគារជាតិ​នេះ ជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ការ​រក្សា​តម្លៃ​ប្រាក់​រៀល និង​បង្កើន​ទំនុកចិត្ត​ដល់​អ្នក​រកស៊ី និង​វិនិយោគិន​លើ​រូបិយ​វត្ថុ​ជាតិ​។ លើស​ពី​នេះ វា​ជា​យន្ត​ដ៏​មាន​សារសំខាន់​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ នេះ​។

លោក​ជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គ​នាយិកា​បច្ចេកទេស នៃ​ធនាគារជាតិ នៃ​កម្ពុជា​បាន​បញ្ជ​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ការ​ដេញថ្លៃ​លក់ និង​ទិញ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក គឺជា​ប្រតិបត្តិការ​ទូទៅ​របស់​ធនាគារកណ្តាល ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​តម្រូវការ និង​ការ​ផ្គត់ផ្គង់​រូបិយប័ណ្ណ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​ប្តូរ​ប្រាក់​។ សម្រាប់​លោក​ជំទាវ ការ​ធ្វើ​អន្តរាគមន៍​ទិញ​-​លក់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក គឺជា​យន្តការ​ទីផ្សារ​មួយ ដែល​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​រក្សា​អត្រា​ប្ដូរ​ប្រាក់​ឱ្យ​មាន​ស្ថិរភាព ឬ​រក្សា​តម្លៃ​ប្រាក់​រៀល ដែល​រួមចំណែក​ដោយ​ផ្ទាល់​ក្នុង​ការ​ការពារ​អំណាច​ទិញ​របស់​ប្រាក់​រៀល ដែល​ជា​ចំណូល​របស់​ជន​ទូទៅ ជា​ពិសេស​ប្រជា​កសិករ​និង​ប្រជាជន ដែល​មាន​ចំណូល​ទាប​។

លោក​ជំទាវ ជា សិរី បន្ថែម​ថា​៖«​ការ​ប្រែប្រួល​ថ្លៃ​រូបិយ​បណ្ណ ក៏​កើតឡើង​ផង​ដែរ នៅ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​លើ​រូបិយប័ណ្ណ​ប្រទេស​ធំ​ៗ​ក្នុង​គ្រា​មាន​វិបត្តិ ដែល​បញ្ហា​នេះ​ជា​រឿង​ធម្មតា នៅ​ពេល​ដែល​សេដ្ឋកិច្ច​មានការ​ប៉ះទង្គិច ហើយ​រដ្ឋាភិបាល និង​ធនាគារកណ្តាល​បាន​ដាក់​ចេញ​នូវ​នយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នានា ដើម្បី​គ្រប់គ្រង​វិបត្តិ និង​ការ​ស្ដារ​សេដ្ឋកិច្ច​»​។

លោក​ជំទាវ​បាន​បន្ថែម​ថា នៅ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មកនេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រក្សា​ស្ថិរភាព​តម្លៃ​ប្រាក់​រៀល​បាន​យ៉ាង​ល្អ​ប្រសើរ​។ ជា​លទ្ធផល ស្ថិរភាព​ប្រាក់​រៀល​បាន​ជួយ​រក្សា​អំណាច​ទិញ​របស់​ប្រាក់​រៀល​, ពង្រឹង​ជំនឿ​ទុកចិត្ត ព្រមទាំង​លើកទឹកចិត្ត​សាធារណជន​ឱ្យ​ប្រើប្រាស់ និង​សន្សំ​ជា​ប្រាក់​រៀល ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​នៃ​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ចីរភាព​។

ទាក់ទង​នឹង​ការ​ដាក់​ឲ្យ​មានការ​ដេញថ្លៃ​ប្រាក់​ដុល្លារ​នេះ​ដែរ លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​វិធានការ​ដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ប្រមូលប្រាក់​រៀល​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ គាំទ្រ​ក៏​ដោយសារ​លោក​បណ្ឌិត​យល់​ថា នេះ​ជា​វិធានការ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​រក្សា​តុល្យភាព​តម្លៃ​ប្រាក់​រៀល​និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។ លើស​ពី​នេះ វា​នឹង​ធ្វើ​ឲ្យ​ប្រាក់​រៀល​កាន់តែ​មាន​តម្លៃ​ដែល​អាច​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​អ្នក​រកស៊ី​មាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់​លើ​រូបិយ​វត្ថុ​កម្ពុជា​។ 

ជាមួយ​គ្នា​នេះ លោក ផល វ៉ា​ន់​ឌី ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​យល់​ឃើញ​ថា ការ​ដាក់​ចេញ​វិធានការ​ដេញថ្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​របស់​ធនាគារជាតិ មិន​ត្រឹមតែ​ជួយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​តម្លៃ​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​រក្សា​តម្លៃ​អត្រា​ប្តូរ​ប្រាក់​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​ឆ្លើយ​តប​ដ៏​សំខាន់​ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​បរិបទ​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-១៩ ទៀត​ផង​។ លោក​បន្ថែម​ថា ការ​ដាក់​ចេញ​វិធាន​របស់​ធនាគារជាតិ​នេះ វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​ប្រាក់​រៀល​ដែល​កំពុង​មាន​ទីផ្សារ​ល្អ កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​។

គួរ​បញ្ជាក់​ថា ធនាគារជាតិ នៃ​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​ប្រមូលប្រាក់​រៀល តាម​រយៈ​ការ​បញ្ចេញ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ដាក់​ឲ្យ​គ្រឹះស្ថាន​ធនាគារ មីក្រូហិរញ្ញវត្ថុ និង​អាជីវករ​រកស៊ី​ប្តូរ​ប្រាក់​ដែល​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ដេញថ្លៃ​ជា​បន្តបន្ទាប់​។ សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១៦ ខែកញ្ញា​ធនាគារជាតិ​បាន​ប្រកាស​ថា នឹង​ធ្វើការ​ដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​ចំនួន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ខែកញ្ញា​នេះ ខណៈ​ដែល​កន្លង​មកនេះ ធនាគារជាតិ​បាន​បញ្ចេញ​ប្រាក់​ដុល្លារ​សម្រាប់​ការ​ដេញថ្លៃ​ជា​បន្ដបន្ទាប់ ហើយ​នៅ​ថ្ងៃ​ទី ២៣ ខែកញ្ញា​នឹង​បន្ដ​បញ្ចេញ​ទឹកប្រាក់ ៤០​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​។ បច្ចុប្បន្ន​អត្រា​ប្តូរ​ប្រាក់​១​ដុល្លារ​អា​មេ​រិ​ក​មាន​តម្លៃ​ក្នុង​រង្វង់​៤.១០០​រៀល​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋបាលខេត្តកំពត កំពុងសិក្សាគម្រោងពង្រីក និងកែលម្អឆ្នេរព្រែកថ្មី ដើម្បីស្រូបទាញភ្ញៀវទេសចរកាន់តែច្រើន

ព័ត៌មាន
ក្នុងបរិបទកូវីដ-១៩ ខេត្តកំពត ក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោរបំផុតមួយរបស់កម្ពុជា ដោយមានទេសចរទៅកម្សាន្តច្រើនជាងគេ។ ជាក់ស្ដែង បើតាមរបាយកា…

ជម្លោះរឿងទិញនាវាមុជទឹក៖ អឺរ៉ុបចេញមុខមុនគេគាំទ្រជំហររបស់បារាំង

ព័ត៌មាន
អឺរ៉ុបបានចេញមុខមុនគេ មកគាំទ្រប្រទេសបារាំង ក្នុងការតតាំងជាមួយសម្ព័ន្ធ AUKUS ជុំវិញនឹងភាពចម្រូងចម្រាស់រឿងកិច្ចសន្យាទិញនាវាមុជទឹក ក្រោយអូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ